អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បាតុករ​ថៃ ទាមទារ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ និង​ការកាត់បន្ថយ​អំណាច​ព្រះមហាក្សត្រ​
17, Aug 2020 , 11:02 am        
រូបភាព
បាតុករជាង១ម៉ឺននាក់ជួបជុំគ្នានៅវិមានប្រជាធិបតេយ្យ។ រូបភាព៖ AFP
បាតុករជាង១ម៉ឺននាក់ជួបជុំគ្នានៅវិមានប្រជាធិបតេយ្យ។ រូបភាព៖ AFP
ដោយ:
 យ៉ាងហោចណាស់​បាតុករ​ថៃ​១​ម៉ឺន​នាក់ បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម​ដ៏​ធំ​បំផុត​តាំងតែ​ពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤  ដោយ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ​។ បាតុកម្ម​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៦ សីហា ដោយ​រៀបចំ​ដោយ​ចលនា​យុវជន និង​និស្សិត​ប្រឆាំង​រដ្ឋាភិបាល និង​ប្រជាធិបតេយ្យ​និយម​ដែលមាន​ឈ្មោះថា Free People​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


«​ការ​បំផុសគំនិត​តែមួយគត់​របស់ Free People គឺ​សេចក្តីសង្ឃឹម ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ប្រទេស​ថៃ​ដែលមាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ ដោយមាន​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ​ពិតប្រាកដ​»​។ នេះ​ជាការ​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមយុវជន​។​
 
​នៅក្នុង​បាតុកម្ម​នេះ ក្រុមបាតុករ​បានដាក់​សំណើរ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ រំលាយ​រដ្ឋសភា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​បញ្ឈប់​ការបំពាន​ដោយ​មន្ត្រី​រដ្ឋាភិបាល​។ បន្ថែម​ពីនេះ ក្រុមបាតុករ​ក៏បាន​ដាក់ចេញ​នូវ​លក្ខខណ្ឌ​ផ្សេងទៀត​ចំនួន​២ ដែល​ទាមទារ​មិន​ឲ្យ​មាន​រដ្ឋប្រហារ​យោធា និង​មិន​ឲ្យ​មាន​រដ្ឋាភិបាល​រួបរួម​ជាតិ​ឡើយ​។​
 
​ក្រៅតែពី​នេះ ក៏មាន​ផងដែរ​កា​ររ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម​ចំនួន​១០​ចំណុច ដែល​រួមមាន​ការកាត់បន្ថយ​អំណាច​ព្រះមហាក្សត្រ​។ ក្រុមបាតុករ​បានទាមទា​ឲ្យ​បញ្ឈប់​ការប្រើ​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ​ថៃ​ដែល​ដាក់ទោស​ដល់​ទៅ​១៥​ឆ្នាំ​ចំពោះ​អ្នក​បរិហារ ប្រមាថ ឫគ​ម្រាម​ព្រះមហាក្សត្រ មហាក្សត្រិយានី និង​ទាយាទ​។​
 
​បាតុកម្ម​នេះ​ចាប់ផ្តើម​នៅ​រសៀល​ថ្ងៃទី​១៦ សីហា ដោយ​ធ្វើការ​ជួបជុំ​នៅ​ជិត​វិមាន​ប្រជាធិបតេយ្យ ខណៈ​បាតុករ​ចូលរួម​នាំគ្នា​ឈរ​បន្ត​រហូតដល់​រុក្ខវិថី​Ratchadamnoen​។ បាតុកម្ម​នេះ ធ្វើឡើង​អស់​រយៈពេល​៨​ម៉ោង​និង​បាន​រំសាយ​នៅពេល​យប់​ដោយ​សន្តិវិធី ប៉ុន្តែ​លោក Tattep Ford Ruangprapaikitseree អ្នកដឹកនាំ​យុវជន​បាន​អះអាងថា បើសិនជា​គ្មាន​ការកែប្រែ​ពី​រដ្ឋាភិបាល​ទាក់ទង​នឹង​ការទាមទារ​របស់​ពួកគេ​ត្រឹម​ខែកញ្ញា​ទេ គេ​នឹង​ពង្រីក​សកម្មភាព​របស់​គេ និង​ជួបជុំគ្នា​ជាថ្មី​ម្តងទៀត​នៅ​វិមាន​ប្រជាធិបតេយ្យ​។​
 
​សូម​រំលឹក​ផងដែរ​ថា ជាង​១​ខែ​មកហើយ បាតុកម្ម​ដឹកនាំ​ដោយ​ក្រុមនិស្សិត​បាន​ផ្ទុះឡើង​នៅ​ជុំវិញ​ប្រទេស​ដើម្បី​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ក៏ដូចជា​ច្បាប់​ការពារ​ព្រះមហាក្សត្រ​ថៃ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com