COVID-19
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ គ្មាន​ករណី​ឆ្លង COVID-19 ក្នុងស្រុក​ចំនួន​១០០​ថ្ងៃ​ហើយ​
09, Aug 2020 , 3:35 pm        
រូបភាព
​ត្រឹម​ថ្ងៃទី​៩ ខែសីហា​នេះ នូ​វែ​ល​សេ​ឡង់​មិនមាន​ករណី​ឆ្លង​ជំងឺ COVID-19 ក្នុងប្រទេស​ចំនួន​១០០​ថ្ងៃ​គត់​។ នូ​វែ​ល​សេ​ឡង់ ស្ថិតក្នុង​ចំណោម​ប្រទេស​តិចតួច​ដែល​អាច​ត្រួតត្រា​ករណី​ឆ្លង​ក្នុងប្រទេស ក្រោយ​ការអនុវត្ត​វិធានការ​តឹងរ៉ឹង​មាន​ករណី​ឆ្លង​ដំបូង និង​ការ​រឹតបន្តឹង​នៅ​ដំណាក់កាល​ក្រោយៗ​។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​ប្រទេស​នេះ បាន​ព្រមាន​ប្រជាជន​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​មាន​វៀតណាម និង​អូស្ត្រាលី​ជា​មេរៀន​។​

 
​មកទល់ពេលនេះ ករណី​ឆ្លង COVID-19 នៅ​នូ​វែ​ល​សេ​ឡង់​មាន​សរុប​១២១៩​នាក់ ហើយ​ករណី​នៅសល់​មាន​២៣ ដែល​បន្ត​ទទួលបាន​ការព្យាបាល​នៅ​មជ្ឈមណ្ឌល​រៀបចំ​ដោយ​រដ្ឋ​។ ប្រទេស​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ ក៏​មិនមាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​១០០​ថ្ងៃ​ជាប់​គ្នា​មកហើយ​។ នូ​វែ​ល​សេ​ឡង់ ជា​ប្រទេស​មាន​សុវត្ថិភាព​បំផុត​លើ​ពិភពលោក​នៅពេល​បច្ចុប្បន្ន​។​
 
​ខណៈ​ប្រជាជន​នូ​វែ​ល​សេ​ឡង់ បាន​វិលត្រឡប់​ទៅរក​ស្ថានភាព​ធម្មតា​ឡើងវិញ អាជ្ញាធរ​ក៏​នៅតែ​បារម្ភ​ដដែល​។ ការមិន​ព្រមធ្វើ​តេស្ត មិន​ប្រើប្រាស់​កម្មវិធី​តាមដាន​របស់​រដ្ឋ ហើយ​ពេលខ្លះ​មិន​អនុវត្ត​វិធាន​សុខាភិបាល​នោះ ក្លាយជា​រឿង​ឈឺក្បាល​សម្រាប់​រដ្ឋាភិបាល​ប្រទេស​នេះ​។​
 
«​ការសម្រេចបាន​រយៈពេល​១០០​ថ្ងៃ​គ្មាន​ការឆ្លង​ក្នុង​សហគមន៍ ជាការ​បោះជំហាន​ដ៏​សំខាន់​មួយ ប៉ុន្តែ​ដូចដែល​យើង​ដឹង​ហើយ យើង​មិនអាច​ធ្វេសប្រហែស​ឡើយ​។​» លោក Ashley Bloomfield អគ្គនាយក​សុខាភិបាល​នូ​វែ​ល​សេ​ឡង់​និយាយ​បែបនេះ​ក្នុង​សន្និសីទ​ថ្ងៃទី​៩ ខែសីហា​។ លោក​បន្តថា នៅ​ប្រទេស​ជាច្រើន​ដែល​កន្លងទៅ​អាច​គ្រប់គ្រង​ជំងឺ COVID-19 បាន ករណី​ឆ្លង​ក៏​ងើប​ឡើងវិញ ដែល​ការណ៍​នេះ​តម្រូវ​ឲ្យ​នូ​វែ​ល​សេ​ឡង់​ត្រៀមខ្លួន​សម្រាប់​ការផ្ទុះ​ឡើង​ណាមួយ​នៅពេល​ខាងមុខ​។​
 
​លោក Bloomfield ទំនង​ចង់​សំដៅ​ស្ថានការណ៍​នៅ​វៀតណាម និង​អូស្ត្រាលី​។ នៅ​វៀតណាម​ដែល​កន្លងមក​ត្រូវបាន​មើលឃើញថា អាច​គ្រប់គ្រង​ការឆ្លង​បាន​នោះ អាជ្ញាធរ​កំពុង​ញាប់​ដៃជើង​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​នៅ​ដា​ណា​ង ដែល​បាន​ឆ្លង​ដល់​ខេត្ត​ក្រុង​ច្រើន​ទៀត​។ ចំណែក​អូស្ត្រាលី​ក្បែរ​ខាង​វិញ ក៏​កំពុង​តស៊ូ​នឹង​ការកើនឡើង​ករណី​ឆ្លង​នៅ​ទីក្រុង Melbourne ដែល​រលក​ឆ្លង​ពេលនេះ កើតចេញពី​ការ​ចន្លោះប្រហោង​នៅតាម​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​
 
​កន្លងទៅ នូ​វែ​ល​សេ​ឡង់ ក៏មាន​ករណី​ចន្លោះប្រហោង​នៅតាម​កន្លែង​ដាក់​ដោយឡែក​ដែរ ប៉ុន្តែ​ការឆ្លើយតប​ទាន់ពេលវេលា បាន​ជួយ​ទប់ស្កាត់​ករណី​ឆ្លង​។ កាលពី​សប្ដាហ៍ រដ្ឋាភិបាល​ទីក្រុង​វេ​លីង​តុ​ន បាន​ពង្រឹង​សុវត្ថិភាព​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ចាប់ផ្ដើម​អភិវឌ្ឍ​បច្ចេកវិទ្យា​តាមដាន​ផងដែរ​៕

Tag:
 នូ​វែ​ល​សេ​ឡង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com