ការ​ស្ទូចត្រី​កំសាន្ត​តាម​ដង​ទន្លេមេគង្គ ហាក់​កំពុង​ពេញនិយម
ជាតិ
ការ​ស្ទូចត្រី​កំសាន្ត​តាម​ដង​ទន្លេមេគង្គ ហាក់​កំពុង​ពេញនិយម
08, Aug 2020 , 10:29 pm        
រូបភាព
​សមាជិក​ក្រុម​អ្នក​ស្ទូចត្រី​កំសាន្ត​ម្នាក់ បាន​លើក​បង្ហាញ​ត្រី រូ​ហ៊ូ (Labeo rohita) មួយ​ក្បាល ដែល​គាត់​ស្ទូច​បាន​ពី​ទន្លេមេគង្គ​។ រូបភាព​៖ ឈុត ឈា​ណា​
​សមាជិក​ក្រុម​អ្នក​ស្ទូចត្រី​កំសាន្ត​ម្នាក់ បាន​លើក​បង្ហាញ​ត្រី រូ​ហ៊ូ (Labeo rohita) មួយ​ក្បាល ដែល​គាត់​ស្ទូច​បាន​ពី​ទន្លេមេគង្គ​។ រូបភាព​៖ ឈុត ឈា​ណា​
​ក្នុង​រូបភាព​ខាងលើនេះ គឺ​សមាជិក​ក្រុម​អ្នក​ស្ទូចត្រី​កំសាន្ត​ម្នាក់ បាន​លើក​បង្ហាញ​ត្រី រូ​ហ៊ូ (Labeo rohita) មួយ​ក្បាល ទម្ងន់​ប្រហែល ២​គីឡូក្រាម ដោយ​រីករាយ​។ ត្រី​នេះ គាត់​ស្ទូច​បាន​ពី​ទន្លេមេគង្គ ដែល​ស្ថិតនៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​។​

 
​គួរបញ្ជាក់​ផងដែរ​ថា ត្រី រូ​ហ៊ូ គឺជា​ប្រភេទ​ត្រី​នាំចូល​មកពី​ប្រទេស​ឥណ្ឌា សម្រាប់​ចិញ្ចឹម​ក្នុង​ស្រះ ឬ​ត្រពាំង ដូច​ត្រី​ទី​ឡា​ព្យ៉ា ដែរ​។ វា​មិនមែនជា​ត្រី​មាន​ដើមកំណើត​នៅក្នុង​ទន្លេមេគង្គ​ឡើយ​។ 
 
​បច្ចុប្បន្ននេះ ទំនោរ​នៃ​ការ​ស្ទូចត្រី​ដើម្បី​កំសាន្ត​នៅក្នុង​សង្គម​ខ្មែរ ហាក់​កំពុង​រីកដុះដាល​។ រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៅតាម​បណ្តោយ​ច្រាំងទន្លេ​មេគង្គ គេ​សង្កេតឃើញ​មាន​អ្នក​ដែល​ចូលចិត្ត​លំហែកាយ និង​បន្ធូរ​អារម្មណ៍​នឿយហត់​ពី​ការងារ ដោយ​ការ​ស្ទូចត្រី​កំសាន្ត​ជាច្រើន​នាក់​។ អ្នក​ទាំងនោះ មាន​ទាំង​ជនជាតិខ្មែរ និង​ជនបរទេស​។ ពួកគេ​ប្រដាប់​ទៅដោយ​ដងសន្ទូច​ទំនើបៗ ដែលមាន​តម្លៃ​ខ្ពស់  ចាប់ពី​ពីរ​គ្រឿង​រហូតដល់​ប្រាំ​គ្រឿងក្នុង​ម្នាក់ៗ​។ 
 
​ចំពោះ​នុយ​សម្រាប់​ស្ទូចត្រី​វិញ ពួកគេ​ប្រើ​នុយ​កែច្នៃ​ដោយ​ខ្លួនឯង ពី​ចំណី​មាន់​លាយ​ជាមួយ​ម្សៅ​ឆា និង​នំ​ពង​ទា​។ ជាទូទៅ ពួកគេ​ស្ទូច​បាន​ត្រី​ច្រកែង (Puntioplites spp.) ត្រី​កាហែ (Barbonymus spp.) និង​ត្រី​រៀល (Gymnostomus spp.)​។​ល​។ ក្រោយពី​ស្ទូច​បាន ភាគច្រើន​ពួកគេ​បង្កាត់ភ្លើង​អាំង ហើយ​ជួបជុំគ្នា​ពិសា​បាយ​យ៉ាង​សប្បាយរីករាយ នៅ​នឹង​មាត់ទន្លេ​មេគង្គ​នោះ​តែម្តង​។​
 
​ទន្លេមេគង្គ គឺជា​ជម្រក​នៃ​មច្ឆជាតិ​រាប់រយ​ប្រភេទ​។ ដូច្នេះ សូមមេត្តា​កុំ​បោះចោល​សំរាម​ចូលក្នុង​ទន្លេ​។ បើ​បរិស្ថាន​ទន្លេមេគង្គ​កខ្វក់ មច្ឆជាតិ​មិនអាច​រស់នៅ​បានឡើយ​។ សូមជួយ​ថែរក្សា​បរិស្ថាន​ទន្លេមេគង្គ​ទាំងអស់គ្នា ដើម្បី​ទាំងអស់គ្នា​។ សូម​ចុច​លើ​តំណ​ភ្ជាប់​ខាងក្រោម​នេះ ដើម្បី​ចូល​ទស្សនា​នូវ​សកម្មភាព​នៃ​ការ​ស្ទូចត្រី​កំសាន្ត https://youtu.be/Dbi6JIY9KtI

© រក្សាសិទ្ធិដោយ thmeythmey.com