ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សាច់ញាតិ​និង​យុវជន ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត សុំ​អន្តរាគមន៍​ដោះលែង​លោក រ៉ុង ឈុន
07, Aug 2020 , 5:59 pm        
រូបភាព
យុវជនពាក់អាវរូបលោក រ៉ុង ឈុន ស្ថិតនៅមុខស្ថានទូតអាមេរិក ពេលយកញត្តិទៅដាក់សុំកិច្ចអន្តរាគមន៍ឲ្យដោះលែងលោក រ៉ុង ឈុន (រូបពីទំព័រហ្វេសប៊ុក N1M)
យុវជនពាក់អាវរូបលោក រ៉ុង ឈុន ស្ថិតនៅមុខស្ថានទូតអាមេរិក ពេលយកញត្តិទៅដាក់សុំកិច្ចអន្តរាគមន៍ឲ្យដោះលែងលោក រ៉ុង ឈុន (រូបពីទំព័រហ្វេសប៊ុក N1M)
​ទោះ​រង​ការព្រមាន តែ​យុទ្ធនា​ការទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន មិន​ត្រូវបាន​បញ្ឈប់​ឡើយ​។ ក្រោយ​មិនអាច​ទៅ​ទាមទារ​នៅមុខ​តុលាការ​រាជធានី​ភ្នំពេញ ដោយសារតែ​អាជ្ញាធរ​រារាំង សាច់ញាតិ យុវជន និង ប្រជាពលរដ្ឋ​មួយចំនួន បាននាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅតាម​ស្ថានទូត​នៃ​ប្រទេស​ធំៗ ដូចជា ស្ថានទូត​អាមេរិក ស្ថានទូត​បារាំង និង ស្ថានទូត​សហភាព​អឺរ៉ុប ជាដើម នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ឲ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន។​



​ទាំង​សាច់ញាតិ ទាំង​ប្រជាពលរដ្ឋ​ទាំងនោះ ភាគច្រើន គឺ​ពាក់អាវ​ស ដែលមាន​រូបលោក រ៉ុង ឈុន​។ ពួកគេ មិនត្រូវ​បានអនុញ្ញាត ឲ្យ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឡើយ ក្នុង​ការយក​ញត្តិ​ទៅ​ដាក់​នៅតាម​ស្ថានទូត​។ ចេញពី​ស្ថានទូត​មួយ ទៅ​ស្ថានទូត​មួយ អាជ្ញាធរ តម្រូវ​ឲ្យ​ពួកគេ ជិះ​ម៉ូតូ​កង់​បី ដោយ​អាជ្ញាធរ សុខចិត្ត​ចេញថ្លៃ​ឲ្យ​។ អ្នកណា ដែលមាន​យានជំនិះ​ផ្ទាល់ខ្លួន ដូចជា ម៉ូតូ គឺអាច​ជិះ​យានជំនិះ​របស់ខ្លួន​។ 
 
​កម្លាំង​អាជ្ញាធរ បាន​នៅ​ជាមួយ​ពួកគេ ជាប់​ជានិច្ច​។ ពេល​ស្ថិត​នៅមុខ​ស្ថានទូត​បរទេស ក៏មាន​កម្លាំង​អាជ្ញាធរ ហើយ​នៅពេល​ពួកគេ ធ្វើដំណើរ​ដោយ​ម៉ូតូ​កង់​បី យក​ញត្តិ​ទៅ​ដា​ក់នៅ​ស្ថានទូត​បរទេស​ផ្សេងទៀត កម្លាំង​អាជ្ញាធរ ក៏​ជិះ​ម៉ូតូ​អម​តាម​ពួកគេ​ដែរ​។ 
 
