ជាតិ
ទឹក​ទន្លេសាប​កម្ពុជា​ធ្លាក់ចុះ​ដល់​កម្រិត​មិនដែល​មាន​ពីមុនមក ខណៈ​មានការ​ព្រួយបារម្ភ​រឿង​ទំនប់​វា​រី​អគ្គិសនី​នៅ​ចិន​
10, Aug 2020 , 7:59 pm        
រូបភាព
ភូមិលិចទឹករបស់ប្រជាពលរដ្ឋលើផ្ទៃទន្លេសាប ក្នុងតំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
ភូមិលិចទឹករបស់ប្រជាពលរដ្ឋលើផ្ទៃទន្លេសាប ក្នុងតំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
ដោយ: VOA
​ភ្នំពេញ ៖ គណៈកម្មការ​ទន្លេមេគង្គ ដែលមាន​ប្រទេស​ជា​សមាជិក​ចំនួន​៤ រួមមាន​ថៃ ឡាវ កម្ពុជា និង​វៀតណាម បាន​លើកឡើងថា ទឹកទន្លេ​សាប​របស់​ក​ម្ពុ​ជា ជួបប្រទះ​ភាពរាំងស្ងួត មិន​ធ្លាប់មាន​ពីមុនមក ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​។ នេះ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ជាបន្ទាន់​មួយ​របស់​គណៈកម្មការ​ទន្លេមេគង្គ (MRC) ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​។​

 
​គណៈកម្មការ​ទន្លេមេគង្គ បាន​ជំរុញ​ឲ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង​៦ ដែលមាន​ទាំង​ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា​ផងដែរ ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់  ខណៈដែល​អាង​ទន្លេមេគង្គ​ក្រោម ប្រឈម​នឹង​កំណត់ត្រា​លំហូរ​ទឹក​ទាប​អស់​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​។ គណៈកម្មការ​បញ្ជាក់ថា មូលហេតុ​នៃ​ទឹក​ទាប​នេះ រួមមាន​បរិមាណ​ភ្លៀង​ធ្លាក់​តិចតួច​ខុស​ប្រក្រតី ដែល​បង្កដោយ​បាតុភូត​អាកាសធាតុ​អែល​នី​ណូ (El Nino) ស្ថានភាព​លំហូរ​ទាប​រយៈពេល​យូរ​ដែល​បន្ត​អូសបន្លាយ ចាប់ពី​ឆ្នាំ​២០១៩​មក និង​លំហូរ​ទឹក​កម្រិត​ទាប​ជាង​មុន​ពី​ដៃទន្លេ​មេគង្គ​។​
 
​គណៈកម្មការ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​លំហូរ​ទាប​បែបនេះ​បានធ្វើ​ឲ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួបប្រទះ​ស្ថានភាព​រាក់​ខ្លាំង ដែល​បង្ក​ឲ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅក្នុង​កំណត់ត្រា គិត​ចាប់ពី​ឆ្នាំ​១៩៩៧​មក​»​។​
 
​បើតាម​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេមេគង្គ មិនមាន​ទិន្នន័យ និង​ព័ត៌មាន​ជា​ផ្លូវការ ដើម្បី​ផ្ទៀងផ្ទាត់​ផលប៉ះពាល់​ដែល​អាច​កើតមាន ដោយសារ​ទំនប់​វា​រី​អគ្គិសនី​ក្នុង​អាង​ទន្លេមេគង្គ​លើ​នោះទេ​។​
 
​នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ លោក អាន ពេជ្រ​ហត្ថ​ដា (An Pich Hatda) មានប្រសាសន៍​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដោយ​អំពាវនាវ​ឲ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង​៦​បង្កើន​ការចែករំលែក​ទិន្នន័យ និង​ព័ត៌មាន​អំពី​ប្រតិបត្តិការ​ទំនប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​របស់​សាមី​ប្រទេស​ទៅ​គណៈកម្មការ​ទន្លេមេគង្គ ឲ្យ​បាន​រហ័ស និង​ប្រកបដោយ​តម្លាភាព​»​។​
 
