COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រឹត្តិការណ៍​អាក្រក់​ចំនួន​៥ ដែល​កើត​នៅ​ជុំវិញ​ពិភពលោក​ត្រឹម​ខែសីហា ឆ្នាំ​២០២០
17, Aug 2020 , 10:30 pm        
រូបភាព
កំពង់ផែទីក្រុងបេរូត ក្រោយការផ្ទុះ។ រូបភាព៖AFP
កំពង់ផែទីក្រុងបេរូត ក្រោយការផ្ទុះ។ រូបភាព៖AFP
ដោយ:
 ចាប់តាំងពី​អាស៊ី ដល់​អឺរ៉ុប ពី​អូស្ត្រាលី ដល់​អាមេរិក និង​គ្រប់​ឆ្រកល្ហក​ឯទៀត​នៃ​ពិភពលោក ឆ្នាំ​២០២០ នេះ​ចាប់ផ្តើម​ឡើយ​ដោយ​ព្រឹត្តិការណ៍​ដ៏​រន្ធត់​។ ព្រឹត្តិការណ៍​មួយចំនួន​បាន​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់រូប និង​ខ្លះទៀត​ធ្វើ​ឲ្យ​ការព្រួយបារម្ភ និង​កំសត់​ជា​ពន់ពេក​។​

 
​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​
​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​ចាប់ផ្តើម​ពី​ចុងឆ្នាំ​២០១៩ ដល់​ជាង​ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០២០​។ ភ្លើង​ឆេះ​ព្រៃ​នេះ គ្របដណ្តប់​ផ្ទៃដី​ប្រមាណ​១១៥,០០០ គីឡូម៉ែត្រ​ក្រឡា ដែល​លាតសន្ធឹង​ជាង​ពាក់កណ្តាល​ប្រទេស​អូស្ត្រាលី ដោយបាន​សម្លាប់​មនុស្ស​ចំនួន​៣០​នាក់ និង​បំផ្លាញ​ផ្ទះ​រាប់ពាន់​ខ្នង​។​ភ្លើង​ឆេះ​ព្រៃ​នេះ​បណ្តាល​ឲ្យ​សត្វ​ចំនួន​៣​ពាន់​លាន​ក្បាល​ស្លាប់ និង​ជម្លៀស​ខ្លួន​ចេញពី​ទីជម្រក​។ 
 
​ភ្លើង​ឆេះ​ព្រៃ​នេះ ត្រូវបាន​ចាត់ទុកថា​ជា​ភ្លើង​ឆេះ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ពិភពលោក​។ បន្ថែម​ពីនេះ​គេ​ប៉ាន់​ស្មានថា អូស្ត្រាលី​បាត់បង់​ទឹកប្រាក់​១១០​ពាន់​លាន់​ដុល្លារ​ដោយសារតែ​គ្រោះមហន្តរាយធម្មជាតិ​នេះ​។​

​ភ្លើង​ឆេះ​ព្រៃ​នៅ​អូ​ស្រា​លី​។​រូបភាព​៖AFP
 
​អ៊ីរ៉ង់​ច្រឡំ​បាញ់​យន្តហោះ​អ្នកដំណើរ​អ៊ុយ​ក្រែ​ន និង​ការធ្លាក់​យន្តហោះ​នៅ​ប៉ា​គី​ស្ថាន​
​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​អ៊ុយ​ក្រែ​ន​មួយគ្រឿង​ដែល​ដឹក​អ្នកដំណើរ​ចំនួន ១៧៦​នាក់​ត្រូវបាន​កងទ័ពអាកាសរ​បស់​អ៊ីរ៉ង់​បាញ់​ច្រឡំ និង​សម្លាប់​មនុស្ស​ទាំងអស់​។ កងទ័ព​អ៊ីរ៉ង់​បាន​លើកឡើងថា ហេតុផល​ដែល​បណ្តាល​ឲ្យ​មានការ​យល់ច្រឡំ​នេះ​កើតឡើង​គឺ​ដោយសារតែ​បញ្ហា​ក្នុងការ​ទំនាក់ទំនង ប្រព័ន្ធ​ការពារ​អាកាស​មិន​ត្រឹមត្រូវ កំហុស​មនុស្ស និង​ការបាញ់​ដោយ​ពុំមាន​ការអនុញ្ញាត​។​នៅ​ចុងខែ​កក្កដា គណប្រតិភូ​អ៊ីរ៉ង់​បានធ្វើ​ដំណើរ​ទៅ​អ៊ុយ​ក្រែ​ន​ដើម្បី​ច​ចារ​សំណង​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​។​
 
