ជាតិ
មន្ទីរពេទ្យ​កុមារ​អង្គរ រៀបចំ​ពិធីបុណ្យ​ផ្កាប្រាក់ ដើម្បី​អង្គាស​ថវិកា​ទ្រទ្រង់​ប្រតិបត្តិ​ការសង្គ្រោះ​កុមារ​ឥតគិតថ្លៃ​
14, Aug 2020 , 5:04 pm        
រូបភាព
​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ជំនួយ​សប្បុរសធម៌​ពី​ក្រៅប្រទេស របស់​មន្ទីរពេទ្យ​អង្គរ​បាន​ធ្លាក់ចុះ ខណៈ​ការ​ផ្តល់ជំនួយ​ក្នុងស្រុក​ក៏​ថមថយ​។ ប្រឈម​មុននឹង​ការចំណាយ​ដ៏​ច្រើន ក្នុង​មួយឆ្នាំៗ​លើ​ការ​ព្យ​បាល​កុមារ​ដោយ​ឥតគិតថ្លៃ មន្ទីរពេទ្យ​កុមារ​អង្គរ ក៏​សម្រេចចិត្ត​រៀបចំ​ព្រឹត្តិការណ៍​មួយចំនួន​ដើម្បី​រៃអង្គាស​ថវិកា​នៅក្នុង​ប្រទេស​របស់ខ្លួន​ឡើងវិញ ដូចជា​ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី ឆ្នាំ​ទី​៧ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០២០​ខាងមុខ នៅ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​។



​សេចក្តីជូនដំណឹង​ដដែល បញ្ជាក់ថា ថវិកា​រៃអង្គាស​ដែល​ទទួលបាន​ពី​ពិធីបុណ្យ​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ​នឹង​ប្រើប្រាស់ ក្នុង​ការផ្តល់សេវា​សុខភាព ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​មកពី​គ្រប់ទិសទី​នៃ​ប្រ​ទែស​កម្ពុជា ដែលមាន​យ៉ាងតិច ៤០០ នាក់​ក្នុង​មួយថ្ងៃៗ​។ 
 
​លោក ទេព ណាវី នាយក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ មានប្រសាសន៍​ក្នុង​សេចក្តីជូនដំនឹង​នោះ​ថា មន្ទីរពេទ្យ​កុមារ​អង្គរ បាន​កាត់បន្ថយ​គម្រោង​ថវិកា​ចំណាយ​ប្រចាំឆ្នាំ​ពី​៦.៥​លាន​ដុល្លារ​អាមេរិក មក​ត្រឹម​៥.៩​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០​នេះ​។ ហើយ មន្ទីរ​ព​ទ្យ បារម្ភ​ពី​កង្វះ​ថវិកា​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។ 


 
​លោក ទេព ណាវី បន្ថែម​៖«​នៅក្នុង​គម្រោង​ថវិកា​ថ្មី​នេះ មាន​សប្បុរសជន ឬ​អង្គភាព​មូលនិធិ នៅក្រៅ​ប្រទេស​មួយចំនួន បាន​ប្តេជ្ញា ផ្តល់ជំនួយ​សរុប​ចំនួន ៣ លាន ៣ សែន ដុល្លារ ហើយ​ថវិកា​ចំនួន ១ លាន ៦ សែន​ដុល្លារ​ទៀត តម្រូវ​ឲ្យ​ក្រុមការងារ​រៃអង្គាស​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ ស្វែងរក​នៅក្រៅ​ប្រទេស​ចំនួន ១​លាន​ដុល្លារ និង​ក្នុងប្រទេស​ចំនួន ៦ សែន​ដុល្លារ​។ ពួកយើង​ពិតជា​ត្រូវការ​ជំនួយ​ពី​បណ្តា​ក្រុមហ៊ុន អង្គភាព និង​សាធារណៈជន​ទាំងអស់ ដើម្បី​ឲ​មន្ទីរពេទ្យ​បន្ត​ការពិនិត្យ​ព្យាបាល​កុមារ​កម្ពុជា​បន្តទៀត​»​។ 
 
​មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំនេញ ដែលមាន​បេសកកម្ម​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា​គ្រប់រូប​។ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ផ្តល់នូវ​ការយកចិត្តទុកដាក់ ពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា ប្រកបដោយ​ក្តីមេត្តា​ករុណា អស់​រយៈពេល​ជាង​២០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៩៩​។ បច្ចុប្បន្ននេះ មន្ទីរពេទ្យ​កុមារ​អង្គរ​មិន​ត្រឹមតែ​ផ្តល់នូវ​សេវា​សុខភាព ប្រកបដោយ​គុណភាព និង​ជំនាញ​ឯកទេស​វិជ្ជាជីវៈ​ខ្ពស់​ដល់​កុមារ​កម្ពុជា មន្ទីរពេទ្យ​ក៏មាន​ការប្តេជ្ញាចិត្ត ក្នុងការ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ បន្ត​ពង្រីក​ការអភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង ទាំង​ក្នុង និង​នៅ​ខាងក្រៅ​មន្ទីរពេទ្យ ព្រមទាំង​ដើរតួនាទី​ជា​អង្គភាព​គំរូ ដែលមាន​ភិ​បាល​កិច្ច​គណនេយ្យ​ភាពល្អប្រសើ​រ​។ តាមរយៈ​ទិន្នន័យ នៃ​ការស្រាវជ្រាវ និង​គោលនយោបាយ មន្ទីរពេទ្យ​កុមារ​អង្គរ កំពុងតែ​ជួយសង្គ្រោះ​ជីវិត​កុមារ​កាន់តែ​ទូលំទូលាយ តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​កុមារ​ក្នុង​តំបន់ និង​អន្តរជាតិ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com