«​ដោះលែង រ៉ុង ឈុន​! ដោះលែង​លោក រ៉ុង ឈុន​! ដោះលែង​លោកគ្រូ រ៉ុង ឈុន​»​។ នេះ​ជា​សម្រែក​របស់​សាច់ញាតិ​និង​ក្រុមយុវជន ពេល​នៅមុខ​ស្ថានទូត​បរទេស ហើយ​ពេលធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី ពួកគេ ក៏​នាំគ្នា​ស្រែក​ដូច្នេះ​ដែរ​។ 

យ៉ាងណា ក្នុងការដាក់ញត្តិនេះ ក្រុមយុវជននិងកម្លាំងអាជ្ញាធរ មិនបានប៉ះទង្គិចគ្នាឡើយ

កាលពីថ្ងៃទី៥ ខែសីហា ក្រុមយុវជននិងកម្លាំងអាជ្ញាធរ បានប៉ះទង្គិចគ្នា នៅម្តុំវត្តមហាមន្រ្តី ដែលបណ្តាលឲ្យយុវតី២នាក់រងរបួស។ ពេលនោះ ក្រុមយុវជន ធ្វើដំណើរដោយថ្មើរជើង ទៅដល់វត្តមហាមន្រ្តី ឆ្ពោះទៅតុលាការរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែង លោក រ៉ុង ឈុន។ តែពួកគេ មិនបានទៅដល់មុខតុលាការរាជធានីភ្នំពេញឡើយ ដោយត្រូវអាជ្ញាធរ រារាំង នៅត្រឹមវត្តមហាមន្រ្តី។ 
 
​លើសពីនេះ មាន​មនុស្ស​៤​នាក់ (​ស្រី​ម្នាក់​) ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​៤ ទី​៥ និង ទី​៦ ខែសីហា​។ ប៉ុន្តែ ក្នុងចំណោម​ពួកគេ មាន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ ត្រូវបាន​ដោះលែង​វិញ ខណៈ​បុរស​ទាំង​២​នាក់​ទៀត ត្រូវ​អាជ្ញាធរ បន្ត​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​បន្ថែម​។ 
 
​ក្រៅពីនេះ មាន​ព្រះសង្ឃ​មួយចំនួនទៀត ជា​សមាជិក​ក្រុមយុវជន​ខ្មែរ​ថាវរៈ និមន្ត​ពី​ខេត្តបាត់ដំបង បម្រុង​នឹងចូលរួម​ជាមួយ​សមាជិក​ផ្សេងទៀត​នៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ ដើម្បី​ទៅមុខ​តុលាការ​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន តែ​ត្រូវបាន​អាជ្ញាធរ ឃាត់​ព្រះកាយ​មួយរយៈ​ពេល​ខ្លី នៅ​វត្ត​បទុម​វ​តី កាលពី​ថ្ងៃទី​៥ ខែសីហា​។ ក្រោយមក ព្រះសង្ឃ​៨​អង្គ ដែល​ត្រូវ​ឃាត់​ព្រះកាយ ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចេញពី​វត្ត​បទុម​វ​តី ហើយ​អាជ្ញាធរ បាន​និមន្ត​ព្រះអង្គ ឲ្យ​ត្រឡប់​ទៅ​ខេត្តបាត់ដំបង​វិញ​។ 
 
​នៅ​ថ្ងៃទី​៣ ខែសីហា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ហើយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីណែនាំ ទៅកាន់​ក្រុមអ្នកតវ៉ា​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន​។​
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ព្រមាន​ថា ការប្រមូលផ្តុំ​គ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន គឺ​មិនមែនជា​ទង្វើ​ត្រឹម​ត្រូ​ម​តាមច្បាប់​ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ វា ជាការ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ «​ដែល​អាច​ប្រឈមមុខ​នឹង​ការ​ចោទ​កាន់​»  តាម​មាត្រា​៥២២​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ អ្នកនាំពាក្យ ចាត់ទុក​សកម្មភាពរ​បស់​ក្រុម​អ្នក​ទៅ​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា «​ខុសច្បាប់​» ហើយ​អំពាវនាវ​ឲ្យ​ពួកគេ បញ្ឈប់​ជាបន្ទាន់ «​មុននឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​»​។​
 