​ចំណែកឯ នៅ​ខែឧសភា​វិញ យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​ដែលមាន​មនុស្ស​៩៧​នាក់ បាន​បើក​បុក​ផ្ទះ​នៅពេល​ឡើង ដែល​បណ្តាល​ឲ្យ​មនុស្ស​៩៥​នាក់​ស្លាប់​។ ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បាន​នឹង​កំពុងបើក​ការស៊ើបអង្កេត​ចំពោះ​អាកប្បកិរិយា​ដ៏​ចម្លែក​របស់​យន្តហោះ​នោះ​នៅពេល​ហោះ​ឡើង​។​
​បំណែក​យន្តហោះ​អ៊ុយ​ក្រែ​ន ដែល​អ៊ីរ៉ង់​បាញ់​ធ្លាក់​
 
​ការផ្ទុះ​ជំងឺ​រាតត្បាត​COVID-19
​នៅ​ថ្ងៃទី​១១ ខែមីនា​ឆ្នាំ​២០២០ អង្គការ​សុខភាព​ពិភពលោក​(WHO)​បានប្រកាសថា​ជំងឺ COVID-19 ជា​ជំងឺឆ្លង​សកល ក្រោយពី​មាន​ករណី​ដំបូង​ផ្ទុះឡើង​ក្នុង​ទីក្រុង​វូ​ហាន កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ នៅពេលដែល​WHO ប្រកាស​នោះ COVID-19 បាន​ឆ្លង​ដល់​ប្រទេស​និង​ដែនដី​ចំនួន​១១០ និង​មាន​ករណី​ឆ្លង​ដល់​ទៅ​១​សែន​២​ម៉ឺន​ករណី​។ 
 
​មកទល់ពេលនេះ ជំងឺ​COVID-19 បាន​រាតត្បាត​ដល់​សឹង​គ្រប់​ប្រទេស​ទាំងអស់ និង​មាន​ករណី​ឆ្លង​ចំនួន​២០​លាន​ករណី និង​ស្លាប់​ច្រើនជាង​៧៥​ម៉ឺន​នាក់​។ ការឆ្លង​ក្នុង​ចំនួន​ច្រើន​និង​រហ័ស​របស់​ជំងឺ​COVID-19 បណ្តាល​ឲ្យ​កម្មវិធី​ជាច្រើន​ត្រូវ​រំសាយ និង​លើក​ពេល​ផង ក្នុងនោះ​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ត្រូវបាន​លើក​ទៅ​ឆ្នាំ​២០២១​។​
​លោក​Tedros Adhanom Ghebreyesus អគ្គនាយក WHO ប្រកាស COVID-19 ជា​ជំងឺ​រាតត្បាត​សកល​។​រូបភាព​៖AFP
 
​ការសម្លាប់​បុរស​ស្បែក​ខ្មៅ George Floyd ដោយ​ប៉ូលិស​អាមេរិក​
​នៅ​ថ្ងៃទី​២៥ ខែឧសភា បុរស​ស្បែក​ខ្មៅ George Floyd អាយុ​៤៦​ឆ្នាំ ត្រូវបាន​ប៉ូលិស​ទីក្រុង Minneapolis រដ្ឋ Minnesota​ចាប់ខ្លួន រួច​ច្រាន​ខ្ទប់​នឹង​ដី​សង្កត់ក អស់​រយៈពេល​ជិត​៩​នាទី ដោយសារតែ​លោក​បាន​ប្រើ​ក្រដាស់ប្រាក់​២០​ដុល្លារ​ក្លែងក្លាយ​។ ក្នុង​រយៈពេល​ជិត​៩​នាទី ដែល​ត្រូវបាន​ប៉ូលិស​សង្កត់ក Floyd បាន​និយាយ​ជាង​២០​ដង​ថា​ខ្លួន​មិនអាច​ដកដង្ហើម​បាន លោក​ក៏​ស្លាប់​ក្រោយ​អំពើហិង្សា​នោះ​បន្តិច​។ 
 
