កីឡាជាតិ
ជាតិ
បឹងកេត​មាន​ភាគរយ​ឡើងទៅ​វគ្គ​បន្ត​ខ្ពស់ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​អាចមាន​ការលំបាក​
14, Aug 2020 , 11:54 am        
រូបភាព
កីឡាករ ប្រាក់ មុន្នីឧត្តម (ឆ្វេង)និងរូបសកម្មភាពប្រកួតរវាងបឹងកេតជាមួយសៀមរាប និងស្វាយរៀងជាមួយសូលទីឡូអង្គរ, រូបភាពផ្តល់ដោយ CNCC
កីឡាករ ប្រាក់ មុន្នីឧត្តម (ឆ្វេង)និងរូបសកម្មភាពប្រកួតរវាងបឹងកេតជាមួយសៀមរាប និងស្វាយរៀងជាមួយសូលទីឡូអង្គរ, រូបភាពផ្តល់ដោយ CNCC
ដោយ:
​ក្រុម​បឹងកេត​មាន​ភាគរយ​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រោយ​យកឈ្នះ​ក្រុម​សៀមរាប ៥-០ នា​ជំនួប​ជើង​ទី​១​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​។ ដោយឡែក ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ១-០ យ៉ាង​ត្រដាបត្រដួស​នៅលើ​ទឹកដី​របស់ខ្លួន​។

 
​នា​ការប្រកួត​ជើង​ទី​១​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ខ្សែប្រយុទ្ធ សៀង ច​ន្ធា បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​បឹងកេត​នៅ​នាទី​ទី​២៨ មុន​កីឡាករ ម៉ាត់ នូ​រុណ បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​៦​នាទី​បន្ទាប់ មុន​ចប់​តង់​ទី​១​។ ឈានដល់​តង់​ទី​ពីរ​នៅ​នាទី​៤៨​កីឡាករ សៀង ច​ន្ធា រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន ដើម្បី​បង្កើន​ការនាំ​មុខ ៣-០ ឲ្យ​ក្រុម​បឹងកេត ក្រោយមក​កីឡាករ ឱ ភា​រុណ សម្រេចបាន​គ្រាប់​ទី​៤ មុន​ខ្សែការពារ ហុង ផេង រកបាន​គ្រាប់​ជ័យជម្នះ ៥-០ នៅ​នាទី​ទី​៧០​។ 
 
​ជ័យជម្នះ​នេះ​ជួយ​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​មាន​ភាគរយ​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដ្បិត​ពួកគេ​ត្រូវការ​ត្រឹម​ស្មើ ឬ​ចាញ់​ក្រោម​៥​គ្រាប់​ប៉ុណ្ណោះ​នា​ជំនួប​ជើង​ទី​ពីរ​នៅលើ​ទឹកដី​ខ្លួន​។ 
 
​ដោយឡែក ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​រវាង​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ក្លាយជា​ជំនួប​ដ៏​ទាក់ទាញ និង​ស្វិតស្វាញ​បំផុត​។ ឆ្លងកាត់​ការប្រកួត​៩០​នាទី​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​។ ប៉ុន្តែ​ឈាន​នាទី​បន្ថែម​នៃ​តង់​ទី​ពីរ​ភាពសប្បាយ​រីករាយ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​បានកើត​ឡើង បន្ទាប់ពី​កីឡាករ ប្រាក់ មុន្នី​វីរៈ សម្រេចបាន​គ្រាប់​បាល់​នាំមុខ ១-០ នៅ​នាទី​ទី​៩០​បូក​៤ ហើយ​វា​ក៏​ជា​គ្រាប់​ជ័យជម្នះ​ផងដែរ​។ 
 
​ជ័យជម្នះ​យ៉ាង​ត្រដាបត្រដួស​នៅ​ជើង​ទី​១​នេះ ធ្វើ​ឲ្យ​ឱកាស​ឈានទៅ​វគ្គ​បន្ត​សម្រាប់​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​មួយ​នេះ ហាក់​ស្ថិតក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​ទេ​។ ព្រោះ​ការប្រកួត​ជើង​ទី​២​ធ្វើឡើង​នៅលើ​ទឹកដី​សូល​ទី​ឡូ​អង្គរ ដែលជា​ក្រុម​មាន​ភាព​លេចធ្លោ​ជាមួយ​ការលេង​ដោយ​ប្រើប្រាស់​កីឡាករ​ខ្មែរ​សុទ្ធ​។ 
 
​សម្រាប់​ការប្រកួត​ជើង​ទី​១​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ក្រុម​កងយោធពល​ខេមរភូមិន្ទ​បាន​យកឈ្នះ​ក្រុម​កែប ១០-២ រីឯ​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​អាស៊ី​អឺរ៉ុប ៤-០ ខណៈ​ណាហ្គា​វើ​ល​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣-២ ចំណែក​ក្រុម​ព្រៃវែង​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៣-២​។ ដោយឡែក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​នគរបាលជាតិ​៕ 

Tag:
 Hun Sen Cup 2020
  បឹងកេត​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com