ករណីឆ្លង COVID-19 ចំនួន១៥នាក់ថែមទៀតនៅកម្ពុជា ចិន១៣នាក់ ខ្មែរ២នាក់
COVID-19
ជាតិ
ករណីឆ្លង COVID-19 ចំនួន១៥នាក់ថែមទៀតនៅកម្ពុជា ចិន១៣នាក់ ខ្មែរ២នាក់
11, Aug 2020 , 8:06 am        
រូបភាព
លោក ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអង្គារនេះ បាន​ប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន១៥ករណីទៀតនៅកម្ពុជា ដែលក្នុងនោះមាន​ចិន​១៣នាក់ដែលទើបធ្វើដំណើរពីហ្វីលីពីន និងខ្មែរ២នាក់ជាអ្នកធ្វើដំណើរពីអាមេរិក។  បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងសរុបឡើងដល់២៦៦នាក់ និងសះស្បើយ២២០នាក់។



ជនជាតិចិនទាំង១៣នាក់ដែលបានឆ្លងជំងឺកូវីដ-១៩នោះ គឺមានវ័យចន្លោះពី២០ទៅដល់៣៥ឆ្នាំ ដោយក្នុងមាន១០នាក់មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ និង៣នាក់ទៀតស្នាក់នៅខេត្តព្រះសីហនុ។  ដោយឡែកជនជាតិខ្មែរ២នាក់មកពីអាមេរិក ដែលត្រូវក្រសួងរកឃើញមានជំងឺកូវីដ-១៩ ដែរនោះ គឺមានកុមារី វ័យ១៣ឆ្នាំ  មានអាស័យដ្ឋានក្នុងខណ្ឌបឹងកេងកង និងស្ត្រីវ័យ៤៨ឆ្នាំ មានអាស័យដ្ឋានក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
 
បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ទាំង១៥នាក់នោះ កំពុងទទួលការសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១១សីហានេះ។ ជាមួយគ្នានេះក្រសួងសុខាភិបាល បានបញ្ជាក់ថា ទាំងជនជាតិចិន និងខ្មែរទាំង១៥នាក់ខាងលើដែលក្រសួងសុខាភិបាលរកឃើញមានជំងឺកូវីដ-១៩ នោះ គឺបានដល់កម្ពុជា នៅថ្ងៃទី៩សីហា ឆ្នាំ២០២០។ 
 
សម្រាប់ជនជាតិទាំង១៣នាក់ដែលមានផ្ទុកជំងឺកូវីដ-១៩នោះ គឺបានដំណើរជាមួយជនជាតិ១០៦ទៀត រីឯ កុមារី និងស្រ្តីជនជាតិ គឺបានធ្វើដំណើរជាមួយមនុស្ស៧៣នាក់ទៀត។ ក្រសួងសុខាភិបាលបានអះអាងថា អ្នកធ្វើដំណើរជាមួយជនជាតិចិន និងខ្មែរទាំង១៥នាក់ដែលមានជំងឺកូវីដ-១៩នោះ គឺបានធ្វើតេស្តដោយលទ្ធភាពបង្ហាញអវិជ្ជមានទាំងអស់។ បច្ចុប្បន្នអ្នកទាំងនោះកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារផ្សេងៗគ្នានៅរាជធានីភ្នំពេញ។ 
 
គិតត្រឹមថ្ងៃទី១១សីហា នេះ កម្ពុជារកឃើញមានជំងឺកូវីដ-១៩ កើនដល់២៦៦នាក់ ដោយក្នុងនោះមាន២២០នាក់ បានជាសះស្បើយ និង៤៦នាក់ទៀត កំពុងសម្រាកព្យាបាល៕

© រក្សាសិទ្ធិដោយ thmeythmey.com