អន្តរជាតិ
សេដ្ឋី​រ៉ែ​ចិន​ម្នាក់ ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​រឿង​រកស៊ី​ក្នុង​តំបន់ភ្នំ​អភិរក្ស​
11, Aug 2020 , 3:49 pm        
រូបភាព
ប្រភពរូបពីកាសែតហុងកុង South China Morning Post
ប្រភពរូបពីកាសែតហុងកុង South China Morning Post
ដោយ:
 ​សេដ្ឋី​ឧស្សាហកម្ម​រ៉ែ​របស់​ចិន​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ក្នុង​ខេត្ត​ចិន​ភាគ​ពាយព្យ ក្រោយ​របាយការណ៍​ព័ត៌មាន​មួយ​បាន​ចោទ​លោក​ថា​កាប់​កាប់​ជំនួញ​ជីក​រ៉ែ​ធ្បូ​ង​ថ្ម​ខុសច្បាប់​យ៉ាង​បើកចំហ ក្នុង​តំបន់ភ្នំ​អភិរក្ស​របស់​រដ្ឋាភិបាល​ចិន​។​

 
​អាជ្ញាធរ​ចិន​ក្នុង​ខេត្ត Qinghai បានប្រកាស​កាលពី​ថ្ងៃ​៩ ខែសីហា​ថា លោក Ma Shaowei ម្ចាស់​ក្រុមហ៊ុន​ជីក​រ៉ែ ឈ្មោះថា Xinqing ត្រូវបាន​ឃុំឃាំង​ខ្លួន ហើយ​មន្ត្រី​ចិន​៥​នាក់​ទៀត ក្នុង​ទីក្រុង Haixi ក៏ត្រូវ​បាន​ដកហូត​តំណែង និង​ដាក់​ក្រោម​ការស៊ើបអង្កេត​ប្រឆាំង​អំពើពុករលួយ​។ នេះ​បើតាម​ការចុះផ្សាយ​កាសែត​ហុងកុង South China Morning Post ។ 
 
​ការប្រកាស​ពី​ការចាប់ខ្លួន​សេដ្ឋី​ចិន​ក្នុង​ឧស្សា​កម្ម​រ៉ែ​នេះ ធ្វើឡើង​ក្រោយ​សារព័ត៌មាន​ចិន Economic Information Daily ដែលជា​កាសែត​សាខា​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ក្រុមហ៊ុន​រុករក​រ៉ែ Xinqing របស់លោក Ma រកចំណូលបាន​រហូត​ដល់​២,១៥​ពាន់​លាន​ដុល្លារ ក្នុងពេល​១៤​ឆ្នាំ ពី​ប្រតិបត្តិ​ការជីក​យក​រ៉ែ​ធ្បូ​ង​ថ្ម​ខុសច្បាប់​ក្នុង​តំបន់ភ្នំ Qilian ។ 
 
​យោងតាម​ការស៊ើបអង្កេត​អស់​ពេល​២​ឆ្នាំ​របស់​កាសែត​ចិន​ខាងលើ  ក្រុមហ៊ុន​នេះ បាន​ប្រតិបត្តិការ​ខួង​រ៉ែ​ធ្បូ​ង​ថ្ម ចាប់តាំងពី ឆ្នាំ​២០០៦​មក ដោយ​គ្មាន​លិខិតអនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ឡើយ​។  
 
​ទាក់ទិន​បញ្ហា​នេះ លោក Li Jiexiang អភិបាលរង​នៃ​ខេត្ត Qinghai អះអាងថា ការស៊ើបអង្កេត​បឋម​របស់​អាជ្ញាធរ បាន​រកឃើញថា ក្រុមហ៊ុន Xinqing នេះ​បាន​ប្រតិបត្តិ​ការជីក​រ៉ែ​ដោយ​ខុសច្បាប់​មែន​។ លោក​បន្ត ក្រុមការងារ​ចំនួន​២ មកពី​ក្របខណ្ឌ​ប៉ូលិស និង​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ នឹង​ស៊ើបអង្កេត​បន្ត​លើ​រឿងអាស្រូវ​ខាងលើនេះ​។ 
 
​សូមបញ្ជាក់ថា កិច្ចការពារបរិស្ថាន គឺជា​អាទិភាព​ដ៏​សំខាន់​មួយ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ចាប់តាំងពី​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១២​មក ហើយ​ចន្លោះ​ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦ ប្រមុខរដ្ឋ​រូបនេះ តែង​ចេញ​ការណែនាំ​អំពី​ការអភិរក្ស​ជួរ​ភ្នំ Qilian ។ នេះ​បើ​យោងតាម​ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍​រដ្ឋ​ចិន CCTV ។ 
 
​តួយ៉ាង ក្នុង​ឆ្នាំ​២០១៧ មន្ត្រី​ជាង​១០០​នាក់ រួមទាំង​មន្ត្រីជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​របស់​ចិន​ផង​នោះ ត្រូវបាន​ដាក់ទោស​សម្រាប់​ការបរាជ័យ​អនុវត្ត​បញ្ជា​ទាំងនេះ​របស់លោក​ប្រធានាធិបតី​។ មន្ត្រីជាន់ខ្ពស់​រូបនោះ ចុងក្រោយ ត្រូវបាន​បណ្ដេញ​ចេញពី​បក្ស ហើយ​ជាប់គុក​១២​ឆ្នាំ​សម្រាប់​អំពើពុករលួយ​។​
 
​ក្នុង​ឆ្នាំ​២០១៩ លោក ស៊ី ក៏បាន​ចុះទៅពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​ភ្នំ​នោះ​ផងដែរ ដោយ​អះអាងថា ជួរ​ភ្នំ Qilian គឺជា​ខែល​ដ៏​សំខាន់​សម្រាប់​សន្តិសុខ​អេកូឡូស៊ី ក្នុង​ភាគ​ខាងលិច​ប្រទេស​ចិន ហើយ​ការអភិរក្ស​វា គឺជា​សារសំខាន់​ផ្នែក​យុទ្ធសាស្ត្រ​ដើម្បី​ការពារ​បរិស្ថាន​ប្រទេស​៕ 

Tag:
 ចិន​
  រ៉ែ​
  Ma Shaowei
© រក្សាសិទ្ធិដោយ thmeythmey.com