ពីនេះ ពីនោះ
ប្រភេទ​ត្រី​ទឹកសាប​ជាច្រើន​បាន​ធ្លាក់ចុះ ៧៦ ភាគរយ ក្នុង​រយៈពេល​តិចជាង ៥០ ឆ្នាំ (​ត​)
13, Aug 2020 , 8:59 am        
រូបភាព
 ​អន្ទង់​អឺរ៉ុប ប្រភេទ​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ ក្នុង​រូបនេះ​វា​កំពុង​ស្ថិតនៅ​បាតទន្លេ​មួយ នៅក្នុង​ប្រទេស​បារាំង នេះ​ប្រហែលជា​ប្រភេទ​មច្ឆជាតិ​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ដ៍​សែនឆ្ងាយ​ជាងគេ​បំផុត​មួយ ពី​សមុទ្រសា​ហ្គាស​សូ (Sargasso) ទៅដល់​ទន្លេ​នៅ​អឺរ៉ុប និង​ត្រឡប់មកវិញ ក្នុង​ចម្ងាយ​ផ្លូវ ប្រហែល ១៦,០៩៣​គីឡូម៉ែត្រ​។ វា​ប្រឈម​នឹង​ការគំរាមកំហែង​ពី​ស្ថានីយ៍​ទឹក​វារិ​អគ្គិសនី ការបំពុល និង​ការនេសាទ​។ រូបភាព​៖ Bruno Guenard ពី Minden Pictures​។​
​អន្ទង់​អឺរ៉ុប ប្រភេទ​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ ក្នុង​រូបនេះ​វា​កំពុង​ស្ថិតនៅ​បាតទន្លេ​មួយ នៅក្នុង​ប្រទេស​បារាំង នេះ​ប្រហែលជា​ប្រភេទ​មច្ឆជាតិ​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ដ៍​សែនឆ្ងាយ​ជាងគេ​បំផុត​មួយ ពី​សមុទ្រសា​ហ្គាស​សូ (Sargasso) ទៅដល់​ទន្លេ​នៅ​អឺរ៉ុប និង​ត្រឡប់មកវិញ ក្នុង​ចម្ងាយ​ផ្លូវ ប្រហែល ១៦,០៩៣​គីឡូម៉ែត្រ​។ វា​ប្រឈម​នឹង​ការគំរាមកំហែង​ពី​ស្ថានីយ៍​ទឹក​វារិ​អគ្គិសនី ការបំពុល និង​ការនេសាទ​។ រូបភាព​៖ Bruno Guenard ពី Minden Pictures​។​
​ដោយ​៖ STEFAN LOVGREN / National Geographic
​លោក Herman Wanningen អ្នក​ជីវ​វិទូ​ផ្នែក​វារិ​ជាតិ និង​ជានា​យក​ផ្នែក​ច្នៃប្រឌិត នៃ​មូលនិធិ ការផ្លាស់​ទី​របស់​មច្ឆជាតិ​ពិភពលោក នៅ​ទីក្រុង Groningen ក្នុងប្រទេស​ហូ​ឡង់ បាន​និយាយថា «​ការធ្វើ​ចរាចរ​ផ្លាស់​ទី​របស់​ត្រី មាន​សារៈសំខាន់​ណាស់ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ប្រព័ន្ធ​អេកូឡូស៊ី ប៉ុន្តែ​ជារឿយៗ យើង​តែងតែ​មើលរំលង​ពី​ចំណុច​ទាំងនេះ​។​»

 
