ជាតិ
ព្រំដែន
លោក សួង សុភ័ណ្ឌ ម្នាក់ទៀត ត្រូវចាប់ខ្លួន ពីបទបំភ្លៃការពិតពីរឿងព្រំដែន
14, Aug 2020 , 2:52 pm        
រូបភាព
លោក សួង សុភ័ណ្ឌ និយាយទៅកាន់ប្រជាពលរដ្ឋ ដោយកាយវិការលើកដៃ ពេលលោក ចុះទៅមើលតំបន់មួយចំនួនតាមព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ (រូបពីគណនីហ្វេសប៊ុករបស់លោក សួង សុភ័ណ្ឌ)
លោក សួង សុភ័ណ្ឌ និយាយទៅកាន់ប្រជាពលរដ្ឋ ដោយកាយវិការលើកដៃ ពេលលោក ចុះទៅមើលតំបន់មួយចំនួនតាមព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ (រូបពីគណនីហ្វេសប៊ុករបស់លោក សួង សុភ័ណ្ឌ)
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានសមត្ថកិច្ច ទៅចាប់ដល់ផ្ទះរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ដោយសង្ស័យថា លោក បំភ្លៃខុសការពិតពីបញ្ហាព្រំដែន។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ។



លោក សាន សុខសីហា លើកឡើងថា ការឃាត់លោក សួង សុភ័ណ្ឌ គឺធ្វើតាមបញ្ជារបស់ព្រះរាជអាជ្ញា។ លោកវរសេនីយ៍ឯក អះអាងថា បទល្មើសរបស់លោក សួង សុភ័ណ្ឌ គឺជាបទល្មើសជាក់ស្តែង។ លោក បន្តថា ពេលនេះ លោក សួង សុភ័ណ្ឌ កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ដោយមិនទាន់បានបញ្ជូនទៅតុលាការនោះទេ។

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោក សួង សុភ័ណ្ឌ បានដឹកនាំមន្រ្តីគណបក្សរបស់លោក ចុះទៅជួបប្រជាពលរដ្ឋនិងមើលតំបន់មួយចំនួនតាមព្រំដែន នៅឃុំត្រពាំងផ្លុង ស្រុងពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចង់ដឹងការពិតពីអ្វីដែលលោគ រ៉ុង ឈុន និយាយថា វៀតណាម ចូលមកបំពាន។ បន្ទាប់មក លោក សួង សុភ័ណ្ឌ ក៏បានផ្តល់បទសម្ភាសជាមួយសារព័ត៌មាននានា មាន Cambodia Daily ជាដើម អំពីបេសកកម្មរបស់លោក ក្នុងការចុះទៅមើលព្រំដែន។ 
 
ក្រៅពីនេះ គេ ក៏ឃើញលោក សួង សុភ័ណ្ឌ មានសកម្មភាពញឹកញាប់ផងដែរ ក្នុងការចូលរួមជាមួយប្រជាពលរដ្ឋនិងក្រុមយុវជន ដើម្បីទាមទារឲ្យដោះលែង លោក រ៉ុង ឈុន។ មុនមានគណបក្សផ្ទាល់ខ្លួន លោក សួង សុភ័ណ្ឌ ធ្លាប់ជាយុវជននិងជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ។ 

លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាមេសហជីព និង ជាទីប្រឹក្សានៃសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ត្រូវចាប់ខ្លួន កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់លោក ដោយអាជ្ញាធរ ចោទថាលោក បំភ្លៃខុសការពិតពីរឿងព្រំដែន។ លោក រ៉ុង ឈុន ក៏ដូចលោក សួង សុភ័ណ្ឌ ដែរ គឺសមត្ថកិច្ច ចាត់ទុកថា លោក បានប្រព្រឹត្តបទល្មើសជាក់ស្តែង។ បច្ចុប្បន្ន លោក រ៉ុង ឈុន ត្រូវជាប់ឃុំបណ្តោះអាសន្ន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។ 

លោក រ៉ុង ឈុន បានចុះទៅជួបប្រជាពលរដ្ឋនិងដើរមើលតាមបង្គោលព្រំដែនមួយចំនួន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ បន្ទាប់មក លោក ក៏ចេញសេចក្តីថ្លែងការណ៍មួយ ដោយសរសេរថា ប្រជាពលរដ្ឋខ្មែរ និងតំបន់ខ្លះ តាមព្រំដែន ត្រូវអាជ្ញាធរវៀតណាម បំពាន។ លោក អះអាងថា ព័ត៌មានពីការបំពានរបស់អាជ្ញាធរវៀតណាម គឺប្រជាពលរដ្ឋ ជាអ្នកប្រាប់លោក។ 

មុននឹងចាប់លោក សួង សុភ័ណ្ឌ មានមនុស្ស១០នាក់រួចមកហើយ ដែលត្រូវចាប់ខ្លួន។ តែមនុស្សទាំង១០នាក់នោះ ត្រូវចាប់ខ្លួន មិនមែនដោយសារតែរឿងព្រំដែនទេ តែដោយសារពួកគេ ចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ 

ក្នុងចំណោមអ្នកទាំង១០នាក់នោះ មាន៣នាក់ ត្រូវចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម និងកំពុងជាប់ឃុំ ៥នាក់ កំពុងស្ថិតនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ២នាក់ ត្រូវបានដោះលែងវិញ។ រាប់ទាំងលោក សួង សុភ័ណ្ឌ ម្នាក់ទៀត គឺមាន៦នាក់ ដែលកំពុងស្ថិតនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងរង់ចាំការសម្រេចរបស់ព្រះរាជអាជ្ញា ថាត្រូវដោះលែងឬបញ្ជូនទៅតុលាការ៕ 


Tag:
 សួង សុភ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com