អឺរ៉ុប ប្រាប់ថា នឹងពិចារណាផ្តល់ EBA ទាំងស្រុងវិញ បើកម្ពុជា គោរពសិទ្ធិមនុស្ស
ជាតិ
សេដ្ឋកិច្ច
អឺរ៉ុប ប្រាប់ថា នឹងពិចារណាផ្តល់ EBA ទាំងស្រុងវិញ បើកម្ពុជា គោរពសិទ្ធិមនុស្ស
12, Aug 2020 , 6:20 pm        
រូបភាព
អ្នកស្រី Ursula Von Der Leyen ប្រធានគណៈកម្មការអឺរ៉ុប ថ្លែងក្នុងកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាអឺរ៉ុប ក្នុងសភាអឺរ៉ុប នៅទីក្រុងព្រុចសែល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ (រូបពី AFP)
អ្នកស្រី Ursula Von Der Leyen ប្រធានគណៈកម្មការអឺរ៉ុប ថ្លែងក្នុងកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាអឺរ៉ុប ក្នុងសភាអឺរ៉ុប នៅទីក្រុងព្រុចសែល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ (រូបពី AFP)
ដោយ: ថ្មីៗ
គណៈកម្មការអឺរ៉ុប បានជូនដំណឹងថា ការដក២០ភាគរយ ឬ១ភាគ៣ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា បានចូលជាធរមានហើយ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះទៅ។ ទន្ទឹមនឹងនេះ គណៈកម្មការអឺរ៉ុប នៅផ្តល់ឱកាសដល់កម្ពុជា ដែលអាចទទួលបាន EBA ២០ភាគនោះមកវិញ បើកម្ពុជា ធ្វើតាមសំណូមពររបស់គណៈកម្មការអឺរ៉ុប។



តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប ជូនសារមកថា៖«បើរដ្ឋាភិបាលកម្ពុជា បង្ហាញការវិវឌ្ឍគួរកត់ឲ្យសម្គាល់ណាមួយ លើ [ការគោរព] សិទ្ធិនយោបាយនិងសិទ្ធិស៊ីវិល គណៈកម្មការអឺរ៉ុប នឹងពិចារណាជាថ្មីពីសេចក្តីសម្រេច [នៃការដក EBA ២០ភាគរយនេះ] ហើយអាចនឹងផ្តល់ជូន EBA ដូចដើមវិញ»។

សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានទេ ដោយសារតែលោកទាំងពីរ មិនទទួលការហៅចូល។

យ៉ាងណា លោក ផៃ ស៊ីផាន និយាយក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដដែល គឺមិនធ្វើឲ្យបាត់បង់អធិបតេយ្យនិងឯករាជ្យជាតិ ដោយសារតែចង់បាន EBA ២០ភាគរយនោះទេ។

លោក ថ្លែងថា៖«យើង មិនអាចលុតជង្គត់ ដើម្បីសុំទានគេ ក្នុងការធ្វើឲ្យយើង បោះបង់ចោលនូវអធិបតេយ្យភាពនិងឯករាជ្យភាពទេ ព្រោះអធិបតេយ្យភាពនិងនិងរាជ្យភាព យើងខំប្រឹងយូរណាស់ ហើយយើងចំណាយជីវិតមនុស្សច្រើនណាស់ ដែលបានរហូតមកដល់ពេលនេះ...»។

សម្រាប់លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវិញ ការដក EBA ២០ភាគរយពីកម្ពុជា ហាក់មិនសូវធំដុំឡើយ។ លោក សរសេរក្នុងបណ្តាញទំនាក់ទំនាក់តេឡេក្រាម ដែលប្រមូលផ្តុំដោយអ្នកកាសែត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ថា៖«ការកាត់ EBA ២០ភាគរយ ដូចអត់បាត់អ៊ីចឹង ដោយសារការនាំចេញផលិតផលពីកម្ពុជាចូលទៅអឺរ៉ុប នៅតែមាន។ […] មិនអាចយកឯករាជ្យ អធិបតេយ្យភាពជាតិទៅដោះដូរជាមួយ EBA ទេ»។

