ជាតិ
កម្ពុជាសិក្សាពីលទ្ធភាពនាំចេញត្រីប្រា និងទីឡាបព្យា ទៅជប៉ុននិងចិន
19, Aug 2020 , 1:59 pm        
រូបភាព
លោក ឆាយ សុមុណី ប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម
លោក ឆាយ សុមុណី ប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម
ដោយ:
ភ្នំពេញ៖ កម្ពុជា កំពុងសិក្សាពីលទ្ធភាពនាំចេញប្រភេទត្រីប្រា និងត្រីទីឡាបព្យា ទៅកាន់ប្រទេសជប៉ុន ពី ៥០តោន ទៅ ១០០តោន និងកំពុងសិក្សាពីលទ្ធភាពដើម្បីនាំចេញទៅប្រទេសចិន។ 

 
លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ ថា ក្រសួងកសិកម្ម កំពុងស្នើចិន នូវលទ្ធភាពនាំចេញត្រីទីឡាបព្យា និងកន្ធាយដើម្បីនាំចេញទៅចិន។ លោកបញ្ជាក់ដូច្នេះថា៖ «ដោយឡែក ជប៉ុនបានយកសំណាកត្រីទីឡាបព្យាកម្ពុជាទៅពិសោធន៍នៅជប៉ុន ២ដងរួចមកហើយ និងមានគម្រោងនាំចេញត្រីទីឡាបព្យាពីកម្ពុជា ពី ៥០ ទៅ ១០០តោន ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ គម្រោងត្រូវបានផ្អាក»។ 
 
លោក ថាយ សុមុនី បានបន្ថែមថា សម្រាប់លក្ខខណ្ឌដែលកម្ពុជាអាចនាំចេញផលនេសាទនេះបាន គឺទាមទារឲ្យកសិករចិញ្ចឹមតាមលក្ខណៈបច្ចេកទេស ពូជ និងការផ្ដល់ចំណីឲ្យបានត្រឹមត្រូវ។ ប៉ុន្តែលោកមិន អាចកំណត់ពេលវេលាបាននោះទេ ដោយត្រូវរង់ចាំការសម្រេចពីភាគីជប៉ុន និងចិនសិន។ 
 
កន្លងមក លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល បានបង្ហាញពីបរិមាណនៃនាំចេញផលវារីវប្បកម្ម ៤មុខ ប្រមាណ ១ម៉ឺនតោនទៅកាន់ទីផ្សារទៅប្រទេស ថៃ វៀតណាម សាំងហ្គាពួរ ហុងកុង និងចិន ដូចជា ត្រីដំរី បង្កង ខ្យងខ្ចៅ និងអន្ទង់។ រដ្ឋបាលជលផល ជំរុញបង្កើនការផលិតដើម្បីបំពេញតម្រូវការក្នុងស្រុក និងបង្កើនការនាំចេញឲ្យបានច្រើនជាងនេះ។
 
បើតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទប្រចាំឆ្នាំ២០១៩-២០២០ លើវិស័យជលផលឆ្នាំ២០១៩ ផលនេសាទ និងវារីវប្បកម្មសរុបមានចំនួន ៩០៨ ៥០៨តោន ក្នុងនោះផលនេសាទទឹកសាបមាន ៤៧៨ ៨៥០ តោន ផលនេសាទសមុទ្រមាន ១២២ ៥៥០តោន និងផលវារីវប្បកម្មមាន ៣០៧ ៤០៨តោន៕


លោក ឆាយ សុមុណី ប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម


ស្ថានីយផលិតកូនត្រីពូជខេត្តសៀមរាប


រូបភាព៖ maff.gov.kh





Tag:
 វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com