សំណល់​វិទ្យុសកម្ម​៖ ពេល​ប្រើប្រាស់​ហើយ​គេ​យកទៅ​ទុក​ទីណា​?
អន្តរជាតិ
​បច្ចេកវិទ្យា
សំណល់​វិទ្យុសកម្ម​៖ ពេល​ប្រើប្រាស់​ហើយ​គេ​យកទៅ​ទុក​ទីណា​?
16, Aug 2020 , 9:30 pm        
រូបភាព
​ចំពោះ​កាកសំណល់​ធម្មជាតិ ក្នុងនោះ​មានដូចជា​កាកសំណល់​សារី​រា​ង្គ​ដែលមាន​ប្រភព​មកពី​អាហារ រុក្ខជាតិ ឬ​សាកសព​សត្វ និង​កាកសំណល់​អ​សរីរាង្គ​ដែលមាន​ដូចជា​ផលិតផល​ប្លា​ស្ទិ​ក​ជាដើម គេ​តែងតែមាន​វិធីសាស្ត្រ​ងាយ​ក្នុងការ​កែច្នៃ​ឬ​រំលាយចោល​ទៅក្នុង​ធម្មជាតិ ជាមួយនឹង​ការប្រើប្រាស់​ពេលវេលា និង​ថវិកា​តិច​។ តែ​ចំពោះ​កាកសំណល់​របស់​មនុស្ស​មួយ​ប្រភេទ​ទៀត​វិញ ដែល​ហៅថា​«​កាកសំណល់​វិទ្យុសកម្ម​» (Nuclear Waste) ទាមទារ​ឲ្យ​មានការ​មើលថែរ និង​តាមដាន​ក្នុង​កម្រិត​មួយ​ខ្ពស់​ទោះបីជា​វា​លែង​ត្រូវបាន​គេ​ប្រើប្រាស់​មែន​ក្តី​។ កាកសំណល់​វិទ្យុសកម្ម​បានបង្ហាញ​ពី​ភាពជឿនលឿន​របស់​មនុស្ស​នៅក្នុង​វិស័យ​បច្ចេកវិទ្យា តែ​វា​ក៏បាន​បង្ហាញ​ពី​ការលំបាក​របស់​មនុស្ស​ក្នុងការ​គ្រប់គ្រង​កាកសំណល់​របស់​ខ្លួនឯង​ផងដែរ​។ 

​ដោយ​បកស្រាយ​ចេញពី​គេហទំព័រ​វិទ្យាសាស្ត្រ howstuffswork.com កាកសំណល់​វិទ្យុសកម្ម​អាចមាន​វត្តមាន​ជា​លំនាំ​ឧស្ម័ន សារធាតុ​រាវ និង​សារធាតុ​រឹង​។ ដោយ​ផ្អែកលើ​ប្រភព​នៃ​កាកសំណល់ កាកសំណល់​វិទ្យុសកម្ម​អាចមាន​រយៈពេល​បំពុល​ពី​ពីរ​ទៅ​បី​ម៉ោង រហូត​ទៅដល់​រយៈពេល​ជាច្រើន​ពាន់​ឆ្នាំ​។ កាកសំណល់​ប្រភេទ​មួយ​នេះ មានលទ្ធភាព​ក្នុងការ​បំផ្លាញ​គុណភាព​ខ្យល់ ប្រភពទឹក សណ្ឋាន​ដី និង​ជាពិសេស​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទៀតផង​។ 
 
​បរិមាណ​ជាច្រើន​នៃ​កាកសំណល់​វិទ្យុសកម្ម​មាន​ប្រភព​មកពី​រោងចក្រ​ផលិត​អគ្គីសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​។ គេ​ចែក​កាកសំណល់​នេះ​ជា​ពីរ​ធំៗ​គឺ​កាកសំណល់​ដែល​បាន​ក្រោយពី​ពេល​ប្រើប្រាស់​រួច និង​កាកសំណល់​ដែល​ផលិត​ចេញ​នៅពេលដែល​កំពុង​ប្រើប្រាស់​។ នៅក្នុង​រោងចក្រ​ផលិត​អគ្គីសនី សារធាតុ​វិទ្យុសកម្ម​ដែល​ត្រូវ​នឹង​យកទៅ​ប្រើប្រាស់ (​ដូចជា​អ៊ុយ​រ៉ា​ញ៉ូ​ម​) ត្រូវបាន​គេ​ផ្ទុក​នៅក្នុង​បំពង់​ដែក​។ 
 
​ក្រោយពី​ពេលដែល​សារធាតុ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់ សារធាតុ​គីមី​ពិសេស​ត្រូវបាន​គេ​យកមក​លាយ​ចម្រោះ​សារធាតុ​វិទ្យុសកម្ម​ដែល​នៅ​សេសសល់​។ នេះ​ក៏​ជា​សកម្មភាព​មួយ​ក្នុងការ​បង្កើត​កាក​សំ​ណស់​វិទ្យុសកម្ម​ផងដែរ​។ ក្រោយមក បំពង់​ដែរ​ទាំងនោះ​ត្រូវបាន​គេ​ទុក​នៅ​ស្ងៀម​នៅក្រោម​អាច​ទឹកធំៗ ជារឿយៗ​នៅតាម​រោងចក្រ​អគ្គីសនី​ដែល​ប្រើប្រាស់​វា​នោះឯង មុននឹង​យកទៅ​ស្តុក​ទុក​នៅ​កន្លែង​ដែល​ល្អ និង​មានគុណ​ភាព​ជាង​នេះ​ក្នុង​ពេលវេលា​មួយ​យូរអង្វែង​។ មូលហេតុ​គី​ថា ទឹកជា​សារធាតុ​មួយ​ដែល​អាច​ទប់ស្កាត់​ការ​ភាយ​ចេញ​នៃ​សារធាតុ​វិទ្យុសកម្ម​បាន និង​មានតម្លៃ​ទាប ងាយស្រួល​រក​។​
 
​មកទល់​បច្ចុប្បន្ន កាកសំណល់​វិទ្យុសកម្ម​ប្រមាណ​ជា​២៩​ពាន់​តោន​ត្រូវបាន​គេ​បញ្ចេញ​ចោល​។ នៅក្នុង​សហរដ្ឋ​អេ​មេ​រិ​ក កាកសំណល់​វិទ្យុសកម្មភាព​ច្រើន​ត្រូវបាន​គេ​ទុក​នៅ​ស្ងៀម​ក្បែរ​រោងចក្រ​អគ្គីសនី ដោយសារតែ​កន្លែង​ស្តុក​ទុក​យូរអង្វែង​មាន​ចំនួន​តិច​តូច និង​ចំណាយ​ថវិការ​ច្រើន​ក្នុងការ​សាងសង់ និង​ថែ​រទាំ​។ ចំពោះ​កាកសំណល់​វិទ្យុសកម្ម​កម្រិត​ខ្សោយ (​ដូចជា​នៅតាម​មន្ទីរពេទ្យ ឬ​ទី​ពី​សោធន៍​) អាច​ត្រូវបាន​គេ​យកទៅ​កប់​នៅក្រោម​ដី​។ ចំពោះ​កម្រិត​មធ្យម គេ​អាច​ស្តុក​វា​នៅក្នុង​អាង​ស្តុក​ធ្វើ​ពី​ស៊ីម៉ង់​ក្រាស់ៗ ជ្រៅ​នៅក្នុង​ដី​៕

© រក្សាសិទ្ធិដោយ thmeythmey.com