កីឡាជាតិ
ជាតិ
លោក ហែម គី​រី មិន​ចង់​ឲ្យ​កីឡាហែលទឹក​មាន​ប្រវត្តិ​ដូច​ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​គ្មាន​មេដាយ ពេលធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឡើយ​
15, Aug 2020 , 10:30 pm        
រូបភាព
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក
ដោយ:
​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​មិន​ចង់​មាន​ប្រវត្តិ​ដូច​ប្រទេស​ឡាវ និង​មី​យ៉ាន់​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ហើយ​មិន​ដណ្តើមបាន​មេដាយ​នោះឡើយ​។ លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ ជាមួយគ្នានេះ លោក ក៏បាន​បង្ហាញ​ពី​ក្តីកង្វល់ និង​បញ្ហា​ប្រឈម​មួយចំនួន​របស់​សហព័ន្ធ​ផងដែរ​។​

 
​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក មិន​ចង់​ឲ្យ​ប្រវត្តិ​របស់​ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​មិន​ដណ្តើមបាន​មេដាយ​សោះ​លើ​វិញ្ញាសា​ហែល​ទឹក​ពេល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​កើត​មាននៅ​កម្ពុជា​ឡើយ​។ លោក​ជឿជាក់ថា កីឡាករ​កីឡាការិនី​កម្ពុជា​នឹង​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 
 
 
 «​នៅ​តំបន់​អាស៊ាន​មាន​ប្រទេស​ចំនួន​ពីរ​ដែល​ប្រឈម​បញ្ហា​លើ​វិញ្ញាសា​កីឡាហែលទឹក​ព្រោះ​ជាគោលការណ៍​វិញ្ញាសា​កីឡាហែលទឹក​និង​អត្តពលកម្ម​ត្រូវតែមាន​ដាច់ខាត​។ ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា ដែលជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​កន្លងមក គាត់​ប្រឈម​បញ្ហា​អត់​ដណ្តើមបាន​មេដាយ​សោះ​លើ​វិញ្ញាសា​កីឡាហែលទឹក ដូច្នេះ​ក្នុងនាម​ជា​អ្នកអនុវត្ត​ការងារ និង​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​ប្រធាន​សហព័ន្ធ គឺ​កម្ពុជា​អត់​ចង់បាន​លទ្ធផល​បែបនេះ​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហែម គី​រី​។ 
 
​ទន្ទឹមនឹង​ការលើកឡើង​នេះ លោក បានបង្ហាញ​ផែនការ និង​យុទ្ធសាស្ត្រ​សំខាន់ៗ​មួយចំនួន ដែល​រំពឹងថា ផែនការ​និង​យុទ្ធសាស្ត្រ​ទាំងនោះ​នឹង​អាចជួយ​ឲ្យ​ខ្លួន​សម្រេច​គោលដៅ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ បើតាម​លោក ហែម គី​រី សហព័ន្ធ​ខ្មែរ​កីឡា​ហែក​ទឹកនឹង​បញ្ជូន​កីឡាករ​មួយចំនួន​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន ក្រោយ​ស្ថានភាព​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ​។ សហព័ន្ធ​ក៏មាន​គម្រោង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ផងដែរ​។ 
 
​លើសពីនេះ សហព័ន្ធ​នឹង​ព្យាយាម​ស្វែងរក​កីឡាករ​សក្តានុពល​ដែលមាន​សញ្ជាតិ​ខ្មែរ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​នៅ​ឆ្នាំ​២០២៣​។ លោក ហែម គី​រី អះអាងថា លោក​កំពុងធ្វើការ​លើ​បញ្ហា​នេះ តាមរយៈ​ការទាក់ទង​ទៅកាន់​សមាគម​ខ្មែរ​នៅក្រៅ​ប្រទេស​។ 
 
​លោក​បាន​បន្ថែមថា​៖«​ដូច​ខ្ញុំ​លើកឡើង​ពី​ផែនការ​ទី​៣​យុទ្ធសាស្ត្រ​យក​ប្រៀប គឹ​យើង​សង្កត់ធ្ងន់​លើ​វិញ្ញាសា​ណា ដែល​យើង​រំពឹងថា អាច​ដណ្តើម​មេដាយ​បាន​។ វិញ្ញាសា​ហែល​ទឹក ដែល​សហព័ន្ធ​កីឡា​អន្តរជាតិ​ទទួលស្គាល់​រួមមាន​ហែល​ទឹក លោតទឹក បាល់​ទឹក របាំ​ក្នុង​ទឹក និង​ហែល​ទឹក​ចម្ងាយ​ឆ្ងាយ​(Open Water)​។ ប៉ុន្តែ​ក្នុងនោះ​មាន​វិញ្ញាសា​ថ្មី​មួយ គឺ​ហែល​ទឹកពាក់​កន្ទុយ ដែល​កម្ពុជា​យើង​កំពុង​សិក្សា​ថា យើង​នឹង​រៀបចំ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។ 
 
​ជាមួយគ្នានេះ លោក បានបង្ហាញ​ពី​ឆន្ទៈ​របស់​សហព័ន្ធ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ដល់​ដំណាក់កាល​ចុងក្រោយ​។ ឆន្ទៈ​របស់​យើង គឺ​យ៉ាងណា​យើង​ត្រូវតែ​ដណ្តើម​មេដាយ​ឲ្យ​បាន​ជូន​ជាតិ ព្រោះ​កន្លងមក​សហព័ន្ធ​យើង​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង តែ​មិនទាន់​ដល់​កម្រិត​ដែល​យើង​ចង់បាន​»​។ 
 
​លោក​បាន​បន្ថែមទៀតថា​៖«​ក្នុងនាម​ជា​អ្នកកីឡា គឺ​យើង​ត្រូវតែ​តាំងចិត្ត​ថា នឹង​ព្យាយាម​ប្រឹងប្រែង​ដណ្តើម​ជ័យជម្នះ តែ​នេះ​ជា​កត្តា​និយាយ​។ ប៉ុន្តែ​កត្តា​ជាក់ស្តែង​យើង​ត្រូវ​មើលទៅ​លើ​បញ្ហា និង​ឧបសគ្គ​ផ្សេងៗ ដែល​យើង​ជួបប្រទះ ក៏ដូចជា​បញ្ហា​ប្រឈម​ដែល​យើង​កំពុងធ្វើការ យើង​ត្រូវ​ប៉ាន់ប្រមាណ​ថា យើង​ដល់​កម្រិតណា​?»៕ 
 
 
 
 

Tag:
 ហែល​ទឹក​
  ហែម គី​រី​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com