​លោក​បញ្ជាក់ថា​៖ «​វា​ដល់ពេល​ហើយ ដែល​ប្រទេស​ទាំងអស់​ត្រូវអនុវត្ត​នូវ​អ្វីដែល​ខ្លួន​បាន​អះអាង និង​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​រួម​សម្រាប់​អាង​ទន្លេមេគង្គ​ទាំងមូល និង​សម្រាប់​សហគមន៍​ដែល​រង​ផលប៉ះពាល់​»​។​

 
 
​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​កម្ពុជា លោក គល់ វ​ឌ្ឍ​នា​ថ្លែងប្រាប់ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា ភាគី​ពាក់ព័ន្ធ​របស់​កម្ពុជា កំពុង​ប្រមូល​ទិន្នន័យ ហើយនឹង​បញ្ជូនទៅ​គណៈកម្មការ​នៅពេល​ខាងមុខ ប៉ុន្តែ លោក​មិនទាន់​អាច​កំណត់​ថ្ងៃ​បាន​នៅឡើយ​។ លោក​បន្តថា រហូតមកដល់​ពេលនេះ វា​មាន​ភាពមិនប្រក្រតី ដែល​ទឹកទន្លេ​មេគង្គ មិនទាន់​ហូរ​ចាក់​ទៅ​បឹង​ទន្លេសាប​នៅឡើយ​។​
 
​លោក​ថ្លែងថា​៖ «​បញ្ហា​អត់​ទឹក​នេះ អាហ្នឹង គឺ​វា​ច្បាស់​ចំពោះមុខ​ឃើញថា ទឹក​វា​ខ្សត់ខ្សោយ វា​ខ្វះខាត​បើ​ប្រៀបធៀប​ឆ្នាំ​កន្លងទៅ​។  រហូត​ទៅដល់​អារ​បប​ទឹក ដែល​ត្រូវ​ហូរ​ត្រឡប់​ពី​ទន្លេមេគង្គ​ចូលទៅ​បឹង​ទន្លេសាប​ហ្នឹង មកដល់ពេលនេះ​ហើយ នៅ​មិនទាន់​ហូរ​ចូលទៅ​»​។​
 
​លោក​បន្ថែមថា  ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ អាចជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​ខ្វះ​ទឹក  ប៉ុន្តែ​វា​មិន​ទាំងស្រុង​នោះទេ​។​


ប្រជាពលរដ្ឋរស់នៅតំបន់ឆ្នុកទ្រូទន្លេសាប ធ្វើដំណើរតាមទូកម៉ាស៊ីន ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
 
​លោក​បញ្ជាក់ថា​៖ «​អា​ទំនប់​ហ្នឹង វា​មាន​ចូលរួម​វិភាគទាន​ទៅដល់​ការបាត់បង់​ទឹក​...​មិន​អត់​ទេ​។ វា​ចូលរួម​វិភាគទាន​។ ប៉ុន្តែ​វា​មិន​ទាំងស្រុង​ទេ​»​។​
 
​បើតាម​មន្ត្រី​នៃ​គណៈកម្មការ​ទន្លេមេគង្គ​រូបនោះ ក្នុង​ភាគរយ​នៃ​ទឹក​ដែល​ប្រមូលផ្តុំ​មក​អាង​ទន្លេមេគង្គ​ប្រទេស​ចិន​មាន​១៥​ភាគរយ មី​យ៉ាន់​ម៉ា​២​ភាគរយ ឡាវ​ជាង​៣០​ភាគរយ ថៃ​១៨​ភាគរយ កម្ពុជា​១៨​ភាគរយ និង​វៀតណាម​ប្រហែល​១១​ភាគរយ​។​
 
​លោក​ពន្យល់​បន្ថែមថា​៖ «​យើង​លើក​ឧទាហរណ៍​ថា បើ​ចិន​បិទ​ទឹក​ទាំង​១៥​ភាគរយ ទាំងស្រុង អត់​ទម្លាក់​ចុះមក ក៏​វា​មិនអាច​ជះឥទ្ធិពល​ធំដុំ​មិន​ធ្វើ​ឲ្យ​បាត់បង់​ទឹក​នៅ​ខាងក្រោម​ដែរ ដោយសារតែ​ខាងក្រោម វា​មាន​ទៅដល់​ជាង​៨០​ភាគរយ​នៃ​ទឹក​សរុប​នៅក្នុង​អាង​ទន្លេមេគង្គ​»​។​
 
