​កាបូប​កំប្លោក សិប្បកម្ម​ចេញពី​ដៃ​ពលរដ្ឋ​ចំណាស់ៗ​នៅ​សៀមរាប​
ជាតិ
​កាបូប​កំប្លោក សិប្បកម្ម​ចេញពី​ដៃ​ពលរដ្ឋ​ចំណាស់ៗ​នៅ​សៀមរាប​
09, Aug 2020 , 10:39 am        
រូបភាព
ពលរដ្ឋដែលធ្វើកំប្លោកខេត្តសៀមរាប រូបភាពពីអ្នកនាងសាម៉ុន
ពលរដ្ឋដែលធ្វើកំប្លោកខេត្តសៀមរាប រូបភាពពីអ្នកនាងសាម៉ុន
​កាបូប​កំប្លោក រពាក់ និង​ផ្ដៅ ជា​សម្ភារ​ផលិត​ដោយ​ដៃ កំពុងមាន​ទីផ្សារ និង​ពេញនិយម​សម្រាប់​ជនបរទេស​។ ពលរដ្ឋ ដែល​ប្រក​បរបរ​ត្បាញ​កាបូប​ភាគច្រើន ជា​លោកយាយ​វ័យ​ចំណាស់ៗ រស់នៅ​ភូមិ​គោក​បេង ឃុំ​គោកចក ស្រុក​សៀមរាប ខេត្តសៀមរាប​។ ការងារ​ច្នៃ​កាបូប​កំប្លោក ជា​ប្រភព​ចំណូល​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។

 
​អ្នកនាង ព្រាម សាម៉ុន អ្នកប្រមូល​ទិញ​កាបូប​កំប្លោក បាន​ឲ្យ​ដឹងថា គោលបំណង​ក្នុងការ​បង្កើត​ការងារ​នេះ​ឡើង  ដ្បិតថា​អ្នកនាង​ស្រលាញ់​របស់​ខ្មែរ​ដែល​ធ្វើ​ដោយ​ដៃ និង​ចង់​រក្សា​មុខរបរ​ប្រពៃណី​របស់​បងប្អូន​នៅ​តំបន់​នេះ​។ ការប្រមូលទិញ និង​រក​សម្ភារ​ដើម ជូន​ពលរដ្ឋ​ចំណាស់ៗ វ័យ​ជាង ៦០​ឆ្នាំនេះ ជាការ​រួមចំណែក​អភិរក្ស និង​កែច្នៃ​ស្នាដៃ​ខ្មែរ​។ 


 
​អ្នកនាង សាម៉ុន ប្រាប់​សារព័ត៌មាន ThmeyThmey25 ដូច្នេះ​ថា​៖«​យាយៗ អ៊ុំៗ ដែល​ប្រក​បរបរ​ធ្វើ​ដោយ​ដៃ​ពីរ​ពាក់ ផ្ដៅ និង​កំប្លោក​នៅ​តំបន់​នេះ​ជិត ១០​ឆ្នាំ ប៉ុន្តែ​ទើបតែ ២​ឆ្នាំ​ចុង​ក្រោយនេះ ការគាំទ្រ​មាន​សន្ទុះ​ជាង​មុន ដោយ​ភាគច្រើន​ជា​ជនបរទេស​។ ការបង្កើត​គំនិត​នេះ​ឡើង ៥​ឆ្នាំ​មកហើយ ដើម្បី​ជួយ​បង្កើត​ការងារ​ដល់​មនុស្ស​ចាស់ និង​អ្នក​ដែល​មិនមាន​ការងារ​ធ្វើ​។ នេះ​ជាការ​រួមចំណែក​អភិរក្ស​មុខរបរ​មួយ​នេះ​ផងដែរ​។ ធម្មតា​រយៈពេល ២​ថ្ងៃ​ទើប​ពួកគាត់​អាច​ផលិត​កាបូប​បាន​មួយ​»​។ 
 
​ដោយសារ​ចិត្ត​ស្រឡាញ់ អ្នកនាង សាម៉ុន ជា​អ្នករក​វត្ថុធាតុដើម និង​ជា​អ្នកទទួល​ផលិតផល​សម្រេច​លក់​ទៅកាន់​ទីផ្សារ​។ កាបូប​មួយ អាច​ទទួលបាន​ប្រាក់​ពី ១៥​ដុល្លារ​ទៅ ១៨​ដុល្លារ​។ កាបូប​កំប្លោក មាន​ទីផ្សារ ចំពោះ​ជនបរទេស ចំណែក​ពលរដ្ឋ​ខ្មែរ​មិនសូវមាន​ការចាប់អារម្មណ៍​ខ្លាំង​នោះទេ ដោយ​គេ​គិតថា​របស់​ខ្មែរ​មានតម្លៃ​ខ្ពស់​។ នេះ​ជាការ​បន្ថែម​របស់​អ្នកនាង ព្រាម សាម៉ុន​៕


Tag:
 ​កាបូប​កំប្លោក
© រក្សាសិទ្ធិដោយ thmeythmey.com