ជាតិ
ពីនេះ ពីនោះ
កំណត់ត្រា​ពិស្តារ​លើកដំបូង​នៃ​សិប្បីជាតិ​ចំនួន ៣១​ប្រភេទ នៅក្នុង​អាង​ទន្លេសាប​
14, Aug 2020 , 7:29 pm        
រូបភាព
​ប្រភេទ​គ្រំ លៀស​នៅក្នុង​អាង​ទន្លេសាប​។ រូបភាព​៖ TH Ng (A-C) and K Macharoenboon (D-G)
​ប្រភេទ​គ្រំ លៀស​នៅក្នុង​អាង​ទន្លេសាប​។ រូបភាព​៖ TH Ng (A-C) and K Macharoenboon (D-G)
ដោយ:
​លោក​បណ្ឌិត ង៉ោ ប៉េង​ប៊ុន ជា​អ្នកស្រាវជ្រាវ របស់​វិ​ទ្យ​ស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជល ដោយ​មា​ការគាំទ្រ​ពី​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ថ្មីៗ​នេះ លោក​នឹង​សហការី​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​ជា​ឯកសារ​មួយ អំពី​សិប្បីជាតិ​នៅក្នុង​អាង​ទន្លេសាប​។ នេះ​ជា​ឯកសារ​លម្អិត​លើកដំបូង ស្តីពី​សិប្បីជាតិ​ទឹកសាប​នៅក្នុង​អាង​ទន្លេសាប នៃ​ប្រទេស​កម្ពុជា​។ សំណាក​សិប្បីសត្វ​ទាំងនេះ ត្រូវបាន​ថែរក្សា​ទុក​នៅ​បន្ទប់​ថែរក្សា​សំណាក​វារិ​ជាតិ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល សម្រាប់​ការប្រើប្រាស់​បែប​វិទ្យា​ស្ត្រ ដូចជា​ការធ្វើ​សុពលភាព និង​ការសិក្សា​នានា ដើម្បី​លើកកម្ពស់​ការយល់ដឹង​ឲ្យ​បាន​ទូលំទូលាយ​ទៅលើ​ប្រភេទ​សត្វ​ទាំងនេះ​។​

 
​បឹង​ទន្លេសាប គឺជា​ចំណុច​ដ៏​សំខាន់​នៃ​ជីវចម្រុះ​ទឹកសាប ដែល​គាំទ្រ​ដល់​ជលផល​ទឹកសាប​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​។ ពពួក​សិប្បីជាតិ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ទ្រទ្រង់​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​អាង​ទន្លេសាប និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ ដូច​ពពួក​មច្ឆជាតិ​ដែរ បច្ចុប្បន្ននេះ ពពួក​សិប្បីសត្វ​ទាំងនេះ កំពុងស្ថិត​នៅក្នុង​ចំណោម​ពពួក​វារិ​សត្វ​គោលដៅ ដែល​ត្រូវធ្វើ​អាជីវកម្ម​។ ជា​រៀងរាល់ឆ្នាំ សិប្បីជាតិ​រាប់ពាន់​តោន ត្រូវបាន​គេ​ប្រមូល​ចេញពី​បាត​អាង​ទន្លេសាប ជាពិសេស​ពពួក​ខ្យង និង​លៀស​។ ទោះបី​សិប្បីជាតិ​មាន​សារៈសំខាន់​ក៏ដោយ ក៏ប៉ុន្តែ ការធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​ផល​ស្តុក និង​ផលប៉ះពាល់​ផ្សេងៗ ដែល​បង្កឡើង​ដោយ​សកម្មភាព​របស់​ម​នុស្ស​ទៅលើ​ពួកវា​ទាំង ត្រូវបាន​ធ្វើឡើង​តិចតួច​នៅឡើយ នៅក្នុង​អាង​ទន្លេសាប ក៏ដូចជា​នៅក្នុង​អាង​ទន្លេមេគង្គ​ទាំងមូល​ផងដែរ​។​
 
​ប្រភេទ​គ្រំ នៅក្នុង​អាង​ទន្លេសាប​។ រូបភាព​៖ K Macharoenboon
 
​យោងតាម​ការ​ឯកសារ​ចាស់​ដែល​បាន​កត់ត្រា​ទុក​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​សិប្បីជាតិ​ទឹកសាប​ចំនួន ១៥៣ ប្រភេទ បានមកពី​ទូទាំងប្រទេស​កម្ពុជា ត្រូវបាន​ប្រមូល និង​កត់​ត្រាទុក​។ ក្នុងនោះ​មាន ៣៣ ប្រភេទ បានមកពី​អាង​ទន្លេសាប​។​
 
​ការចុះ​ប្រមូល​សំណាក​សិប្បីជាតិ​នៅ​បឹង​ទន្លេសាប និង​តាម​តំបន់​ជុំវិញ​បឹង បាន​រកឃើញ​សិប្បីជាតិ​ចំនួន ៣១ ប្រភេទ នៅក្នុង​អាង​ទន្លេសាប រួមទាំង​កំណត់ត្រា​ថ្មី​ចំនួន ៣ ប្រភេទ នៅក្នុង​នោះ​រូ​ម​មាន​៖ (Scaphula minuta, Novaculina siamensis, Wattebledia siamensis)​។ វត្តមាន​នៃ​ខ្យង Pomacea maculata ដែល​ប្រភេទ​ក្រៅ​ស្រុក កំពុង​រាតត្បាត​ជាស​កល និង​ប្រភេទ​គ្រំ​តូចៗ ដែល​ងាយ​កើត​ដូចជា Limnoperna fortunei ក៏​ជា​ក្តីបារម្ភ​មួយ​ដែរ​។ សូម​ចុច​លើ​តំណ​ភ្ជាប់​ខាងក្រោម​នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​។​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com