​ការស្លាប់​របស់ Floyd បាន​បញ្ឆេះ​សារជាថ្មី​បញ្ហា​រើសអើង​ពូជសាសន៍ នៅ​អាមេរិក នាំ​ឲ្យ​មាន​បាតុកម្ម​និង​កុបកម្ម​ហិង្សា នៅតាម​ទីក្រុង​រាប់រយ​នៅ​អាម​រិ​ក​ដែល​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​រវាង ជាមួយ​ប៉ូលិស និង​នាំ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​សម្រេច​បញ្ជូន​ឆ្មាំ​ជាតិ​ដើម្បី​ត្រៀម​បង្ក្រាប​ចលាចល​។ 
 
​ក្រៅតែពី​បាតុកម្ម នៅ​អាមេរិក ក៏មាន​ផងដែរ​បាតុកម្ម​នៅ​បណ្តា​ប្រទេស​អឺរ៉ុប ទៅលើ​បញ្ហា​រើសអើង​ពូជសាសន៍ មរតក​អាណានិគម និង​អំពើហិង្សា​របស់​ប៉ូលីស​។ នៅ​ប្រទេស​អឺរ៉ុប​ខ្លះ គេ​ឃើញ​មានការ​ទាមទារ​ឲ្យ​លើក​ចេញ​នូវ​រូបសំណាក់​ឈ្មួញ​ទាសករ ដែល​ដឹក​ជន​ស្បែក​ខ្មៅ​ពី​អាហ្វ្រិក​ទៅ​ទ្វីប​អាម​រិ​ក​ធ្វើជា​ទាសករ​។ បញ្ហា​ពូជសាសន៍ ក៏​នាំ​ឲ្យ​មាន​ចលនា​មួយ​ឈ្មោះថា «Black Lives Matter»​។ 

  
​បាតុកម្ម​ប្រឆាំង​ការរើសអើង​ពូជសាសន៍ និង​ទាមទារ​យុ​ត្តិ​ធ​ម៍​ឲ្យ George Floyd​។ រូបភាព​៖AFP
 
​ការផ្ទុះ​ឃ្លាំង​ផ្ទុក​អា​ម៉ូ​ញូ​ម​នីត្រាត នៅ​ទីក្រុង​បេ​រូត​
នៅ​ថ្ងៃទី​៤ ខែសីហា ឃ្លាំង​ផ្ទុក​អា​ម៉ូ​ញូ​ម​នីត្រាត​២,៧៥០​តោន នៅ​កំពង់ផែ​ទីក្រុង​បេ​រូត ប្រទេស​លី​បង់ ផ្ទុះ​បណ្តាល​ឲ្យ​មនុស្ស​១៥៧​នាក់​ស្លាប់ និង​របួស​មនុស្ស​៦​ពាន់​នាក់​ផ្សេងទៀត ខណៈ​អាគារ​រាប់ពាន់​ខ្នង​ត្រូវបាន​បំផ្លិចបំផ្លាញ បណ្តាល​ឲ្យ​មនុស្ស​រាប់សែន​នាក់​ត្រូវ​បម្លាស់​ទី​។ កម្លាំង​បំផ្ទុះ ស្មើ​ទៅនឹង​១/៤ នៃ​គ្រាប់បែក​អា​តូ​មិ​ក​ដែល​ទម្លាក់​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ក្នុង​សង្គ្រាមលោកលើកទី​២​។ 
 
​ការ​បំផ្ទុះ​នេះ​បង្ក​ឲ្យ​មានការ​ខូច​ខាត់ ដែលមាន​តម្លៃ​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​។​ហេតុការណ៍​នេះ ក៏​បណ្តាល​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​នាំ​ឲ្យ​សមាជិក​រដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី​លា​ចុះ​ពី​តំណែង​។​ចំណែកឯ​សហគមន៍​អន្តរជាតិ ដែលមាន​បារាំង​ជា​អ្នក​ចេញមុខ បាន​ស្វះ​ស្វែងរក​ទឹកប្រាក់​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​ដើម្បី​ស្រោ​យ​ស្រង់​ស្ថានការណ៍​៕
 

​កំពង់ផែ​ទីក្រុង​បេ​រូត ក្រោយ​ការផ្ទុះ​។ រូបភាព​៖AFP


​រណ្តៅ​ដែល​កើតឡើង​ដោយសារ​ការផ្ទុះ​។ រូបភាព​៖AFP

 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com