ជាតិ
សង្គមជាតិ
សណ្ឋាគារ​ធំៗ​ទទួល​ការ​កក់​បន្ទប់​ជា​បណ្ដើរៗ រំពឹង​អាច​ស្រោចស្រង់​អាជីវកម្ម​បាន​មួយផ្នែក​
16, Aug 2020 , 6:59 pm        
រូបភាព
សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​រយៈពេល​៥​ថ្ងៃ កំឡុងពេល​ឈប់សម្រាក​ដែល​រាជរដ្ឋាភិបាល សង​ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំ​កាលពី​ខែមេសា នៅពេល​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ខ្លាំង​។ រដ្ឋបាលខេត្ត​រំពឹងថា កម្មវិធី​ដែល​រៀបចំ​នៅពេលនេះ នឹង​អាចធ្វើឱ្យ​ចរន្ត​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បេតិកភណ្ឌ​មួយ​នេះ ងើប​វិញ​ខ្លះៗ ឱ្យ​អាជីវករ​មាន​ក្ដីសង្ឃឹម​ឡើងវិញ លើ​វិស័យ​មួយ​នេះ​។ អ្នកគ្រប់គ្រង​សណ្ឋាគារ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពួកគេ​ទទួលបាន​ការ​កក់​ជាប​ណ្ដើ​រៗ ពី​អតិថិជន​ជា​ទេសចរ​ក្នុងស្រុក និង​បង្ហាញ​ក្ដី​សង្ឃឹមថា ទេសចរ​នឹង​មក​កម្សាន្ត​ខេត្តសៀមរាប ក្នុង​ចំនួន​ច្រើន​នា​ថ្ងៃ​ឈប់សម្រាក​រយៈពេល​យូរ​នេះ​។​

 
​រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​ពី​ការរៀបចំ​កម្មវិធី​កម្សាន្ត​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ សីហា ដែល​ក្នុងនោះ​មាន​ទាំង​កម្មវិធី​សាសនា ពិព័រណ៍​ម្ហូបអាហារ ផ្សារ​អណ្ដែត​ទឹក និង​ការ​លេងល្បែង​កម្សាន្ត​។​ល​។ ក្នុងនោះ តំបន់​ផាប់​ស្ទ្រី​ត ដែល​កន្លែង​កម្សាន្ត​ធំជាងគេ​នៅ​កណ្ដាល​ក្រុង ក៏​បើក​ដំណាលគ្នា​នេះដែរ​។ អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​សប្ដាហ៍​មុន​ថា កម្មវិធី​ទាំងនេះ​ធ្វើឡើង​ក្នុង​បំណង ឱ្យ​ចរន្ត​វិស័យ​ទេសចរណ៍​ខេត្ត​ដំណើរការ​វិញ ទោះ​ក្នុង​កម្រិត​ណាក៏ដោយ​។​
  
លោក កៅ ហ្វីលីព ម្ចាស់សណ្ឋាគារ មេម៉រ
​ម្ចាស់​សណ្ឋាគារ មេ​ម៉​រ លោក កៅ ហ្វី​លី​ព បានបង្ហាញ​ការគាំទ្រ​ចំពោះ​ពិធី​ខាងលើ​។ លោក​យល់ថា រដ្ឋបាលខេត្ត​បានរៀបចំ​កម្មវិធី​ជាច្រើន និង​ដោយមាន​ការគិតគូ​រយ៉ា​ង​ដិតដល់​ដល់​សុវត្ថិភាព​អ្នកចូលរួម ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។ តាម​ការបញ្ជាក់​របស់​លោក ហ្វី​លី​ព មកដល់ពេលនេះ សណ្ឋាគារ​របស់លោក ទទួលបាន​ការ​កក់​ប​ន្ទ​ប់​បណ្ដើរៗ​ហើយ និង​រំពឹងថា ទទួល​ការ​កក់​បន្ថែម​នៅ​កៀក​ថ្ងៃ​ប្រារព្ធ​ពិធី​។​
 
​ចំណែក​អ្នកគ្រប់គ្រង​សណ្ឋាគារ The Sanctuary Residence លោកស្រី ហួរ វណ្ណ​ល័​ក្ខ ក៏​មានការ​រំពឹងថា​នឹង​ទទួល​ការ​កក់​បន្ទប់​ពេញ​នា​រដូវ​នេះដែរ​។ លោកស្រី​យល់ថា ការរៀបចំ​កម្មវិធី និង​តុបតែង​លម្អ​ក្រុង​របស់​រដ្ឋបាលខេត្ត គឺ​បាន​ជួយ​ជំរុញ​ចរន្ត​ទេសចរណ៍​ក្នុង​ខេត្ត​បាន​ច្រើន ដោយសារ​ជា​សកម្មភាព​ថ្មី​មិន​ធ្លាប់មាន និង​មាន​ភាព​ទាក់ទាញ​។ បន្ថែម​ពីនេះ​លោកស្រី​ស្នើឱ្យ​រដ្ឋបាលខេត្ត គួរ​ពិចារណា អាច​បន្ត​រៀបចំ​ដូច្នេះ បើទោះបី​ផុត​ថ្ងៃ​ប្រារព្ធ​ពិធី​ក្ដី ព្រោះ​ការរៀបចំ​តុបតែង​នេះ ជា​ផ្នែក​មួយ​ទាក់ទាញ​ទេសចរ​ក្នុង​កម្រិត​ណាមួយ​ផងដែរ​។​
  
អ្នកនាង ហួរ វណ្ណល័ក្ខ អ្នកគ្រប់គ្រងសណ្ឋាគារ The Sanctuary Residence

​ងាក​ទៅ​សណ្ឋាគារ ហ៊ីល​ឡក់ Hillocks Hotel & Spa ក៏​ទទួល​ការ​កក់​ពេញ​កំឡុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខ​នេះដែរ​។ ប្រធាន​ផ្នែក​ការិយាល័យ​ជួរមុខ និង​គេហកិច្ច លោកស្រី ឈា ផល្លី ប្រាប់ថា ថ្ងៃទី​១៦,១៧ និង​១៨ បន្ទប់​ទាំង​៣៨ នៅ​សណ្ឋាគារ​ខ្លួន ត្រូវបាន​ភ្ញៀវ​កក់​ពេញ​តែម្ដង​។ ហើយ​កំឡុង​ថ្ងៃ​២០ ទទួលបាន​ការ​កក់​ខ្លះៗ ហើយ​រំពឹងថា អាច​ពេញ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​ពី​ថ្នាក់ដឹកនាំ​សណ្ឋាគារ ហ៊ីល​ឡក់​។ លោកស្រី​យល់ថា ការរៀបចំ​ពិធី​ខាងលើ ជា​យុទ្ធសាស្ដ្រ​ដែល​រដ្ឋបាលខេត្ត​ខិតខំ​ប្រឹងប្រែង​ជួយ​វិស័យ​ឯកជន ស្រប​ពេលដែល​បច្ចុប្បន្ន​ទេសចរ​ក្នុងស្រុក មានដំណើរ​កម្សាន្ត​ច្រើន ហើយ​ខេត្តសៀមរាប​ជា​គោលដៅ​មួយ​សម្រាប់​ពួកគេ​៕
 

អ្នកនា ឈា ផល្លី ប្រធានផ្នែកការិយាល័យជួរមុខ និងគេហកិច្ច នៅសណ្ឋាគារ ហ៊ីលឡក់ Hillocks Hotel & Spa




Tag:
 ទេសចរណ៍​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com