ការផ្តាច់ EBA ២០ភាគរយ មានន័យថា កម្ពុជា ត្រូវបង់ពន្ធលើមុខទំនិញប្រមាណ២០ភាគរយ ពេលនាំចូលទៅទីផ្សារអឺរ៉ុប។ គណៈកម្មការអឺរ៉ុប អះអាងថា ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់ខ្លាំង ទៅលើការនាំចេញផលិតផលមួយចំនួន រួមមាន សម្លៀកបំពាក់ ស្បែកជើង រួមទាំងផលិតផលធ្វើដំណើរ ដូចជាវ៉ាលី និង កាបូប ជាដើម ព្រមទាំងស្ករសផងដែរ។

គណៈកម្មការអឺរ៉ុប លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា កម្ពុជា គួរតែស្តារសិទ្ធិសេរីភាពផ្នែកនយោបាយ និង ប្រជាធិបតេយ្យឡើងវិញ ហើយក៏គួរតែចាប់ផ្តើមចរចាផ្ទៃក្នុងដែរ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ។ គណៈកម្មការអឺរ៉ុប ក៏ទាមទារដែរថា កម្ពុជា គួរផ្តល់សិទ្ធិនយោបាយជូនអតីតគណបក្សប្រឆាំងឡើងវិញ ហើយគួរតែកែប្រែច្បាប់មួយចំនួន ឲ្យមានភាពល្អប្រសើរ ដូចជា ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ជាដើម។

គណៈកម្មការអឺរ៉ុប មើលឃើញថា សិទ្ធិមនុស្សនៅកម្ពុជា ដូចជា សិទ្ធិនយោបាយ សិទ្ធិដីធ្លី និង សិទ្ធិការងារ ជាដើម កាន់តែមានសភាពយ៉ាប់យ៉ឺន ហេតុដូច្នេះ ទើបសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។

គណៈកម្មការអឺរ៉ុប ចំណាយពេលដល់ទៅមួយឆ្នាំកន្លះ មុននឹងឈានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការអឺរ៉ុប បានចាប់ផ្តើមនីតិវិធីដំបូងនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ មួយឆ្នាំក្រោយមក គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប ក៏សម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ។  

ការសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ មិនទាន់ចូលជាធរមាន ឬមិនទាន់អនុវត្តភ្លាមៗនោះទេ ដោយទុកពេល៦ខែឲ្យកម្ពុជា ចរចា។ ប៉ុន្តែ ការចរចារវាងកម្ពុជានិងអឺរ៉ុបក្នុងរយៈពេល៦ខែមកនេះ មិនបានឈានដល់ចំណុចយល់ស្របគ្នាឡើយ។

អ្វីដែលអឺរ៉ុប ចង់បាន គឺទាមទារឲ្យកម្ពុជា ស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ។ តែកម្ពុជា បកស្រាយថា កម្ពុជាគ្មានបញ្ហាសិទ្ធិមនុស្សឬដើរខុសគន្លងប្រជាធិបតេយ្យនោះទេ។ ទីបំផុត ៦ខែក្រោយមក សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្តីពីការផ្តាច់ EBA ២០ភាគរយពីកម្ពុជា ក៏ចូលជាធរមាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

វិស័យឯកជនមួយចំនួន ដូចជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាគមស្បែកជើងកម្ពុជា  និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ជាដើម ប្រឹងផ្ញើលិខិតរួមគ្នា ទៅគណៈកម្មការអឺរ៉ុបម្តងជាពីរដង ដើម្បីសុំឲ្យពន្យារពេលមួយឆ្នាំទៀត គឺសុំឲ្យចាំដល់ខែកុម្ភៈ ឆ្នាំ២០២១ ចាំផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ។

វិស័យឯកជនទាំងនោះ ព្យាយាមបង្ហាញក្តីបារម្ភខ្លាំងរបស់ពួកគេ ពីផលប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ដោយសារផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ។ តែសំណើនិងក្តីបារម្ភរបស់វិស័យឯកជនទាំងនោះ មិនទទួលបាលទ្ធផលឡើយ។

កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA តាំងពីឆ្នាំ២០០១មក។ បច្ចុប្បន្ន ក្នុងតំបន់អាស៊ាន មានប្រទេសកំពុងអភិវឌ្ឍតែ៣ប៉ុណ្ណោះ គឺ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA។

ប្រទេសណា ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) ប្រទេសនោះ អាចនាំទំនិញគ្រប់មុខ លើកលែងតែអាវុធ ទៅលក់នៅទីផ្សារអឺរ៉ុប ដោយមិនបង់ពន្ធ៕

Tag:
 ផ្តាច់ EBA ២០ភាគរយ
© រក្សាសិទ្ធិដោយ thmeythmey.com