COVID-19
អន្តរជាតិ
ករណី​ឆ្លង COVID-19 សរុប​នៅ​ឥណ្ឌា ឡើងដល់​ជាង ២​លាន​ករណី​
07, Aug 2020 , 4:11 pm        
រូបភាព
​ឥណ្ឌា នៅ​ថ្ងៃទី​៧ ខែសីហា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​COVID-19 សរុប​លើសពី ២​លាន​ករណី​។ តាម​ការប៉ាន់ប្រមាណរ​បស់​អ្នកជំនាញ ឥណ្ឌា​នឹងមាន​ការកើនឡើង​ករ​ណី​ឆ្លង​បន្ថែមទៀត​។


​តាម​តួលេខ​របស់​ក្រសួងសុខាភិបាល ឥណ្ឌា នៅ​ថ្ងៃទី​៧ ខែសីហា ករណី​ឆ្លង COVID-19 ថ្មី​មាន​ចំនួន ៤៥៩២​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៣៥​នាក់​។ តួលេខ​សរុប COVID-19 របស់​ឥណ្ឌា បាន​កើន​ឡើងដល់ ២,០៣​លាន​នាក់ និង​អ្នកស្លាប់​ជាង ៤​ម៉ឺន​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ១,៣៧​លាន​នាក់​។ 
 
​តួលេខ​ករណី​ឆ្លង​សរុប​នេះ ធ្វើ​ឲ្យ​ឥណ្ឌា​នៅតែ​បន្ត​ឈរ​នៅ​លំដាប់​ទី​៣ នៃ​ប្រទេស​មាន COVID-19 ច្រើនជាងគេ បន្ទាប់ពី​អាមេរិក ដែលមាន​ជាង ៥​លាន​ករណី និង​ប្រ​ស៊ី​ល ដែលមាន​ជិត​៣​លាន​ករណី​។ 
 
​បើតាម​អ្នកជំនាញ​ឥណ្ឌា តួលេខ​អ្នក​ឆ្លង និង​ស្លាប់​នៅ​ឥណ្ឌា អាច​នឹងមាន​ច្រើនជាង​ចំនួន​បច្ចុប្បន្ន​ទៅទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ ជា​ប្រទេស ដែលមាន​ប្រជាជន​ច្រើន​លំដាប់​ទី​២ ឥណ្ឌា​ត្រូវបាន​គេ​មើលឃើញថា មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ និង​មាន​ប្រជាជន​រស់នៅ​ណែនណាន់តាន់តាប់​។ ចំណែក​នៅ​តំបន់​ដាច់ស្រយាល និង​ទីក្រុង​តូចៗ​ខ្លះ ប្រជាជន​ឥណ្ឌា មិន​គោរព​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល មិន​រក្សា​គម្លាត ឬ​ពាក់​ម៉ាស់​អ្វី​ឡើយ​។ បញ្ហា​នេះហើយ អាចធ្វើ​ករណី​ឆ្លង​COVID-19 នៅ​ឥណ្ឌា​កាន់តែ​កើនឡើង​ជា​មុខ​។ 
​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត COVID-19 ឥណ្ឌា បាន​បិទ​តំបន់​មួយចំនួន​ជាថ្មី​។ រដ្ឋ Assam របស់​ឥណ្ឌា នៅ​ថ្ងៃទី​៥ ខែសីហា បានចាប់ផ្តើម​បិទ​ក្រុង​ចំនួន​២ ដែល​ស្ថិតនៅ​ភាគ​ខាងកើត ជិត​ព្រំដែន​ចិន រហូតដល់​ថ្ងៃទី​១២ ខែសីហា​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com