សៀវភៅ​កំណត់ហេតុ​ក្មេងស្រី​ជនជាតិ​ជ្វី​ប ដែល​រត់គេច​ពី​ការសម្លាប់​របស់​របប​ណា​ហ្ស៊ី ត្រូវបាន​បោះពុម្ព​ជា​ភាសា​ខ្មែរ​
ជាតិ
សៀវភៅ​កំណត់ហេតុ​ក្មេងស្រី​ជនជាតិ​ជ្វី​ប ដែល​រត់គេច​ពី​ការសម្លាប់​របស់​របប​ណា​ហ្ស៊ី ត្រូវបាន​បោះពុម្ព​ជា​ភាសា​ខ្មែរ​
08, Aug 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ សៀវភៅ​កំណត់ហេតុ​របស់​ក្មេងស្រី​ម្នាក់​ឈ្មោះ អាន់ ហ្វ្រែ​ង័ ត្រូវបាន​អ្នកនិពន្ធ​ខ្មែរ បកប្រែ​ជា​ភាសា​ខ្មែរ និង​បោះពុម្ពផ្សាយ​ជា​សាធារណៈ​។ នេះ​ជាការ​បោះពុម្ព​លើក​ទី​២​ហើយ ដោយ​ការបោះពុម្ព​លើក​នេះ អ្នកបកប្រែ​បាន​បន្ថែម​ខ្លឹមសារ​មួយចំនួន​ដែល​មិនបាន​បោះពុម្ព​កន្លងមក​។ កញ្ញា សើ សា​យ្យា​ណា បច្ចុប្បន្ន​ជា​នាយករង​វិទ្យាស្ថាន​សន្ដិភាព​កម្ពុជា និង​ជា​អ្នកបកប្រែ​សៀវភៅ​នេះ​បាន​ចាប់អារម្មណ៍​ជាមួយ​សៀវភៅ​កំណត់ហេតុ​របស់​ក្មេងស្រី អាន់ ហ្វ្រែ​ង័ និង​ស្ងប់​ស្ងែ​ង​ពី​មនោ​ស​ញ្ជេ​ត​នា សេចក្ដីក្លាហាន និង​អាកប្បកិរិយា ដែល​ក្មេងស្រី​វ័យ​១៣​ឆ្នាំ​ទូទៅ​មិនអាច​ធ្វើទៅបាន​។ សៀវភៅ​ដ៏​ល្បីល្បាញ​នេះ ត្រូវបាន​បកប្រែ​ជាង​៧០​ភាសា និង​បាន​ចុះបញ្ជី​ជា​សៀវភៅ​ស្មារតី​ចងចាំ​របស់​ពិភពលោក​នៅ​អង្គការ​យូណេស្កូ​ផងដែរ​។​

 



​កញ្ញា សើ សា​យ្យា​ណា មានចិត្ត​បកប្រែ​សៀវភៅ​កំណត់ហេតុ​របស់​ក្មេងស្រី អាន់ ហ្វ្រែ​ង័ ជាខ្លាំង​ដោយសារ​វា​មាន​ស្ថានភាព​ដូច​ទៅនឹង​ស្ថានភាព​ដែល​កញ្ញា ពើបប្រទះ​ក្នុងអំឡុង​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។ កញ្ញា​បាន​រំ​ឮ​កថា នៅ​វ័យ​ប្រហាក់ប្រហែល​ក្មេងស្រី អាន់ ហ្រែ្វ​ង័ គឺ​អំឡុង​ឆ្នាំ​១៩៩០ នៅពេល​យប់​កញ្ញា​តែង​ឮស្នូរ​កាំភ្លើង និង​គ្រាប់ផ្លោង​ដែល​ទ័ពព្រៃ​ខ្មែរក្រហម​បាញ់​ប្រយុទ្ធ​ជាមួយ​ទាហាន​រដ្ឋាភិបាល ក្នុង​រាជធានី​ភ្នំពេញ​។ នៅពេលនោះ គ្រួសារ​របស់​កញ្ញា សើ សា​យ្យា​ណា បាន​ចុះទៅ​ពូន​ក្នុង​រណ្ដៅ​ត្រង់​សេ ដែល​ឪពុក​នាង​បាន​ជីក​នៅក្រោម​ផ្ទះ នៅ​ជាយក្រុង​ភ្នំពេញ​។ 
 
