ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បញ្ហា​ចម្រូងចម្រាស​នៃ​ការដុត​គោយន្ត​ដឹកឈើ​ក្នុង​ខេត្តពោធិ៍សាត់ នាំ​ឲ្យ​គ្រួសារ​ម្ចាស់​គោយន្ត​បារម្ភ​អំពី​ជីវភាព​ក្រីក្រ​បន្ថែមទៀត​
11, Aug 2020 , 7:59 pm        
រូបភាព
ក្រុម​គ្រួសារ​របស់​អ្នកស្រី គា ទាវ ឈរ​នៅ​ក្បែរ​គោយន្ត ដែល​ត្រូវ​បាន​ដុតចោល កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ២០២០ ក្នុង​ឃុំ​ស្វាយ​ស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ (ស៊ុន ណារិន/វីអូអេ)
ក្រុម​គ្រួសារ​របស់​អ្នកស្រី គា ទាវ ឈរ​នៅ​ក្បែរ​គោយន្ត ដែល​ត្រូវ​បាន​ដុតចោល កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ២០២០ ក្នុង​ឃុំ​ស្វាយ​ស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ (ស៊ុន ណារិន/វីអូអេ)
ដោយ: VOA
​ឃុំ​ស្វាយស ខេត្តពោធិ៍សាត់ ៖ កាលពី ២​ឆ្នាំមុន អ្នកស្រី​គា ទាវ បាន​យក​ប្លង់ដី​របស់​ឪពុកក្មេក ទៅ​ដាក់​ជា​ទ្រព្យ​បញ្ចាំ​ដើម្បី​ខ្ចីលុយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​ចំនួន​៣​ពាន់​ដុល្លារ មក​ទិញ​គោយន្ត​មួយគ្រឿង ដើម្បី​ទុក​ធ្វើដំណើរ និង​ដឹក​របស់របរ​។​

 
​ប៉ុន្តែ​អ្នកស្រី​គា ទាវ អាយុ​២៧​ឆ្នាំ រស់នៅក្នុង​ភូមិ​អូរ​ចាន់​ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​បាត់បង់​គោយន្ត​នោះ ក្រោយ​ការដុត​បំផ្លាញ​របស់​ក្រុមការងារ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) កាលពី​សប្តាហ៍​មុន​។  ការដុត​បំផ្លាញ​គោយន្ត​នេះ នាំ​ឲ្យ​មានការ​រិះគន់​ខ្លាំង ក្រោយ​វីដេអូ​នៃ​ការដុត​បំផ្លាញ​នេះ ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ត្រូវបាន​ផ្សព្វផ្សាយ​តាមរយៈ​សារព័ត៌មាន​។​
 
 
​អ្នកស្រី​គា ទាវ ដែលមាន​កូន​ពីរ​នាក់​មានប្រសាសន៍ថា អ្នកស្រី មិនមាន​ដី​សម្រាប់​ធ្វើស្រែ​អ្វី​នោះទេ ហើយ​ធ្លាប់​ចំណាកស្រុក​ទៅធ្វើ​ការ​ស៊ីឈ្នួល​ចម្ការ​ឲ្យ​គេ​នៅ​ប្រទេស​ថៃ​។​
 
​អ្នកស្រី​ថ្លែងប្រាប់​VOA នៅផ្ទះ​របស់​អ្នកស្រី​ថា អ្នកស្រី និង​ស្វាមី ប្រកប​របរ​ដឹកឈើ​ក្រាក់​ងាប់ៗ​នៅ​តំបន់​ច្រក​រទេះសេះ​ដើម្បី​យកមក​ពុះ​ធ្វើជា​អុស ហើយ​លក់​ឲ្យ​គេ​។ អ្នកស្រី​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ផ្សេងទៀត​ប្រកប​របរ​នេះ​ដូចគ្នា ហើយ​ជាការ​កាប់​ឈើ​ដែល​ងាប់ និង​មិន​ស្ថិតក្នុង​តំបន់​ការពារ​នោះទេ​។​
 
​អ្នកស្រី គា ទាវ ថ្លែងប្រាប់​VOA​កាលពី​ថ្ងៃអាទិត្យ​ថា ការដុត​នេះ ជា​«​សកម្មភាព​ជ្រុល​ហួសហេតុ​» ហើយ​ធ្វើ​ឲ្យ​អ្នកស្រី​បាត់បង់​គោយន្ត និង​រទេះ​ពីក្រោយ ដែលមាន​តម្លៃ​សរុប​ជាង​៣​ពាន់​ដុល្លារ​អាមេរិក​។​
 