​លោក​បន្តថា កន្លងទៅ ប្រទេស​ជា​សមាជិក​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​បានស្នើ​សុំ​ប្រទេស​ចិន​នូវ​ទិន្នន័យ​នានា​ដើម្បី​យកមក​វិភាគ ប៉ុន្តែ​ប្រទេស​ចិន មិនបាន​ផ្តល់​ឲ្យ​ពេញលេញ​នោះទេ ហើយ​ប្រទេស​ទាំងអស់ ក៏​មិនអាច​ចាប់បង្ខំ​ឲ្យ​ប្រទេស​ចិន​ផ្តល់​ឲ្យ​នោះដែរ ដោយសារ​ចិន​មិនមែនជា​សមាជិក​គណៈកម្មកា​រ​ទន្លេមេគង្គ គ្រាន់តែ​ជា​ដៃគូ​ពិភាក្សា​តែប៉ុណ្ណោះ​។​
 
​លោក​បន្ថែមថា​៖ «​យើង​សុំ​គាត់ អាស្រ័យ​លើ​គាត់​ឲ្យ​យើង​។ បើ​គាត់​មិន​ឲ្យ ក៏​យើង​គ្មាន​មូលដ្ឋាន​ច្បាប់​ណាមួយ​ទៅ​សង្កត់​គាត់​បានទេ​។ វា​កត្តា​កំណត់​នៅលើ​ចិន​ទេ​។ អា​យើង​សុំ​សុំ​ហើយ​។ ស្អី​ចេះ ស្អី​ចុះ លើក​ហេតុផល​ម៉េច​ក៏​លើក​ទៅ ក៏ប៉ុន្តែ​កត្តា​កំណត់​នៅលើ​ចិន ដែលជា​ម្ចាស់​ទិន្នន័យ​។ គាត់​ឲ្យ​ប៉ុនណា ក៏​ឲ្យ​ប៉ុណ្ណឹង​»​។​
 
​យោងតាម​ការសិក្សា​មួយ​របស់​ក្រុមហ៊ុន​អាមេរិកាំង ឈ្មោះថា Eyes on Earth ចេញផ្សាយ​កាលពី​ខែមេសា ឆ្នាំ​២០២០ ប្រទេស​ចិន បាន​ខ្ទប់​ទឹកទន្លេ​មេគង្គ​ក្នុង​បរិមាណ​យ៉ាងច្រើន កាលពី​ឆ្នាំ​២០១៩ ជាមួយ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​១១​កន្លែង​ក្នុងប្រទេស​ខ្លួន​។ ប៉ុន្តែ​រដ្ឋាភិបាល​ចិន បាន​បដិសេធ​ការចោទប្រកាន់​នេះ ដោយ​លើកឡើង​ពី​ភាពរាំងស្ងួត ដោយសារ​អាកាសធាតុ​។​


 រូបឯកសារ៖ ទំនប់វារីអគ្គិសនីនៅ​ក្នុងខេត្តសាយ៉ាបូរី នៃប្រទេសឡាវ។
 
​ក្រៅពី​ទំនប់​វា​រី​អគ្គិសនី​នៅក្នុង​ប្រទេស​ចិន  ទំនប់​វា​រី​អគ្គិសនី​ដ៏​ចម្រូងចម្រាស​របស់​ឡាវ​ដែល​នៅ​ជិត​កម្ពុជា មានដូចជា​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី (Xayaburi) និង​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង (Don Sahong) ក៏មាន​ការព្រួយបារម្ភ​ថា ធ្វើ​ឲ្យ​កម្រិត​ទឹកទន្លេ​មេគង្គ​ធ្លាក់ចុះ ហើយ​ប៉ះពាល់​ផល​ត្រី និង​ដីល្បាប់​នៅ​ផ្នែក​ខាងក្រោម​។ អ្នកធ្វើការ​លើ​ផ្នែក​បរិស្ថាន​បារម្ភ​ថា ទំនប់​វា​រី​អគ្គិសនី​នៅ​ទន្លេមេគង្គ នឹង​ប៉ះពាល់​ការរស់នៅ​របស់​មនុស្ស​ប្រមាណ​៦០​លាន​នាក់ នៅ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក្រោម​ទាំង​៤ ដែល​រួមមាន​កម្ពុជា​ផងដែរ​។​
 
