ជាតិ
មន្ទីរ​បរិស្ថាន​ព្រះវិហារ ដាំ​កូនឈើ​ជាង​១.៣​ម៉ឺន​ដើម​នៅ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​
07, Aug 2020 , 11:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ដាំ​កូនឈើ​ចំនួន ១៣,២០០​ដើម នៅ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព លើ​ផ្ទៃដី​ប្រមាណ​៧​ហិកតា ដើម្បី​ស្ដារ​គម្រប​ព្រៃឈើ ដែល​រង​ការកាប់បំផ្លាញ​ខុសច្បាប់​កន្លងមក​។ នេះ​បើតាម​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​។​


​ការដាំ​កូនឈើ​នេះ ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​បរិ​សា្ថ​ន ក្នុង​គោលដៅ​ធ្វើយ៉ាងណា​បង្កើន​ធនធាន​ព្រៃឈើ​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ បន្ទាប់ពី​រង​ការកាប់​ទន្ទ្រាន​ខុសច្បាប់​។ លើសពីនេះ គឺ​ដើម្បី​បង្វែរ​ដីព្រៃ​ដែល​រិចរឹល​ឱ្យ​ក្លាយជា​ព្រៃ​ដែល​សម្បូរ​អនុផល​ព្រៃឈើ ហើយ​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​របស់​សមាជិក​សហគមន៍​ក្នុង​តំបន់​។​
 
​គួរបញ្ជាក់​ផងដែរ​ថា កន្លងមក ក្រសួងបរិស្ថាន រួម​នឹង​ដៃគូ​សហការ​ដូចជា អាជ្ញាធរ​ជាតិ​អប្សរា តែង​ផ្ដល់​កូនឈើ​ទៅដល់​មន្ទីរ​បរិស្ថាន​នៅតាម​បណ្ដា​ខេត្ត​នានា​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ បានផ្ដល់​កូនឈើ​ចម្រុះ​ចំនួន​៤​ពាន់​ដើម ដល់​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប យកមក​ដាំ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ខាងជើង​ស្ទឹងធំ តំបន់​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​៕
 
 

Tag:
 បរិស្ថាន​
  ដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com