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​វា​លំបាក លំបាក​និយាយ​លែងចេញ​។ នឹកឃើញ​វា​ឆ្អែត​ចិត្ត​តែម្តង​។  រក​គ្រប់គ្នា ដុត​តែ​របស់ខ្ញុំ​មួយ​។ ខ្ញុំ​វា​អន់ចិត្ត​ដែរ​បង​»​។  អ្នកស្រី​បន្ថែមថា​៖ «​វា​ហួសហេតុ​ពេក​។ ប្រទេស​ខ្មែរ​មានច្បាប់ បើ​ថា ខុសត្រូវ​អី យើង​នាំទៅ​និយាយ​គ្នា​បាន​។ យើង​ខ្មែរ​ដូចគ្នា​អាចនិយាយបាន​។ ពន្យល់​អ៊ីចឹងទៅ យើង​នឹង​អាច​ស្តាប់​បាន តែ​នេះ​អត់​ទេ ជួប​ប្តី​ខ្ញុំ ដុតចោល អ៊ីចឹង​បណ្តោយ​។ ដូច​វា​អយុត្តិធម៌​ហួស​សម្រាប់​ខ្ញុំ​»​។​
 
​អ្នកស្រី គា ទាវ ដែលមាន​បងប្អូន​ទាំងអស់​១០​នាក់ មានប្រសាសន៍ថា អ្នកស្រី​ទើប​ទទួលបាន​បណ្ណសម​ធម៌ ឬ បណ្ណ​ក្រីក្រ ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន​១៧​ម៉ឺន​រៀល ចំនួន​ពីរដង កាលពីពេល​ថ្មីៗ​នេះ​។ អ្នកស្រី​បាន​ខ្ចីលុយ​គេ​ចំនួន​៣​ពាន់​ដុល្លារ កាលពី​ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ទិញ​គោយន្ត​នេះ​។ ក្នុង​មួយខែ​អ្នកស្រី​ត្រូវ​បង់​ឲ្យ​គេ​ជាង​៤០​ម៉ឺន​រៀល​រហូតដល់ ខែកញ្ញា ឆ្នាំ​២០២១​។​


អ្នកស្រី គា ទាវ អាយុ​២៧​ឆ្នាំ កាន់​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ ដែល​ទើប​តែ​ផ្តល់​ដោយ​អាជ្ញាធរ​ឃុំ​ កាល​ពី​ពេល​ថ្មីៗ។ (ស៊ុន ណារិន/វីអូអេ)
 
​នៅក្នុង​សេចក្តីបំភ្លឺ​មួយ​ចេញផ្សាយ កាលពី​ថ្ងៃទី​៨ ខែសីហា ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៥ ខែសីហា​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល មាន​គោយន្ត​ពីរ​គ្រឿង​ដឹក​កំណាត់​អុស​ក្រាក់​កង់ៗ​នៅលើ​កំណាត់​ផ្លូវ​គ្រួស​ក្រហម​។ គោយន្ត​ទាំងពីរ​ក៏បាន​ជួប​រថយន្ត​មួយគ្រឿង​ម៉ាក Mazda ដែលមាន​គ្នា​៤​នាក់ ជិះ​បញ្ច្រាសទិស​គ្នា​។ ពេលនោះ​រថយន្ត​ដែលមាន​មនុស្ស​៤​នាក់​ក្នុងនោះ​មាន​ជនបរទេស​ម្នាក់ បាន​ឈប់ ហើយ​បាន​ត្រួតពិនិត្យ​គោយន្ត​នោះ​។ ពួកគេ​មិនបាន​បញ្ជាក់​ពីមុខ​ងារ និង​តួនាទី​អ្វី​ឡើយ​។ នេះ​បើតាម​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​។​
 
​សេចក្តីបំភ្លឺ​ឲ្យ​ដឹង​ទៀតថា ពេលនោះ​ជនបរទេស​ម្នាក់​នោះ ក៏​បញ្ជា​ឲ្យ​ដកហូត​រណា​យន្ត​នៅលើ​រទេះ​សណ្តោង​គោយន្ត និង​សួររក​ដែកកេះ ហើយ​យក​សាំង​សល់​ប្រហែល​១​លីត្រ​ពី​គោយន្ត​នោះ និង​ដុតបំផ្លាញ​គោយន្ត​មួយ ដែលជា​របស់​អ្នកស្រី គា ទាវ​។​
 