​ជាធម្មតា ទឹក​នៅ​ទន្លេមេគង្គ និង​ទឹកស្ទឹង​នានា ហូរ​ចូល​បឹង​ទន្លេសាប​នៅ​រដូវវស្សា នាំ​ឲ្យ​បឹង​នេះ​មាន​ផ្ទៃ​ធំ បង្កើតជា​តំបន់​ព្រៃ​លិច​ទឹក ដែល​ផ្តល់​ជម្រក​ដល់​ត្រី​យ៉ាងច្រើន​ដែល​ពង និង​បន្ត​ពូជ​។ ទឹក​ហូរ​ចូល​បឹង​នេះ ធ្វើ​ឲ្យ​បឹង​នេះ រីក​ធំ​៦​ដង គឺមាន​ទំហំ​១​ម៉ឺន​គីឡូ​ម៉ែត្រក្រឡា មុន​ទឹក​បឹង​ទន្លេសាប​ហូរ​ចូល​ទន្លេមេគង្គ​វិញ​។​
 
​លោក ឡុង សូ​ចែត អាយុ​៦២​ឆ្នាំ ជា​ប្រជា​សហគមន៍​នេសាទ​ក្នុង​ខេត្តពោធិសាត់ មានប្រសាសន៍ថា ទឹក​ហូរ​ចូល​ទន្លេសាប​មាន​ភាពយឺត​យ៉ាងខ្លាំង ដោយ​ពីមុន​ក្នុង​ដើមខែ​មិថុនា ឬ ចុងខែ មានទឹក​ហូរ​ចូល​ប៉ុន្តែ​ឆ្នាំនេះ​មិនមាន​នោះទេ​។ លោ​កថា​ទឹក​នៅ​ឆ្នាំនេះ ទាប​យ៉ាងតិច​៣​ទៅ​៤​ម៉ែត្រ​រួចទៅហើយ​ក្នុង​តំបន់​របស់លោក​ក្នុង​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិសាត់​។​
 
​លោក ឡុង សូ​ចែត មានប្រសាសន៍ថា​៖ «​យើង​ឃើញ​២​ឆ្នាំ​ហើយ ២០១៩ និង​២០២០​នេះ ទឹក​យឺត​រហូត​។ ២០១៩ ទាល់តែ​ដើមខែ​៨ បាន​មានទឹក​។ ឥឡូវ​ចូល​២០២០​នេះ ក៏​ប្រហាក់ប្រហែល​នឹង​២០១៩​ដែរ​។ ដោយសារតែ​២០១៩ វា​ខះទឹក​ហើយ ដល់ពេល​២០២០ វា​កាន់តែ​ខះ​ខ្លាំង​ឡើង​។ វា​ធ្វើ​ឲ្យ​ទន្លេ​កាន់តែ​រាក់​ជាង​ឆ្នាំ​២០១៩»​។​
 
​លោក​ក៏​ព្រួយបារម្ភ​អំពី​ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​នៅ​ទន្លេមេគង្គ ដែលជា​កត្តា​មួយ​នាំ​ឲ្យ​ខ្វះ​ទឹក​។​


ប្រជាពលរដ្ឋនេសាទត្រីលើផ្ទៃបឹងទន្លេសាប ក្នុងតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
 
​លោក​បន្ថែមថា​៖ «​ទឹក​មាន​បញ្ហា​អ៊ីចឹង ធនធាន​ជលផល​ក៏មាន​បញ្ហា​ដែរ ព្រោះ​ខែ​ធ្លាក់ភ្លៀង ខែ​ទឹក​ឡើង គឺជា​រដូវ​ត្រី​ពង​កូន ប៉ុន្តែ​ដល់​ខែ​ត្រី​ពង​កូន វា​អត់​មានទឹក​។  អាហ្នឹង ក៏​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​គិតថា ធនធាន​ជលផល មិនអាច​ឋិតថេរ​បានទេ​»​។​
 