«​កំណត់ហេតុ​ដ៏​ពិសេស​អស្ចារ្យ​របស់ អាន់ ហ្វ្រែ​ង ត្រូវបាន​សរសេរ​នៅក្នុង​ស្កាក នៃ​ទីក្រុង​អាំ​ស្ទែ​ដាំ ជា​កន្លែង​ដែល​នាង​និង​គ្រួសារ​របស់​នាង​បាន​លាក់ខ្លួន​ពី​ពួក​ណា​ហ្ស៊ី អស់​រយៈពេល​ពីរ​ឆ្នាំ ហើយ​ស្នាដៃ​នេះ បានក្លាយ​ទៅជា​គម្ពី​បន្ទាល់​ជា​និរន្តរ៍​យ៉ាងសំខាន់​បំផុត​មួយ​របស់​ពិភពលោក​ចំពោះ​ស្មារតី​មនុស្ស​»​។ កញ្ញា សើ សា​យ្យា​ណា បន្ថែមថា នៅក្នុង​កំណែ​ថ្មី​នេះ សម្បូរ​ដោយ​វគ្គ​បទ​ជាច្រើន​ដែល​ត្រូវបាន​ឪពុក​របស់​នាង​ដកចេញ​កាលពី​ដំបូង​នោះ ដែល​ធ្វើឱ្យ​អ្នកអាន កាន់តែ​ស្គាល់​ច្បាស់​ពី​ក្មេងស្រី អាន់​។ 
 
​នៅក្នុង​សៀវភៅ​នេះ នាង​គឺជា​ក្មេងស្រី​ជំទង់​ម្នាក់​ដ៏​សំខាន់បំផុត ដែលមាន​ចរិត​ស្មោះត្រង់​មិន​ងាករេ មាន​អារម្មណ៍​ទន់ខ្សោយ និង​ស្រលាញ់​ជីវិត​។ នាង​លាតត្រដាង​ឲ្យ​ដឹង​ពី​ពិភព​អាថ៌កំបាំង​យ៉ាងជ្រៅ​នៃ​ការគិតគូរ​ក្នុង​អារម្មណ៍ ការចង់បាន​សេចក្តីស្រលាញ់​ថ្នាក់ថ្នម ការប៉ះទង្គិច​យ៉ាង​ត្រ​គោះ​បោះបោក​ជាមួយ​ម្ដាយ​របស់​នាង មនោសញ្ចេតនា​ស្នេហា និង​លក្ខណៈភេទ​ដែល​ពើបប្រទះ​ដំបូង​ក្នុង​ជីវិត និង​ការសង្កេត​ដ៏​ប៉ិនប្រសប់ និង​ឆ្លាត​វៃ​ចំពោះ​មិត្តភក្ដិ​របស់​នាង​។ ខណៈពេលដែល​ប្រឈមមុខ​នឹង​ភាពអត់ឃ្លាន សេចក្តី​ភ័យខ្លាច​ក្រែង​គេ​រកឃើញ និង​ចំពោះ​សេចក្ដីស្លាប់ ហើយ​និង​ការ​តូចចិត្តតូចថ្លើម​ចំពោះ​ការរស់នៅ​បង្ខាំង​ខ្លួន​នៅ​កន្លែង​បែបនេះ​។ អាន់ បាន​សរសេរ​កំណត់ហេតុ​ដោយមាន​គំនិត​ជា​មនុស្ស​ចាស់ទុំ ហើយ​សម្លឹង​មើលឃើញ​ហូ​ស​ពី​អាយុ​របស់​នាង​។ រឿង​របស់​នាង​ដូចជា​រឿង​របស់​ក្មេង​ជំទង់ៗ​គ្រប់រូប​ដែរ បាន​ឆ្លុះបញ្ចាំង​អំពី​ជីវិត​របស់​នាង​នៅក្នុង​ស្ថានភាព​ដែល​ក្មេង​ជំទង់​មួយចំនួន​តូច​ប៉ុណ្ណោះ​បានដឹង​។​
 
​សៀវភៅ​កំណត់ហេតុ​របស់​ក្មេងស្រី អាន់ ហ្វ្រែ​ង័ ត្រូវបាន​បោះពុម្ព​លើក​ទី​១​នៅ​ឆ្នាំ​២០០២ មាន​ចំនួន​២​ពាន់​ក្បាល ហើយ​លើក​ទី​២​នេះ មាន​ចំនួន ៣​ពាន់​ក្បាល​។ លោកអ្នក​អាច​ទទួលបាន​សៀវភៅ​នេះ នៅ​ការិយាល័យ អាសយដ្ឋាន ផ្ទះ​លេខ​៨ វិថី​លេខ​៤៧៦ ភ្នំពេញ​៕
 
 

Tag:
 សើ សា​យ្យា​ណា​
  កំណត់ហេតុ​
  អាន់ ហ្វ្រែ​ង័​
  ណា​ហ្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com