​ចំណែក​លោក ឃួ​ង ស្រេង ចាត់ទុក​សកម្មភាព​ជួបជុំ ហើយ​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ថា​បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រក្រតីភាព​សង្គម សណ្តាប់ធ្នាប់​សាធារណៈ ការធ្វើ​ចរាចរណ៍ និង ប្រាសចាក​ពី​គោលការណ៍​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី​។ លោក បន្តថា ទន្ទឹមនឹងនេះ សកម្មភាព​ប្រមូល​ផ្តុំគ្នា ក្នុងដំណាក់កាល​រីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ គឺ​ផ្ទុយ​ពី​វិធានការ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល​កម្ពុជា​។​
 
​ក្នុង​សេចក្តីណែនាំ​របស់ខ្លួន លោក​អភិបាល​រាជធានី​ភ្នំពេញ តម្រូវ​ថា រាល់​ការជួបជុំ​ឬ​ការប្រមូលផ្តុំ​ទាំងអស់ ត្រូវ​ជួន​ដំណឹង​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ លោក ព្រមាន​ថា រាល់​ការជួបជុំ​ឬ​ការប្រមូលផ្តុំ ដែល​គ្មាន​ការជូនដំណឹង «​ត្រូវ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​តាមច្បាប់​»​។​
 
​លោក រ៉ុង ឈុន ដែលជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជា​មេ​សហជីព និង ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា ត្រូវ​កម្លាំង​សមត្ថកិច្ច ទៅ​ចាប់​ដល់​គេហដ្ឋាន​របស់លោក ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​តុលាការ ចោទថា លោក បំភ្លៃ​ខុស​ការពិត​ពី​បញ្ហា​ព្រំដែន​។ បច្ចុប្បន្ន លោក កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។​
 
​តុលាការ ចាត់ទុក​បទល្មើស​រប​ស់លោក ថា​ជា​បទល្មើស​ជាក់ស្តែង​។ កាលពី​ថ្មីៗ​នេះ លោក រ៉ុង ឈុន បាន​ចុះទៅ​ដើរ​មើល​តាម​តំបន់​មួយចំនួន តាម​បណ្តោយ​ព្រំដែន ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ជួប​សំណេះសំណាល​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​។ ក្រោយមក លោក ក៏​ចេញ​សេចក្តីថ្លែងការណ៍ ក្នុងនាម​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប្រជាពលរដ្ឋ​មួយចំនួន បាន​បាត់បង់​ដីធ្លី ដោយសារតែ​អាជ្ញាធរ​វៀតណាម រំលោភ​យក ហើយ​ការបោះបង្គោល​ព្រំដែន​ខ្លះ គឺ​បាន​ឈានចូល​មក​ដី​ខ្មែរ​។​
 
​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​វិញ ដោយបាន​ច្រានចោល​ទាំងស្រុង ចំពោះ​ខ្លឹមសារ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក រ៉ុង ឈុន​។ គណៈកម្មាធិការ​កិច្ចការ​ព្រំដែន មើលឃើញថា សេចក្តីថ្លែងការណ៍​រប​ស់លោក រ៉ុង ឈុន គឺ​បំភ្លៃ​ខុស​ការពិត និង​មាន​ចេតនា​វាយប្រហារ​ដល់​កិច្ចការ​ផ្នែក​ព្រំដែន​របស់​រដ្ឋាភិបាល​។​
 
​ទាំង​អង្គការ​ជាតិ​និង​អង្គការ​អន្តរជាតិ​នានា ចេញ​មកជា​បន្តបន្ទាប់ អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទ​និង​ដោះលែង​លោក រ៉ុង ឈុន តែ​មិនទាន់​ទទួលបាន​លទ្ធផល​អ្វី​ឡើយ​៕
 
 

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com