​នៅក្នុង​របាយការណ៍ បានចង្អុលបង្ហាញ​ពី​ការ​រិច​រិល​នៃ​ទីជម្រក ការផ្លាស់ប្តូរ និង​ការបាត់បង់​ទីជម្រក ដែលជា​ការគំរាមកំហែង​ធំ​បំផុត​មួយ ចំពោះ​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ទាំងអស់​។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ថែមទៀត​នោះ​គឺ ទំនប់​វារិ​អគ្គិសនី និង​របាំង​កាត់​ទន្លេ​ជាច្រើន ដែល​រារាំង​មិន​ឲ្យ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ទៅដល់​កន្លែង​បង្កាត់​ពង​-​កូន ឬ​រក​ចំណី​របស់​ពួកវា ដែល​រំខាន​ដល់​វដ្ត​ជីវិត​របស់​ពួកវា​យ៉ាងខ្លាំង​។ យោងតាម​ការសិក្សា​មួយ​កាលពី​ឆ្នាំមុន បាន​បង្ហាញថា មាន​តែមួយ​ភាគបី (១/៣)​នៃ​ទន្លេធំៗ នៅលើ​ពិភពលោក​ប៉ុណ្ណោះ ដែលមាន​លំហូរ​ទឹក​ដោយ​សេរី​ពុំមាន​ការរំខាន​។ 
 
​កត្តា​នេះ អាច​ពន្យល់​ពី​មូលហេតុ​ទ្វីបអឺរ៉ុប ដែលមាន​ទន្លេធំៗ មួយចំនួន នៅ​មិនមាន​សំណង់​ទំនប់ ក្រោយ​បាន​មើលឃើញ​ការធ្លាក់ចុះ​យ៉ាងខ្លាំង នៃ​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ដ៏​ធំ​បែបនេះ​។ ពពួក​ត្រី​មួយ​ប្រភេទ​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ខ្លាំង ត្រូវបាន​គេ​រកឃើញ​នៅ​អឺរ៉ុប នោះ​គឺ​ត្រី​ស្ទើ​ចៀន (sturgeon) ការធ្វើ​ចរាចរ​របស់​វា​បាន​ធ្លាក់ចុះ​ជាង ៩០​ភាគរយ ចាប់តាំងពី​ឆ្នាំ​១៩៧០​។ នេះ​ជាការ​ធ្លាក់ចុះ​ដ៏​ធំ​បំផុត​ក្នុងចំណោម​ប្រភេទ​ត្រី​ធ្វើចរាច​ផ្លាស់​ទីជិត ២៥០​ប្រភេទ ដែល​ត្រូវបាន​គេ​ឃ្លាំមើល​ដើម្បី​ធ្វើ​របាយការណ៍​។ ក្នុងចំណោម​ត្រី​ស្ទើ​ចៀន (sturgeon) ចំនួន ៦​ប្រភេទ យ៉ាងហោចណាស់ មាន​ត្រី​ស្ទើ​ចៀន (sturgeon) មួយ​ប្រភេទ ជា​ប្រវត្តិសាស្ត្រ ដែល​ហែល​នៅក្នុង​ទន្លេ​ដាន​យុប Danube (​ទន្លេ​ដាន​យុប មាន​ប្រវែង ២៨៥០​គីឡូម៉ែត្រ មាន​ប្រភព​ចេញពី​ប្រទេស​អាល្លឺម៉ង់ ហូរ​កាត់​ចំនួន ១១​ប្រទេស គឺ​ប្រទេស​អូទ្រីស ស្លូ​វ៉ា​គី ហុង​គ្រី ក្រូ​អាត ស៊ែ​ប រ៉ូ​ម៉ា​នី ប៊ុលហ្គារី ម៉ុ​ល​ដាវី និង​អ៊ុយ​ក្រែ​ន មុនពេល​ចាក់​ចូល​សមុទ្រ​ខ្មៅ​) ត្រូវបាន​គេ​ជឿថា វា​ផុត​ពូជ​ទៅហើយ និង​ក្រៅពីនេះ​ភាគច្រើន ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ជា​ប្រភេទ​ត្រី កំពុង​រង់រ​គ្រោះ​ជិត​ផុត​ពូជ (​សូម​ចូល​អាន​អំពី​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ផ្សេងទៀត ដែល​ប្រហាក់ប្រហែល​នឹង​ត្រី​ស្ទើ​ចៀន វា​មាន​ឈ្មោះថា Chinese paddlefish ដែល​ត្រូវបាន​គេ​ប្រកាសថា​ផុត​ពូជ​នៅ​ដើមឆ្នាំ​២០២០​។ (​សូម​រង់ចាំ​អាន​នៅ​វគ្គ​បន្ត​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com