អត្ថបទពាណិជ្ជកម្ម
ទីបំផុត សែ​ល​កាត ស្វែង​រកឃើញ​ម្ចាស់​ជើងឯក​កម្មវិធី​ប្រកួត Rules of Survival (RoS) KH Cup រដូវ​កាល​ទី 3
11, Aug 2020 , 11:14 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​សែ​ល​កាត​ដែលជា​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត  តែងតែ​ផ្តល់ជូន​នូវ​បទពិសោធន៍​លេង​ហ្គេម​តាម​អន​ឡាញ​ល្អផ្តាច់គេ​។ អ្វីដែល​ពិសេស​នោះ ក្រុមហ៊ុន​បានរៀបចំ​ព្រឹត្តិការណ៍​ប្រកួត Rules of Survival (RoS) KH Cup Season 3 វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​សៅរ៍ ទី 8 ខែសីហា ឆ្នាំ 2020 កន្លងទៅ​ថ្មីៗ​នេះ​។​
 
​ក្រុម​កីឡាករ ចំនួន 18 ក្រុម បាន​ចូលរួម​ប្រកួត​នា​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅនេះ ដើម្បី​ប្រជែង​យក​តំណែង​ជា​ម្ចាស់​ជើងឯក RoS KH Cup នា​រដូវ​កាល​ទី 3 នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​សែន​សុខ​។ ជា​លទ្ធផល​នៅ​ចុងបញ្ចប់ ក្រុម TeamUP (​ក្រុម​យូ ភី​) បានទទួល​ជ័យជំនះ​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ពោលគឺ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​កម្មវិធី​តែម្តង​។​




 
​រង្វាន់​ជា​ទឹកប្រាក់​សរុប​ចំនួន 50,000,000 រៀល ត្រូវបាន​រៀបចំឡើង​ដើម្បី​ប្រគល់ជូន​ដល់​ក្រុម​កីឡាករ​ដែល​បាន​ចូលរួម នៅក្នុង​កម្មវិធី​ប្រកួត ដោយ​ក្នុងនោះ ក្រុម TeamUP (​ក្រុម​យូ ភី​) ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន 20,000,000 រៀល សម្រាប់​តំណែង​ជា​ជើងឯក ប្រចាំ​កម្មវិធី​។ ចំណែកឯ​ក្រុម NRXCambodia ដែល​ជាប់​ចំណាត់ថ្នាក់​លេខ 2 ទទួលបាន​ទឹកប្រាក់​ចំនួន 8,000,000 រៀល និង​ក្រុម Vipers ទទួលបាន​ទឹកប្រាក់​ចំនួន 5,000,000 រៀល សម្រាប់​ចំណាត់ថ្នាក់​លេខ 3 ។​
 
​ក្រុម​កីឡាករ​ទាំងអស់ បាន​ចូលរួម​ប្រកួត​តាមរយៈ​កម្មវិធី PlayGame របស់​ក្រុមហ៊ុន សែ​ល​កាត ហើយ​ទន្ទឹមនឹងនោះ​ផងដែរ បណ្តា​អ្នកគាំទ្រ ក៏បាន​ចូលរួម​តាមដាន​ទស្សនា​សកម្មភាព​ផ្សាយ​ផ្ទាល់​តាមរយៈ Virtual Gaming Platform ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា (​ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​តាំងពី​ខែមេសា​កន្លងទៅ​ថ្មីៗ​នេះ​) ហើយ​អ្នកគាំទ្រ​ខ្លះទៀត ធ្វើការ​តាមដាន​ទស្សនា​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រុមហ៊ុន សែ​ល​កាត​។​
 
​បន្ទាប់ពី​កម្មវិធី​ប្រកួត RoS KH Cup វគ្គ​ផ្តាច់ព្រ័ត្រ ត្រូវបាន​បញ្ចប់ទៅ កម្មវិធី​ប្រកួត​ជា​លក្ខណៈ All-Star ដ៏​ជក់ចិត្ត ក៏បាន​ចូលខ្លួន​មក​បន្ត ដោយ​ក្នុងនោះ​ក្រុម​ចំនួន 10 ដែលមាន​សំឡេងគាំទ្រ​តាម​អន​ឡាញ​ច្រើនជាងគេ ទទួលបាន​សិទ្ធិ​ដើម្បី​ចូលរួម​ប្រកួត​។ ដើម្បី​ញ៉ាំងឱ្យ​កម្មវិធី​កាន់តែ​ប្លែក​អារម្មណ៍​ថែមទៀត​នោះ Influencer របស់​ហ្គេម RoS ល្បីៗ រួមមាន​លោក Bunleng, Tii Gaming និង Lee Official ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅក្នុង​ការប្រកួត All-Star ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន 2 លាន​រៀល​ផងដែរ​។ បន្ទាប់ពី​ការប្រកួត​ត្រូវបាន​បញ្ចប់ទៅ ជ័យលាភី​សម្រាប់​វគ្គ All-Star គឺ​បាន​ទៅលើ​ក្រុម 4Military​។​


