ដោយ៖ ពេជ្រ ចន្ទ្រា
ក្បួនសឹក ស៊ុន អ៊ូ មានប្រវត្តិ ២៥០០ឆ្នាំមកហើយ តែក្បួននេះនៅមានតម្លៃសម្រាប់ការសិក្សា និងពិចារណាក្នុងយុទ្ធសាស្ត្រសង្គ្រាមសម័យទំនើប។ ស៊ុន អ៊ូ លើកឡើងថា «ក្បួនសឹក មានសារសំខាន់ណាស់។ វាជាបញ្ហាស្លាប់រស់ដែលជាផ្លូវទៅរកភាពសុខសាន្ត ឬមហន្តរាយរបស់ប្រទេសជាតិ»។
ក្នុងប្រវត្តិមនុស្សជាតិ ពីបុរាណកាលមក ការធ្លាក់ចុះនៃមហាអំណាចចាស់ ហើយមហាអំណាចថ្មីរះឡើងជារឿងធម្មតា តែការធ្លាក់ចុះថមថយឥទ្ធិពលរបស់មហាអំណាចចាស់មិនមែនជារឿងមួយពព្រិចភ្នែកទេ ហើយមហាអំណាចថ្មីរះឡើងក៏មិនមែនជារឿងមួយថ្ងៃពីរថ្ងៃដែរ។ ទាំងសងខាង សុទ្ធតែប្រើយុទ្ធសាស្ត្រ ធនធាន និងកម្លាំង ដើម្បីរក្សា ឬឈានទៅរកភាពជាកំពូលមហាអំណាច។ ដោយឡែក នាពេលបច្ចុប្បន្ននេះ ការប្រជែងឥទ្ធិពលរបស់ពួកមហាអំណាចរួមមានអាមេរិកនិងសម្ព័នមិត្ត ជាមួយប្រទេសចិនដែលជាមហាអំណាចទើបរះថ្មី រឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ឡើង តាមរយៈការរបង្ហាញកម្លាំងដាក់គ្នានៅតំបន់សមុទ្រចិនខាងត្បូង។
ស៊ុន អ៊ូ ឲ្យតម្លៃខ្លាំងលើការឈ្នះសង្គ្រាមដោយមិនបាច់ច្បាំង ដែលស្របទៅនឹងអ្វីដែលអាមេរិកចង់បាន នោះគឺការឈ្នះការប្រជែងអំណាចនេះ ដោយមិនបាច់ធ្វើសង្គ្រាម។ ជាក់ស្ដែង អាមេរិក គ្មានផលប្រយោជន៍ ឬភាពចាំបាច់ក្នុងការច្បាំងដោយផ្ទាល់ជាមួយនឹងចិននោះទេ លើកលែងតែចិនគំរាមដល់សន្តិសុខជាតិអាមេរិកខ្លាំងដូចករណីជប៉ុនវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅ Pearl Harbor ក្នុងសម័យសង្គ្រាមលោកលើកទី២ ។ តែចិនទំនងជាមិនប្រថុយនោះទេ ព្រោះ ស៊ុន អ៊ូ ដែលជាដូនតារបស់ខ្លួនលើកឡើងថា “បើគ្មានប្រយោជន៍កុំចេញច្បាំង បើទ័ពមិនខ្លាំងកុំធ្វើសង្គ្រាម” ហើយជាក់ស្ដែងកំលាំងទ័ពរបស់ចិននៅពេលនេះ ក៏មិនមែនជាដៃគូរបស់អាមេរិកនោះទេ ស្របពេលដែលខ្លួនមានសត្រូវជុំទិសទាំងក្នុង ទាំងក្រៅថែមទៀតផង។ ថ្នាក់ដឹកនាំចិន មិនអាចបដិសេធបានទេថាកងទ័ពអាមេរិក ក្រៅតែពីមានកញ្ចប់ថវិកាយោធាច្រើនជាងខ្លួនជិតបីដង កម្លាំងយោធាខ្លាំង សម្ព័ន្ធមិត្តច្រើន មូលដ្ឋានទ័ពមានស្ទើរគ្រប់ទីកន្លែងពាសពេញពិភពលោក ថែមទាំងមានបទពិសោធធ្វើសង្គ្រាមជាក់ស្ដែងដែលកងទ័ពរំដោះប្រជាជនចិនពិបាកប្រៀបធៀប។