​បើតាម​សេចក្តីបំភ្លឺ​សមត្ថកិច្ច​សន្និដ្ឋានថា «​ជា​សកម្មភាព​របស់​ក្រុមការងារ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​មិនមាន​ការពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​នគរ​បាល និង​អាជ្ញាធរ​មូលដ្ឋាន​របស់​ខេត្តពោធិ៍សាត់​ទេ​»​។​
 
​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ លោក សារុន ចាន់​ធី ថ្លែងប្រាប់​VOA ថា ការដុត​នេះ​ជា​សកម្មភាព​«​ហួស​បន្តិច​» ដែល​ត្រូវមាន​អន្តរាគមន៍ និង​ស៊ើបអង្កេត​ពី​កម្លាំង​សមត្ថកិច្ច​។ លោក​បញ្ជាក់ថា ករណីនេះ ពាក់ព័ន្ធ​នឹង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដោយ​ពុំមាន​ការចូលរួម​ពី​កម្លាំង​នគរបាល​របស់​ខេត្ត​ឡើយ​។​
 
​លោក​បញ្ជាក់ថា​៖ «​គាត់​ធ្វើ​ហួស​សមត្ថកិច្ច​របស់គាត់​»​។​
 
​លោកស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(Wildlife Alliance )​លើកឡើងថា «​វា​ជា​កំហុស​របស់​យើង​ក្នុង​ការដុត​គោយន្ត​»  ហើយ​លោកស្រី បាន​អប់រំ​ក្រុមការងារ​របស់លោក​ស្រី​រួចរាល់​ហើយ​អំពី​បញ្ហា​នេះ​។​
 
​ទោះជា​យ៉ាងណា លោកស្រី​មានប្រសាសន៍ថា ព្រៃឈើ​របស់​កម្ពុជា មិនអាច​ត្រូវបាន​ការពារ​បាន​នោះទេ ប្រសិនបើ​គ្មាន​ការពង្រឹង​ច្បាប់​។ លោកស្រី​បន្តថា ក្រុមការងារ​របស់លោក​ស្រី បាន​បំពេញ​តួនាទី​របស់​ពួកគេ​ក្នុងការ​ការពារ​ព្រៃ​ជួរ​ភ្នំក្រវាញ​ពី​ការកាប់បំផ្លាញ ទន្ទ្រាន​ដី និង​ការ​បរបាញ់​សត្វ​។​


កំណាត់​ឈើ​ដែល​ប្រជាពលរដ្ឋ​ក្បែរ​ខាង​អ្នកស្រី គា ទាវ រក្សា​ទុក កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)
 
​លោកស្រី​បញ្ជាក់ថា​៖ «​វា​ជា​រឿង​ធម្មតា​ណាស់​ទៅហើយ​ដែល​ប្រជាពលរដ្ឋ​ដែល​កាប់​ព្រៃឈើ មិន​សប្បាយ​ចិត្តនឹង​ការឈប់​ត្រួតពិនិត្យ ហើយ​តែងតែ​ត្អូញត្អែរ ហើយ​ឈើ​របស់​ពួកគេ​កម្រ​ណាស់​ជា​ឈើ​សម្រាប់ធ្វើ​អុស​»​។ 
 
​លោកស្រី​បន្តថា​ឈើ ដែល​ប្តី​របស់​អ្នកស្រី គា ទាវ ដឹក​នោះ​មាន​ទំហំ​ទៅ​៣​ម៉ែត្រ​គីប មិនមែន​ឈើ​តូច​នោះទេ​។ លោកស្រី​ថា ឈើ​នោះ​ជា​ឈើ​មកពី​តំបន់​ព្រៃ​ជួរ​ភ្នំក្រវាញ​។​
 
​ប៉ុន្តែ អ្នកស្រី គា ទាវ បាន​ច្រានចោល​ការលើកឡើង​នេះ ហើយ​ថា ឈើ​នេះ កាប់​ក្នុង​តំបន់​ច្រក​រទេះសេះ​ដែលមាន​ចម្ងាយ​ជាង​១៣​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​អ្នកស្រី ហើយ​មិនមែន​ស្ថិតក្នុង​តំបន់​ការពារ​នោះទេ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​ហើយ​ត្រង់​ឈើ​ធំៗ រទេះ​ធំៗ​មិន​មិន​ចាប់​ឃាត់​។ ចាប់​ដោះស្រាយ​ចាប់​យកលុយ​។ មិនមែន​តែ​ខ្ញុំ​ណា​បង​។ ពេល​ថ្ងៃកើតហេតុ រទេះ​បួន​ប្រាំ​រទេះ ដុត​អារ​ទេះ​ខ្ញុំ​មួយ​ទេ​»​។​
 
​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា បុគ្គល​ជា​អ្នក​ដុត​នេះ ជា​អ្នកទទួលខុសត្រូវ ហើយ​ការដុត​នេះ មិនមាន​ការចូលរួម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​នោះទេ​។​
 
​លោក​ថ្លែងប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​៖ «​ការប្រព្រឹត្ត​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នេះ គឺ​មិន​ស្របច្បាប់​ទេ​។ ហើយ​ក្រសួងបរិស្ថាន​ក៏​មិនដែល​អនុញ្ញាត​ឲ្យ​ធ្វើ​របៀប​នេះដែរ​។ ប្រសិនបើ​ចាប់​ករណី​របៀបនេះ គឺ​មន្ត្រី​ត្រូវធ្វើ​ការអប់រំ ណែនាំ និង​ផាកពិន័យ​អន្តរកាល​ប៉ុណ្ណោះ​»​។​
 
​លោក​បន្ថែមថា​៖ «​ហើយ​ក្រសួងបរិស្ថាន​បានធ្វើ​ការណែនាំ​រួចទៅហើយ​ទៅដល់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ឲ្យ​ពិនិត្យ​ទៅលើ​ការអនុវត្ត​របស់​បុគ្គ​លិ​ក​របស់ខ្លួន គឺ​ស្ថិតនៅក្រោម​ច្បាប់​ជានិច្ច​»​។​
 
​បើតាម​លោក នេត្រ ភក្ត្រា ការចូល​ព្រៃ​កាប់​ឈើ​ងាប់ មិនមាន​ជា​បញ្ហា​នោះទេ​។  ប៉ុន្តែ​លោក​ថា មាន​ករណី​មួយចំនួន​ជាការ​កាប់​អុស ឬ ដឹកអុស​តែ​បន្លំ​ឈើប្រណិត​នៅ​ខាងក្រោម ដែល​ទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ​។​
 
​បើតាម​លោក នេត្រ ភក្ត្រា អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) បានទទួល​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងបរិស្ថាន ចាប់តាំងពី​ឆ្នាំ​២០១៦ ក្នុងការ​ការពារ​ព្រៃឈើ​ក្នុង​ខេត្តកោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ក្រវាញ​ខាងត្បូង តា​តៃ និង​ក្រវាញ​កណ្តាល​។​
 
​បើតាម​វេ​ប​សាយ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ការកាប់​ឈើ​ធ្វើ​អុស មិនមែន​គ្មាន​កំហុស​នោះទេ ហើយ​វា​ក៏​មិនមែនជា​លក្ខណៈ​គ្រួសារ​ដែរ គឺពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ដែល​យក​អុស​ទៅ​ដុត​ជំនួស​ការប្រើប្រាស់​អគ្គិសនី​។ អង្គការ​ថា នេះ​ជាការ​កេងចំណេញ​ផលប្រយោជន៍​ជំនួញ​ដ៏​ធំ​។​


ប្រជាពលរដ្ឋ​ប្រើប្រាស់​គោយន្ត​នៅ​តាម​ផ្លូវ​លំ​ដី​ក្រហម​មួយ ក្នុង​នោះ​មាន​គោ​យន្ត​ដឹក​ឈើ​ផង​ដែរ។ (ស៊ុន ណារិន/វីអូអេ)
 
​មេឃុំ​ស្វាយស លោក ចាន់ សៃ មានប្រសាសន៍ថា អ្នក​ស្ រី​គា ទាវ ដែល​គោយន្ត​របស់​អ្នកស្រី​ត្រូវបាន​ដុត​នោះ ស្ថិតក្នុង​គ្រួសារ​ក្រីក្រ ដែល​ទើប​ទទួលបាន​បណ្ណ​ក្រីក្រ​កាលពីពេល​ថ្មីៗ​នេះ​។ លោក​បន្តថា មុខរបរ​រក​ឈើ​នេះ គឺជា​ការរក​បន្ទាប់បន្សំ​សម្រាប់​ជីវភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​របស់លោក​។ លោក​បញ្ជាក់ថា អុស​នៅ​គោយន្ត​របស់​អ្នកស្រី គា ទាវ ជា​អុស​តូចតាច​តែប៉ុណ្ណោះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អុស​ហ្នឹង វា​កម្ទេចកម្ទី តូចតាច​ហ្នឹង មិន​មានអី​ធំដុំ​ទេ​»​។​
 
