ជាតិ
មេភូមិ ឲ្យ​អ្នកធ្វើដំណើរ​និង​មានផ្ទះ​ក្បែរផ្លូវ​កំពង់​សំបួរ​ប្រុងប្រយ័ត្ន ដោយសារ​ផ្លូវ​អាច​នឹង​បាត់​បន្តទៀត
09, Aug 2020 , 10:59 pm        
រូបភាព
ផ្លូវកំពង់សំបួរ ដែលបាក់កាលពីយប់ថ្ងៃទី៦ សីហា ២០២០។(រូបពីទំព័រហ្វេសប៊ុក ថ្នាលថ្មីទឹកដីបាត់ដំបង)
ផ្លូវកំពង់សំបួរ ដែលបាក់កាលពីយប់ថ្ងៃទី៦ សីហា ២០២០។(រូបពីទំព័រហ្វេសប៊ុក ថ្នាលថ្មីទឹកដីបាត់ដំបង)
​ភ្នំពេញ​៖ លោក ប៉ាត សុ​ភី មេភូមិ​កំពង់​សំបួរ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​កំពង់​សំបួរ នៅតាម​បណ្ដោយ​ស្ទឹង​សង្កែ ជិះ​វាង​ទៅ​ផ្លូវ​សំរោង​ក្នុង​វិញ ដោយសារ​ផ្លូវ​នេះ​បាន​បាក់​ប្រមាណ​២០​ម៉ែត្រ ហើយ​ទទឹងផ្លូវ​នៅសល់​ប្រមាណ​១​ប៉ុណ្ណោះ​។ លើសពីនេះ លោក ប៉ាត សុ​ភី អះអាងថា ផ្លូវ អាច​នឹង​បាក់​បន្តទៀត​។


​មេភូមិ​កំពង់​សំបួរ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ផ្លូវ​កំពង់​សំបួរ​នេះ បាក់​ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន​ហើយ​ទឹក​ហូរ​ច្រុះ​ដី​។ លោក​ថ្លែងថា​៖«​ផ្លូវ​នេះ បាក់​នៅ​ម្ដុំ​ក្លោងទ្វារវត្ត​សំរោង​ក្នុង​ខាងលិច​ប្រហែល​ម៉ោង​១០​យប់ បាក់​ជាង​២០​ម៉ែត្រ ដោយសារ​ទឹកភ្លៀង​ច្រុះ​ដី ហើយ​ផ្លូវ​នេះ​នៅសល់​ទទឹងផ្លូវ​ប្រមាណ​១​ម៉ែត្រ​ប៉ុណ្ណោះ​»​។ 
 
​ទន្ទឹមនឹងនេះ លោក សុ​ភី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែលមាន​បំណង​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​កំពង់​សំបួរ​នេះ ធ្វើដំណើរ​វាង​ទៅ​ផ្លូវ​សំរោង​ក្នុង​វិញ​។ លោក​សង្កត់ធ្ងន់ថា ផ្លូវ​នេះ​នៅសល់​ប្រមាណ​១​ម៉ែត្រ គឺ​មានតែ​ម៉ូតូ​និង​កង់​ប៉ុណ្ណោះ​ដែល​អាចធ្វើ​ដំណើរ​បាន​។ ប៉ុន្តែ​ដើម្បី​ជៀសវាង​គ្រោះថ្នាក់ មេភូមិ​រូបនេះ ស្នើ​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ផ្លូវ​វាង​។ បច្ចុប្បន្ន​លោក សុ​ភី បាន​រាយការណ៍​ទៅ​ថ្នាក់ស្រុក​ហើយ ដើម្បី​សុំ​ការជួយ​អន្តរាគមន៍​។ 
 
«​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ទៀត ផ្លូវ​នេះ អាច​នឹង​បាក់​បន្តទៀត អ៊ឹ​ចឹ​ង​សុំ​ឲ្យ​បងប្អូន​ប្រយ័ត្ន​ឲ្យ​បាន​គ្រប់ពេល​ផង ទាំង​អ្នកធ្វើដំណើរ​និង​អ្នក​មានផ្ទះ​នៅក្បែរ​ហ្នឹង​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក សុ​ភី ហើយ​បានបញ្ជាក់​បន្ថែមថា កាលពី​ឆ្នាំមុន​ផ្លូវ​នេះ​មាន​សភាព​បាក់​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​មាន​បណ្ដោយ​វែង​ជាង​១៣០​ម៉ែត្រ ដោយសារ​ទឹកជំនន់​ពី​ស្ទឹង​សង្កែ​។ លោក​ក៏បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ដែរ ប៉ុន្តែ​មិនមាន​ការជួសជុល​ណាមួយ​ឡើយ ព្រោះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​៕ 
 

Tag:
 បាត់ដំបង​
  បាក់​ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com