បញ្ហាសមុទ្រចិនខាងត្បូងនេះ ជាឱកាសមួយដ៏ល្អសម្រាប់អាមេរិក បង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះបណ្ដាប្រទេសពាក់ព័ន្ធក្នុងជម្លោះជាមួយចិនលើបញ្ហាសមុទ្រចិនខាងត្បូងនេះ រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម គ្មានលទ្ធភាពគ្រប់គ្រាន់ទៅតតាំងជាមួយមហាយក្សចិនដែលកំពុងត្រដែតឡើងទាំងវិស័យយោធា និងសេដ្ឋកិច្ច ដែលនេះជាលក្ខខណ្ឌតម្រូវឲ្យបណ្ដាប្រទេសទាំងនេះ ត្រូវការវត្តមានអាមេរិកជាចាំបាច់ ដើម្បីមានទឹកមាត់ប្រៃគ្រប់គ្រាន់ក្នុងការចរចាជាមួយចិន។
ថ្មីៗនេះ អាមេរិកបានបញ្ចូននាវាផ្ទុកយន្តហោះចម្បាំងពីរគ្រឿង ទៅដើម្បីធ្វើសមយុទ្ធយោធានៅតំបន់ជម្លោះ ដែលជាសារមួយបញ្ជាក់ប្រាប់ចិនយ៉ាងច្បាស់ថា អាមេរិក នឹងមិនទុកឲ្យចិនធ្វើអ្វីតាមតែអំពើរចិត្តនោះទេ ហើយអាស៊ីប៉ាស៊ីហ្វិកនៅតែជាដែនឥទ្ធិពលរបស់ខ្លួន។ នៅជ្រុងម្ខាងទៀត អាមេរិកបានខិតខំយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពយោធា នៅតាមបណ្ដាប្រទេសជាប់ជម្លោះ ឬប្រទេសជិតខាងរបស់ចិន ក្នុងគោលបំណងដើម្បីដាក់សម្ពាធបន្ថែមលើទីក្រុងប៉េកាំងដូចជាការលក់អាវុធឲ្យជប៉ុន តៃវ៉ាន់ ឥណ្ឌា ឬ ឥណ្ឌូនេស៊ី ដូចតម្រាពិជ័យសង្គ្រាមពន្យល់ថា ត្រូវចងសម្ព័ន្ធមិត្តទល់នឹងសត្រូវរួម។ តែស៊ុន អ៊ូក៏បានបញ្ជាក់ដែរថា «យើងមិនអាចចូលរួមក្នុងសម្ព័ន្ធមិត្តបានទេ លុះត្រាណាតែយើងស្គាល់សម្ព័ន្ធមិត្តច្បាស់ជាមុនសិន»។ ក្នុងន័យនេះ អាមេរិកដឹងច្បាស់ណាស់ថាប្រទេសទាំងនេះ ត្រូវការខ្លួនជាបង្អែក ដើម្បីទប់ទល់ចិន តែបើមានថ្ងៃណាមួយចិនចុះខ្សោយ ប្រទេសទាំងនេះ អាចនឹងរុញអាមេរិកចេញ ឬក៏អាចក្លាយជាគូប្រជែងនឹងអាមេរិកវិញផងក៏មិនដឹង ដូចជាករណីជប៉ុន នៅទសវត្សរ៍ឆ្នាំ៩០ ដែលស្ទើរតែក្លាយជាមហាអំណាចសេដ្ឋកិច្ចទីមួយលើលោកទៅហើយ ប្រសិនបើគ្មានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ទេនោះ។ ឯករណីវៀតណាមវិញ អាមេរិកអាចត្រូវរ៉ូវជាមួយប្រទេសនេះបានក្នុងពេលនេះ តែប្រវត្តិសង្គ្រាមវៀតណាម នៅតែជាការចងចាំមួយសម្រាប់អាមេរិក។ ដូច្នេះ ប្រសិនបើត្រូវសាកកម្លាំងជាមួយចិនមែន មហាអំណាចមួយនេះ នឹងប្រមែរប្រមូលប្រទេសទាំងនេះចូលរួមតទល់ជាមួយចិន ដែលអាចធ្វើឲ្យអាមេរិកមានប្រៀបលើយុទ្ធសាស្ត្រ និងចំណេញក្នុងបញ្ហាភូមិសាស្ត្រនយោបាយថែមទៀតផង។ ដោយឡែក អាមេរិកខ្លួនឯងក៏កំពុងមានបញ្ហាផ្ទៃក្នុងដែលត្រូវដោះស្រាយដូចជា ការរាតត្បានៃមេរោគកូវីដ ១៩ និងបញ្ហារើសអើងពូជសាសន៍ផង។ ដូច្នេះ គេអាចសន្និដ្ឋានបានថា អាមេរិកគ្មានគោលដៅវាយប្រហារចិននោះទេ គ្រាន់តែចង់សង្កត់ចិនឲ្យជាប់ និងធ្វើឲ្យចិនថមថយឥទ្ធិពលរបស់ខ្លួនប៉ុណ្ណោះ។