​បើតាម​មេឃុំ​ស្វាយស តំបន់​របស់លោក​មិនមាន​ព្រៃឈើ​ប្រណិត​អ្វី​ធំដុំ​នោះទេ​។​
 
​ចំណែក​មេ​រង​ប៉ុស្តិ៍​ស្វាយស លោក លី ច​ន្ធូ មានប្រសាសន៍ថា មិនមាន​ឈ្មួញ ឬ ក្រុមហ៊ុន​កាប់​ឈើ​ធំៗ​នៅ​តំបន់​របស់លោក​នោះទេ​។ លោក​បន្តថា ភាគច្រើន ប្រជាពលរដ្ឋ​គ្រាន់តែ​ប្រមូល​ឈើ មក​ធ្វើ​អុស​លក់​ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ​។​
 
​អ្នកស្រី គា ទាវ បានសម្រេច​ដាក់ពាក្យ​បណ្តឹង កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ទាមទារ​សំណង ដោយសារ​អ្នកស្រី​បាត់បង់​គោយន្ត​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ដាក់​សុំ​រក​យុត្តិធម៌ ដើម្បី​រក​ដំណោះស្រាយ ឲ្យ​ថវិកា​ខ្ញុំ​មកវិញ​ខ្លះ ព្រោះ​អី​ខ្ញុំ​អត់​មានលទ្ធភាព​អី​សង​គេ​ទេ​។ គោយន្ត​ខ្ចីលុយ​អង្គការ ក៏​មិនទាន់​សង​ដាច់​ដែរ​។ ឥឡូវ​ឆេះ​អស់ហើយ ខ្ញុំ​អត់​មាន​អ្វី​អី​ទៀត​ទេ​រាល់ថ្ងៃនេះ​»​។​
 
​ក្រៅពី​ជីវភាព​លំបាក និង​មិនមាន​ដី​សម្រាប់ធ្វើ​ស្រែចម្ការ អ្នកស្រី ក៏​បារម្ភ​អំពី​អនាគត​កូនប្រុស​ស្រី​ពីរ​នាក់ ដែល​ម្នាក់​ទើបតែ​រៀន​ថ្នាក់​ទី​១​ប៉ុណ្ណោះ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​បារម្ភ​ពី​អនាគត​កូន ព្រោះ​អី​មិនដឹង​បាន​អី​រកស៊ី​ចិញ្ចឹម​កូន​ទៀត​។ បើ​អស់​ប៉ុណ្ណឹង​ហើយ មិនដឹង​សង្ឃឹម​អី​ទេ​បង​អើយ​»​។​


អ្នកស្រី ឈឹម សារី អាយុ​៦៣​ឆ្នាំ ម្តាយ​របស់​អ្នកស្រី គា ទាវ កំពុង​អង្គុយ​លើ​អង្រឹង​ក្រោមផ្ទះ​របស់​អ្នកស្រី​ក្នុង​ភូមិ​អូរចាន់ ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
 
​ម្តាយ​របស់​អ្នកស្រី​គឺ​អ្នកស្រី ឈឹម សារី អាយុ​៦៣​ឆ្នាំ កំពុង​អង្គុយ​នៅ​អង្រឹង​ក្បែរ​នោះ​។ ស្ត្រី​ដែលមាន​កូន​១០​នាក់ នេះ​មានប្រសាសន៍ថា  ការបាត់​គោយន្ត និង​មុខរបរ​នេះ ក៏​ប៉ះពាល់​ដល់​អ្នកស្រី​ដែល​មិនមាន​ការងារ​អ្វី​ធ្វើ  រង់ចាំតែ​ការផ្គត់ផ្គង់​ពី​កូន​តែប៉ុណ្ណោះ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​រាល់ថ្ងៃនេះ​អូន​ឯង​គិត​មើលខ្លួន​ក៏​ចាស់​ហើយ​។  រាល់ថ្ងៃ កូន​រក​ត្រើ​កៗ គ្រាន់​ហុច​ឲ្យ​ម៉ែ​ហូប ហើយ​ឥឡូវ​បើ​កូន​អស់​ទៀត ម៉ែ​មានអី​? រាល់ថ្ងៃ​សង្ឃឹម​វា​ដែរ​។ ខ្ញុំ​នេះ​ខ្ញុំ​មាន​ទៅរក​អី​បាន​?»

© រក្សាសិទ្ធិដោយ thmeythmey.com