ជាតិ
ទេពកោសល្យ​! ខន ឆ​វ័ន អាយុ​១៥​ឆ្នាំ គូររូប​គំនូរ Doodle បែប​វប្បធម៌​បាន​យ៉ាង​ល្អ​
07, Aug 2020 , 4:38 pm        
រូបភាព
​គំនូរ Doodle ជា​សិល្បៈ​នៃ​គំនូស​អក្សរ​អមដោយ​ក្បូរ​ក្បាច់លំអរ​បែប​វប្បធម៌​ទៅតាម​ជាតិ​នីមួយៗ​។ ដោយ​ក្តី​ស្រឡាញ់ និង​មាន​ទេពកោសល្យ​ផ្នែក​គំនូរ យុវជន ខន ឆ​វ័ន ដែល​រស់នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប អាច​គូរគំនូរ​ប្រភេទ​នេះ បាន​យ៉ាង​ទាក់ទាញ បើទោះបីជា​មិនបាន​ឆ្លងកាត់​ការសិក្សា​ផ្ទាល់​ពី​គ្រូ​ជំនាញ​ណាក៏ដោយ​។​

 
​ជា​សិស្ស​ថ្នាក់​ទី​១០​នៅ​វិទ្យាល័យ​ក្រឡាញ់ ខន ឆ​វ័ន តែងតែ​ប្រើប្រាស់​ពេលទំនេរ​ដើម្បី​គូររូប Doodle បែប​វប្បធម៌ ហើយក៏​ផ្នែក​មួយ​នៃ​ប្រាក់ចំណូល​ដ៏​ស្តួចស្តើង​របស់​យុវជន​វ័យ​១៥​ឆ្នាំ​រូបនេះ​ផងដែរ​។ «​ខ្ញុំ​គូរគំនូរ​បែប Doodle នេះ​ជិត​១​ឆ្នាំ​ហើយ ដោយ​បច្ចុប្បន្ន​សម្រេចបាន​ជាង​៨០​រូប​»​។ នេះ​ជាការ​អះអាង​របស់​ឆ​វ័ន មកកាន់​សារព័ត៌មាន ThmeyThmey​។​


 
​ថ្វី​ដ្បិត​មិនមាន​គ្រូបង្រៀន ប៉ុន្តែ​យុវជន ឆ​វ័ន ក៏​មិនមែន​ចេះ​ជំនាញ​នេះ​ដោយ​ឯកឯង​នោះឡើយ ដោយ​គេ​បាន​សម្រួច​ជំនាញ​របស់ខ្លួន តាមរយៈ​ការស្រាវជ្រាវ​ក្នុង​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត រីឯ​មនុស្ស​ឆ​វ័ន​យក​គំរូ​តាម​នោះ គឺ​លោក កុយ វិសុទ្ធ ដែលមាន​រហស្សនាម​ថា «​វិសុទ្ធ​កវី​»​។ ស្នាដៃ​របស់លោក កុយ វិសុទ្ធ ក៏មាន​ការទទួលស្គាល់​ជា​អន្តរជាតិ​ផងដែរ​។​
 
​កើត​នៅ​ខេត្តបន្ទាយមានជ័យ តែ​យុវជន ឆ​វ័ន បាន​ប្តូរ​ទៅ​រស់នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ជាមួយ​ឪពុក​តាំងពី​ឆ្នាំ​២០១៦​មក​។ ដោយមាន​ឧបនិស្ស័យ​ផ្នែក​គំនូរ ឆ​វ័ន​បានចាប់ផ្តើម​គូរ​តាម​ការបង្ហាត់បង្ហាញ​នៅលើ​អ៊ី​ន​ធ័​រ​ណិ​ត​ដោយ​បញ្ចូល​ជាមួយ​អក្សរ​ឈ្មោះ​របស់ខ្លួន​។ នៅពេល​គូរ​ដំបូង យុវជន​រូបនេះ ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​មួយ​សប្តាហ៍​ដើម្បី​បាន​រូប​មួយ​សន្លឹក ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មួយថ្ងៃ ឆ​វ័ន អាច​គូរ​បាន​មួយ​សន្លឹក​។ 
 
​យុវជន​វ័យ​១៥​ឆ្នាំ​រូបនេះ បាន​ប្រាប់ ThmeyThmey តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិន​ចូលចិត្ត​គូររូប​មនុស្ស​ទេ ។ ខ្ញុំ​ចូលចិត្ត​គូរ​តែ​រូប​ដែល​ស្មុគស្មាញ​ច្រើនបែប​ហ្នឹង មើលទៅ​រស់​រវើក ហើយ​យក​រចនាបទ​ខ្មែរ​មក​លាយ​បញ្ចូល​គ្នា​»​។ 


 
​រូបគំនូរ​ប្រភេទ Doodle មិនទាន់​ពេញនិយម​ឡើយ​នៅ​កម្ពុជា តែមាន​ការគាំទ្រ​ដ៏​ផុសផុល​នៅក្រៅ​ប្រទេស​។ ឆ​វ័ន​ចង់​ឲ្យ​បរទេស​ស្គាល់​ស្នាដៃ​ខ្លួន ដើម្បី​បង្ហាញ​ពួកគេ​ឲ្យ​ដឹង​ពី​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​។ ជាមួយគ្នានេះ ឆ​វ័ន ស្វាគមន៍​ពលរដ្ឋ​ខ្មែរ​ទាំង​ដែល​ចង់​ឲ្យ​គេ​គូរ Doodle ដោយ​មួយ​សន្លឹក​តម្លៃ​២​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ថ្លៃ​សម្ភារ ក៏ដូចជា​ពេលវេលា​ដែល​គេ​ចំណាយ​៕
 



Tag:
 សិល្បៈ​
 ​គំនូរ​
 ​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com