និយាយដល់ប្រទេសចិនវិញ នាពេលបច្ចុប្បន្ន ដ្បិតថាមានទំហំសេដ្ឋកិច្ចធំ និងមានកម្លាំងយោធាខ្លាំង តែនៅតែមិនមែនជាដៃគូដែលអាចប្រឈមមុខដោយផ្ទាល់ជាមួយអាមេរិកបានឡើយ។ ដូច្នេះថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិនដឹងច្បាស់ណាស់ថា យុទ្ធសាស្ត្រល្អបំផុតនោះគឺ ចៀសវាងចំណុចខ្លាំង តែវាយលុកចំណុចខ្សោយរបស់សត្រូវ ដែលមានចែងក្នុងជំពូកទី៦ ក្នុងសៀវភៅក្បួនសឹក។ ក្នុងន័យនេះ បើគ្មានការចាំបាច់ ចិនត្រូវចៀសវាងសង្គ្រាមជាមួយអាមេរិក និងសម្ព័ន្ធមិត្ត ព្រោះមហាយក្សអាស៊ីមួយនេះ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពង្រីកកំលាំងរបស់ខ្លួនទាំងសេដ្ឋកិច្ច និងយោធាដើម្បីឈានទៅរកភាពជាមហាអំណាចទី១ លើលោក។ ចំពោះចិន សង្គ្រាមនឹងនាំមកនូវបញ្ហាជាច្រើនដែលរាំងស្ទះដល់ ដំណើរឈានទៅរកភាពជាកំពូលមហាអំណាចដែលជាមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង។ ក្នុងពេលជាមួយគ្នា ចិនព្យាយាមវាយបកទៅអាមេរិករឿងសមត្ថភាពគ្រប់គ្រងការរីករាលដាលជំងឺឆ្លង កូវីដ-១៩ ហើយឆ្លៀតពេលបង្អួតសក្តានុពលសេដ្ឋកិច្ចខ្លួន និងទីផ្សារធំទូលាយដែលអាចឲ្យសម្ព័ន្ធមិត្ដរបស់អាមេរិកមួយចំនួនពិចារណា ហើយសង្កត់សម្ព័ន្ធមិត្ដរបស់អាមេរិកណាដែលហ៊ានពើងទ្រូងដាក់ខ្លួនដូចជាអូស្ដ្រាលីជាដើម។
ចំពោះបញ្ហាយោធា ចិនខិតខំយ៉ាងខ្លាំង ដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន។ ជាឧទាហរណ៍ ការកសាងនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែ ដែលសព្វថ្ងៃចិនមានតែពីរគ្រឿង ស្របពេលដែលអាមេរិកមានដល់ទៅ១១ គ្រឿង នេះនៅមិនទាន់ប្រៀបធៀបបទពិសោធន៍សង្គ្រាមដែលនារិកលើនាវាទាំងនេះមានផង។ សូមកុំភ្លេចថា ការកសាងនាវាយក្សប្រភេទនេះ ត្រូវការធនធានច្រើន ពេលវេលាយូរ និងបច្ចេកទេសខ្ពស់ណាស់ ហើយរឿងដែលរឹតតែសំខាន់ទៀតនោះ ការចុះចតយន្តហោះលើនាវា មិនងាយស្រួលដូចការចុះចតយន្តហោះលើផ្ទៃដីនោះទេ ដែលទាមទារឲ្យប្រទេសអាស៊ីមួយនេះ ត្រូវការពេលវេលាហ្វឹកហាត់ច្រើនណាស់។ ម្យ៉ាងវិញទៀត នាវាផ្ទុកយន្តហោះចំបាំង មិនអាចធ្វើប្រតិបតិ្តការតែឯកឯងនោះទេ។ ផ្ទុយទៅវិញ ប្រតិបតិ្តការរបស់នាវាប្រភេទនេះ ត្រូវធ្វើឡើងជាក្រុមដែលគេឲ្យឈ្មោះថា Carrier strike group ដែលតម្រូវឲ្យមានភាពស៊ីចង្វាក់គ្នាពេលប្រយុទ្ធលើផ្ទៃទឹកទាំងយុទ្ធសាស្ត្រវាយលុក និងការពារ។
