ស្ត្រីខ្មែរម្នាក់មកពីអាមេរិកមានជំងឺ COVID-19 ខណៈ ២នាក់ជាសះស្បើយ
COVID-19
ជាតិ
ស្ត្រីខ្មែរម្នាក់មកពីអាមេរិកមានជំងឺ COVID-19 ខណៈ ២នាក់ជាសះស្បើយ
14, Aug 2020 , 8:29 am        
រូបភាព
ព្រឹកថ្ងៃទី១៤សីហានេះ ក្រសួងសុខាភិបានប្រកាសរកជំងឺCOVID-19 ចំនួន១ករណីដែលកើតឡើងលើស្ត្រីខ្មែរម្នាក់មកពីអាមេរិក ក្រោយធ្វើតេស្តលើកទី២បង្ហាញលទ្ធផលវិជ្ជមាន កាលពីម្សិលមិញ។ ទន្ទឹមនឹងគ្នានេះ ក្រសួងក៏បានប្រកាសថា មានអ្នកជាសះស្បើយពីជំងឺនេះ ចំនួន២នាក់ផង។ ស្រ្តីមានជំងឺ COVID-19 នេះ បានធ្វើឱ្យកម្ពុជា កើននូវឡើងនូវអ្នកឆ្លង COVID-19  ចំនួន២៧៣នាក់ ដោយក្នុងនោះ មាន២២៥នាក់ បានជាសះស្បើយ។



ស្ត្រីខ្មែរដែលមានCOVID-19 ខាងលើ គឺបានមកដល់កម្ពុជា កាលពីថ្ងៃទី៣១កក្កដា ឆ្នាំ២០២០ ដែលមានអាស័យដ្ឋាននៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ បច្ចុប្បន្នស្រ្តីរូបនេះ កំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
 
ដោយឡែក បុរសខ្មែរ២នាក់ ដែលបានជាសះស្បើយពី COVID-19 នៅថ្ងៃទី១៣សីហានេះ  មានបុរសវ័យ២២ឆ្នាំ មានអាស័យដ្ឋាននៅភូមិជីមាន់ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ និងបុរសវ័យ២៦ឆ្នាំ មានលំនៅដ្ឋានក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្តាល។  អ្នកជាសះស្បើយពីCOVID-19នេះ គឺបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ិសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ហើយមកដល់កម្ពុជា កាលពីយប់ថ្ងៃទី១៣កក្កដា ឆ្នាំ២០២០។  នេះបើយោងតាមក្រសួងសុខាភិបាលដដែល៕

© រក្សាសិទ្ធិដោយ thmeythmey.com