Europa៖ Man Utd និង Inter Milan ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Man Utd និង Inter Milan ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
11, Aug 2020 , 10:22 am        
រូបភាព
​ក្រុម Manchester United និង Inter Milan ចាប់ដៃគ្នា​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ UEFA Europa League បន្ទាប់ពី​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​។ Man Utd យកឈ្នះ Copenhagen ១-០ ឯ Inter ឈ្នះ Bayern Leverkusen ២-១ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ដែល​ធ្វើឡើង​តែមួយ​ជើង​ប៉ុណ្ណោះ​។



​នា​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​ទឹកដី​កណ្តាល​ក្នុង​កីឡដ្ឋាន RheinEnergie STADION ប្រទេស​អាល្លឺម៉ង់​នៅ​រាត្រី​ថ្ងៃទី​១០ ខែសីហា Man Utd បាន​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ទៅលើ​ក្រុម Copenhagen តាំងពី​វគ្គ​ទី​១​ដល់​វគ្គ​ទី​២ ដោយ​ស៊ុត​សរុប​១៤​លើក ទល់​១​លើក ប៉ុន្តែ​មិនមាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​ឡើយ​។ ក្រុម​ទាំងពី​បញ្ចប់​ក្នុង​ម៉ោង​ប្រកួត​ផ្លូវការ​៩០​នាទី​ដោយ​លទ្ធផល ០-០​។​


 
​ក្រុម​ទាំងពីរ​តម្រូវ​ឲ្យ​លេង​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​ពីរដង​។ នៅក្នុង​ម៉ោង​បន្ថែម​១៥​នាទី​ដំបូង ត្រឹម​នាទី​៩៥ ក្រុម​បិសាច​ក្រហម​ទទួលបាន​ឱកាស​មាស​ដោយ​ទទួលបាន​បាល់​ពិន័យ​១១​ម៉ែត្រ បន្ទាប់ពី​លោក​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​ពិន័យ​កីឡាករ​របស់ Copenhagen ដែល​បង្កកំហុស​លើ Anthony Martial​។ Bruno Fernandes ជា​អ្នករ៉ាប់រង​ការ​ស៊ុត​នេះ​ដោយ​សម្រេចបាន​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​លទ្ធផល ១-០ នេះ​។​
 
​ជ័យជម្នះ​នេះ បាន​នាំ​ក្រុម​លោក Ole Gunnar Solskjaer ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ត្រូវ​រង់ចាំ​ជំនួប​រវាង Wolves និង Sevilla ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​រាត្រី​ថ្ងៃទី​១១ ខែសីហា​នេះ វេលា​ម៉ោង ២:០០​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​
 
​ដោយឡែក Inter Milan វិញ​ក៏បាន​កក់​កៅអី​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ដែរ ដោយ​ទម្លាក់​ក្រុម​ពី​អាល្លឺម៉ង់ Leverkusen ក្នុង​លទ្ធផល ២-១​។ ២​គ្រាប់​របស់ Inter សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Romelu Lukaku និង Nicolo Barella រីឯ​មួយ​គ្រាប់​របស់ Leverkusen ធ្វើបាន​ដោយ​កីឡាករ Kai Havertz​។​
 
​ក្រុម​ដែលមាន​អ្នកចាត់ការ​ទូទៅ​លោក Antonio Conte នឹងត្រូវ​ជួប​ជាមួយ Shakhtar Donetsk ឬ Basel បន្ទាប់ពី​ក្រុម​ទាំង​ពីនេះ​ត្រូវ​ជួបគ្នា​វគ្គ​៨​ក្រុម​នៅ​រាត្រី​នេះ​ដូចគ្នា​៕


 

Tag:
 Europa League
  Manchester United
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com