 
​កម្មវិធី​ប្រកួត​នេះ​អាច​ប្រព្រឹត្តទៅបាន គឺ​អាស្រ័យ​ដោយមាន​កិច្ចសហការ​យ៉ាង​ស្អិតល្មួត រវាង​ក្រុមហ៊ុន សែ​ល​កាត ជាមួយនឹង​សហព័ន្ធ​កី​ឡាអេ​ឡិច​ត្រូ​និ​ច​កម្ពុជា និង Netease ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហ្គេម​ខ្នាត​យក្ស​របស់​ប្រទេស​ចិន​។​
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ “​យើង​ពិត​ជាមាន​មោទនភាព​យ៉ាង​ក្រៃលែង ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ នៅក្នុង​វិស័យ​កីឡា​អេឡិចត្រូនិក​ម្ពុ​ជា​។ ការទទួលស្គាល់​នាពេល​ថ្មីៗ​នេះ​ដោយ​ស្ថាប័ន Opensignal និង​យុទ្ធសាស្ត្រ​របស់​យើង ក្នុងការ​ផ្តល់ជូន​នូវ​បណ្តាញទូរស័ព្ទ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ និង​ផ្តល់​បទពិសោធន៍​លេង​ហ្គេម​ល្អ​បំផុត គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះថា​កីឡា​អេ​ឡិច​ត្រូ​និ​ច គឺជា​ប្រភេទ​កីឡា​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ យ៉ាង​ផុសផុល​បំផុត​នាពេល​បច្ចុប្បន្ននេះ​។ 
​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ផងដែរ ដើម្បី​ចូលរួម​អបអរសាទរ​ដល់​ក្រុម TeamUP ដែល​បាន​ក្លាយជា​ម្ចាស់​ជើងឯក​នា​រដូវ​កាល​នេះ​”​។​
 
​នាពេល​ថ្មីៗ​នេះ Opensignal ដែលជា​ស្ថាប័ន​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ បានប្រកាស​ឱ្យដឹងថា បណ្តាញ 4G LTE របស់​ក្រុមហ៊ុន សែ​ល​កាត បាន​ជាប់​ជា​ជ័យលាភី​ពានរង្វាន់ បទពិសោធន៍​នៃ​ការលេង​ហ្គេម (Games Experience) ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយ​យោងតាម​លទ្ធផល​ជាក់ស្តែង ក្រុមហ៊ុន​សែ​ល​កាត គឺជា​ប្រតិបត្តិ​ករ​ថ្នាក់ជាតិ​តែមួយគត់ ដែល​អ្នកប្រើប្រាស់ (​ស្ថាប័ន Opensignal ផ្ទាល់​) បាន​សង្កេតឃើញ​នូវ​ការផ្តល់ជូន បទពិសោធន៍​នៃ​ការលេង​ហ្គេម នៅលើ​បណ្តាញ 4G នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​កម្រិត​ខ្ពស់​ជាងគេ​បំផុត​។​


 
​លោក វ៉ាត​សុន ក៏បាន​បន្ថែម​ឱ្យដឹង​ផងដែរ​ថា​៖ “​ក្រុមហ៊ុន សែ​ល​កាត ពិត​ជាមាន​កិត្តិយស​បំផុត ដែលមាន​ឱកាស​ក្នុងការ​ចូលរួម​គាំទ្រ និង​ជួយ​ស្វែងរក​កីឡាករ​ស្រុក ដែលមាន​សមត្ថភាព​ឆ្នើមៗ​។ ហើយ​ទន្ទឹមនឹងនោះ ក្រុមហ៊ុន​ក៏មាន​ក្តី​សោមនស្ស​ក្នុង​ការរៀបចំ​កម្មវិធី​ប្រកួតប្រជែង​នៅក្នុង​ស្រុក ក៏ដូចជា​ផ្តល់ជូន​នូវ​ឱកាស​ដល់​កីឡាករ​អេ​ឡិច​ត្រូ​និ​ច​កម្ពុជា ឱ្យ​អាច​ចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​លំដាប់ថ្នាក់​អន្តរជាតិ​ផងដែរ​” ។​
 
​ក្រុមហ៊ុន សែ​ល​កាត នឹង​រៀបចំ​កម្មវិធី​ផ្សាយ​ផ្ទាល់​រយៈពេល​ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី 14 ខែសីហា​ខាងមុខនេះ ដើម្បីឱ្យ​កីឡាករ​ហ្គេម​ខ្មែរ​យើង អាច​ស្វែងយល់​បន្ថែម​អំពី​កី​ឡាអេ​ឡិច​ត្រូ​និ​ច ក៏ដូចជា​ផ្តល់ឱកាស​ដើម្បី​ទស្សនា​កីឡាករ​អាជីព​យើង ប្រកួត​ផ្ទាល់​នៅលើ PlayGame​។ កម្មវិធី​ប្រកួត​នេះ នឹងមាន​វត្តមាន​ចូលរួម​ដោយ​ក្រុម​កីឡាករ​ល្បីៗ ដែល​ក្នុងនោះ​មានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និង​ក្រុម​ជាច្រើន​ផ្សេងទៀត​ផងដែរ​។​
 
​គួរ​រំលឹក​ផងដែរ ក្រុមហ៊ុន សែ​ល​កាត បាន​ចូលរួម​ជួយ​ជ្រោមជ្រែង​ដល់​វិស័យ​កី​ឡាអេ​ឡិច​ត្រូ​និ​ច​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ 2018 មកម្ល៉េះ ហើយ​មកទល់​បច្ចុប្បន្ន​នេះ  ក្រុមហ៊ុន​ថែមទាំង​បាន​បម្រើ​ជូន​ដល់​សហគមន៍​អ្នកគាំទ្រ​វិស័យ​ហ្គេម ប្រមាណ​ជាង 2 លាន​នាក់ ទៀតផង​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com