ដោយឡែក ប្រទេសចិនទៀតសោត ពោរពេញទៅដោយបញ្ហាទាំងខាងក្នុង និងខាងក្រៅដែលតម្រូវឲ្យប្រទេសមហាអំណាចមួយនេះ ចាយពេលយូរទៀតដើម្បីដោះស្រាយ ។ បញ្ហាខាងក្នុងរួមមាន បញ្ហានៅហុងកុង ឯករាជ្យភាពនៅកោះតៃវ៉ាន់ បញ្ហាទីបេ ឬជនជាតិ Uyghur នៅខេត្ត Xinjiang ជាដើម តែបញ្ហាដ៏ធំមួយទៀតរបស់ប្រទេសចិន នោះគឺអំពើពុករលួយក្នុងចំណោមកម្មាភិបាលរបស់បក្សកុម្មុយនីស្តចិន។ បើនិយាយពីបញ្ហាខាងក្រៅវិញ ចិនត្រូវដោះស្រាយទំនាស់ជាមួយជប៉ុននៅសមុទ្រចិនខាងកើត ស្របពេលដែលខ្លួនមានបញ្ហាជាមួយប្រទេសអាស៊ានមួយចំនួននៅសមុទ្រចិនខាងត្បូង ហើយនេះមិនទាន់រាប់ទាំងបញ្ហាព្រំដែនជាមួយឥណ្ឌា ព្រមទាំងប្រភពចម្លងជំងឺ កូវីដ -១៩ ទៀត ដែលពិភពលោកកំពុងចាប់អារម្មណ៍ រួមទាំងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក និងទំនាស់ជាមួយអូស្ដ្រាលី។ បញ្ហាច្រើនកន្លែងបែបនេះ តម្រូវឲ្យចិនត្រូវពង្រឹងខ្លួនសព្វកន្លែង ហើយនេះជាត្រណមធំបំផុតរបស់អ្នកធ្វើសឹកដែលស៊ុន អ៊ូលើកឡើង ព្រោះបើប្រទេសចិន ពង្រឹងខ្លួនគ្រប់ចំណុចនៃជម្លោះ នោះនឹងនាំឲ្យប្រទេសចិនខ្សោយគ្រប់កន្លែងដែលអាចឲ្យសត្រូវផ្ដួលចិនបានគ្រប់សមរភូមិប្រយុទ្ធ។ ត្រង់ចំណុចនេះ ស៊ុន អ៊ូ បញ្ជាក់ថា៖ «បើសត្រូវពង្រឹងផ្នែកខាងស្ដាំ នឹងចុះខ្សោយផ្នែកខាងឆ្វេង។ បើពង្រឹងផ្នែកខាងឆ្វេង នោះនឹងចុះខ្សោយផ្នែកខាងស្ដាំ។ បើពង្រឹងផ្នែកខាងមុខ នោះនឹងចុះខ្សោយផ្នែកខាងក្រោយ។ បើពង្រឹងផ្នែកខាងក្រោយ នោះនឹងចុះខ្សោយផ្នែកខាងមុខ។ ប្រសិនបើពង្រឹង កម្លាំងនៅគ្រប់ទីកន្លែង នោះវានឹងចុះខ្សោយនៅគ្រប់ទីកន្លែង។
និយាយដល់សម្ព័ន្ធមិត្ដរបស់ចិនវិញ គេទំនងអាចរាប់ រុស្ស៊ី អ៊ីរ៉ង់ ឬកូរ៉េខាងជើង តែគួរឲ្យស្ដាយណាស់ដែលមិនដឹងថាសម្ព័ន្ធមិត្ដនេះ អាចជួយចិនបានច្រើនប៉ុណ្ណាទេ ដ្បិតថារុស្ស៊ីខ្លួនឯងកំពុងត្រូវអឺរ៉ុបសង្កត់កជាប់ដែរ ជាពិសេស NATO កំពុងឡោមព័ទ្ធ។ និយាយពីអ៊ីរ៉ង់ ត្រូវសម្ព័ន្ធមិត្ដអាមេរិក នៅតំបន់អារ៉ាប់ រួមទាំងអ៊ីស្រាអែលផងឃ្លាំមើលជាប់។ ឯកូរ៉េខាងជើងវិញកំពុងរួមរឹតដោយរងទណ្ឌកម្មសេដ្ឋកិច្ចអស់ជាច្រើនឆ្នាំ ប្រជាជនកំពុងរងទុក្ខ ទោះលោក គីម ជុងអ៊ុន មានទឹកចិត្ត តែខ្វះលទ្ធភាពក៏អត់ប្រយោជន៍ដែរ។ ទោះជាយ៉ាងណាចិនមានចំណុចគួរឲ្យសរសើរលើការប្រើប្រាស់ចារកិច្ចឈ្លបយកការណ៍សម្ងាត់ ដែលធ្វើឲ្យអាមេរិក និងអឺរ៉ុបឈឺក្បាលមិនតិចដែរ។ នៅចំណុចចុងក្រោយនៃក្បួនសឹក លោកមេទ័ព ស៊ុន បែងចែកចារកិច្ចនេះជា៥ប្រភេទរួមមាន៖ ចារកិច្ចក្នុងស្រុក (Local spies) ចារកិច្ចផ្ទៃក្នុង (inward spies) ចារកិច្ចរបស់សត្រូវ (converted spies) ល្បិចបំភាន់ភ្នែក (doomed spies) និងចារកិច្ចយកការណ៍ពីជំរំទ័ពសត្រូវ (surviving spies)។ តាមរយៈចារកិច្ចទាំងនេះ ចិនអាចយកបានមិនតិចទេ នូវព័ត៌មានសំខាន់ៗ ជាច្រើន ជាពិសេសគឺព័ត៌មានបច្ចេកវិទ្យាទាំងយោធា និងស៊ីវិល។
ឥឡូវនេះគួរបញ្ចប់ការបរិយាយពីពួកមហាអំណាច ហើយនិយាយពីកម្ពុជាក្នុងបរិបទនៃការប្រជែងអំណាចនេះវិញម្ដង ដ្បិតថា ការប្រជែងគ្នារវាងពពួកមហាអំណាចនេះមានឥទ្ធិពលខ្លាំងលើបញ្ហាភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក។ តើកម្ពុជាគួរជ្រើសរើសផ្លូវបែបណា? ចំពោះអ្នកប្រាកដនិយម ក្នុងទំនាក់ទំនងអន្តរជាតិ ផ្លូវណាក៏ដោយឲ្យតែអាចឲ្យកម្ពុជាទទួលបានផលប្រយោជន៍ រាស្ត្របានសុខ នោះគឺជាផ្លូវត្រឹមត្រូវ ។ ក្នុងបរិបទនេះ កម្ពុជាដែលជាប្រទេសតូច គួរនៅឲ្យស្ងៀម សម្ងំកសាងសង្គមរបស់ខ្លួន ទាំងសេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធជាដើម-ល- ដើម្បីចាប់យកឱកាសក្រោយស្ងប់ព្យុះភ្លៀង។ ពេលនេះ មិនមែនជាពេលដែលកម្ពុជាត្រូវយកមុខមាត់ក្នុងការប្រជែងអំណាចនេះទេ។ ប្រទេសយើងគួរប្រកាន់នយោបាយអព្យាក្រឹតពិតប្រាកដ មិនមែនអព្យាក្រឹតស្និទ្ធកុម្មុយនីស្តនោះទេ។ ប្រទេសណាក៏ជាមិត្តរបស់កម្ពុជា។ យើងគួរប្រយ័ត្នចំពោះនយោបាយការបរទេសរបស់ខ្លួន។ បើផ្អៀងទៅតែម្ខាង ក្នុងនាមជាប្រទេសតូច កម្ពុជាអាចនឹងក្លាយជាកូនអុករបស់មហាអំណាច ជាក់ជាមិនខាន។ ដូចយើងធ្លាប់ដឹងមកហើយថា នយោបាយអព្យាក្រឹតស្និទ្ធកុម្មុយនីស្តក្នុងសម័យសង្គ្រាមត្រជាក់បាននាំមកនូវភាពវិនាសអន្តរាយដល់កម្ពុជា និងបន្សល់ទុកនូវផលវិបាកយ៉ាងច្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ជាចុងក្រោយ សូមមិត្តអ្នកអានដែលជាជនរួមជាតិ ទទួលបានតែសេចក្ដីសុខគ្រប់ប្រការ៕
ពេជ្រ ចន្ទ្រា បច្ចុប្បន្នជានិស្សិតយោធានៃបណ្ឌិតសភាយោធាកងទ័ពជើងទឹកអាមេរិក