​ពលរដ្ឋ​ម្នាក់ទៀត អ្នកស្រី ឈួន ឡាន់ អាយុ​៤៥​ឆ្នាំ រស់នៅ​តំបន់​ទន្លេសាប​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មានប្រសាសន៍ថា កាលពី​ឆ្នាំមុន នាពេលនេះ ទឹក​ឡើងដល់​ពាក់កណ្តាល​សសរផ្ទះ​អ្នកស្រី​រួចទៅហើយ​។ ប៉ុន្តែ​ឆ្នាំនេះ ពេលនេះ មិនមាន​ទឹក​នោះទេ​។  អ្នកស្រី​បន្តថា ជាធម្មតា ទឹក​ចាប់​ផ្តើមឡើង​ក្នុង​ខែមិថុនា​។​
 
​អ្នកស្រី​ថ្លែងប្រាប់ VOA ថា​៖ «​អត់​ដែលមាន​ទឹក​ឡើង​ទេ មានតែ​រីង​។ ប្រជាពលរដ្ឋ​គ្នា​ទៅ​នេសាទ​សឹង​មិនបាន ដោយសារតែ​ទឹក​វា​រីង​ខ្លាំង​»​។​
 
​លោក ឱម សាវ៉ាត នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(FACT) ប្រាប់ VOA ថា កម្រិត​ទឹក​ហូរ​ពី​ទន្លេមេគង្គ​ចូល​ទន្លេសាប​យឺត​ខ្លាំង ដែល​ទឹក​មើលទៅ​ខុសគ្នា​ជាង​ពាក់កណ្តាល បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។​លោក​ព្រួយបារម្ភ​អំពី​ការរក​ត្រី​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ពឹងផ្អែក​បឹង​ទន្លេសាប​ផងដែរ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​បើសិនជា​ទឹកតូច ត្រី​ហ្នឹង​ក៏​វា​ថយចុះ​តាម​ហ្នឹង​ដែរ​ព្រោះ​ឆ្នាំ​២០១៩​កន្លងមក យើង​ឃើញ​ទឹកតូច ខុស​ប្រក្រតី បានន័យថា ទាប​ជាង​ឆ្នាំ​២០១៨​។ អ៊ីចឹងទៅ យើង​ឃើញ​ផល​ត្រី​របស់​យើង​ក៏មាន​សភាព​ខ្សត់ខ្សោយ​ជាង​មុន​ដែរ​។ អ៊ីចឹង​បាន​យើង ចេះតែ​បារម្ភ​។ រាល់ថ្ងៃ​មាន​ទឹកភ្លៀង​ទឹក​អី​ខ្លះ​ទេ ហូរ​ចូល​ទឹក​បឹង​ទន្លេសាប​។ ប៉ុន្តែ បើ​យើង​និយាយ​អំពី​ទឹកទន្លេ​មេគង្គ​ហូរ​ចូល​តិច ...​តិចតួច​មែនទែន​»​។​
 
​លោក សាវ៉ាត ក៏​មើលឃើញថា ការស្ថាបនា​ទំនប់​លើ​ទន្លេមេគង្គ ដែល​នាំ​ឲ្យ​មានការ​ប្រែប្រួល​របប​ទឹក​នៅ​ខាងក្រោម បន្ថែម​ពីលើ​បញ្ហា​អាកាសធាតុ​ផងដែរ​។​
 
​លោក​បន្តថា​៖ «​ប្រមាណ​ជា​ពីរ​ឆ្នាំ​បី​ឆ្នាំ​ចុងក្រោយ​នេះ  យើង​ឃើញ​ទំនប់​វា​រី​អគ្គិសនី​ចាប់ផ្តើម​សាងសង់​ធំៗ​ច្រើន​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ ពី​ចិន​ពី​ឡាវ ពី​អី​មក​ហ្នឹង ចាប់ផ្តើម​មានការ​ប្រែប្រួល​របប​ទឹក​»​។ ប្រហែលជា​អាច​រួមផ្សំ​មកពី​បម្រែបម្រួល​អាកាសធាតុ​ផង  មកពី​ការអភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​តាម​បណ្តោយ​ទន្លេមេគង្គ​ផង​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com