COVID-19
ជាតិ
សង្គមជាតិ
ឈប់សម្រាក​៥​ថ្ងៃ​! ពលរដ្ឋ​ខ្លះ មាន​គោលដៅ​កម្សាន្ត ឯ​ខ្លះទៀត​សុខចិត្ត​នៅ​ធ្វើការ ព្រោះ​ជីវភាព​ខ្វះខាត​ក្នុង​វិបត្តិ​កូ​វីដ​-១៩
17, Aug 2020 , 4:30 pm        
រូបភាព
 
​ភ្នំពេញ​៖ រដ្ឋាភិបាល បានសម្រេច​ឲ្យ​ពលរដ្ឋ​ឈប់សម្រាក​ការងារ​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ សីហា ដើម្បី​សងការ​សម្រាក​ជួស​ថ្ងៃ​ចូលឆ្នាំ​កន្លងមក​។ ទោះជា​បាន​ឱកាស​ឈប់សម្រាក​ហើយ​ក្តី តែ​ពលរដ្ឋ​ខ្លះ សុខចិត្ត​នៅ​ធ្វើការ ព្រោះ​ជីវភាព​ខ្វះខាត​ក្នុង​វិបត្តិ​កូ​វីដ​-១៩ ខណៈ​ពលរដ្ឋ​ខ្លះ មាន​គោលដៅ​កម្សាន្ត ។​


​ជា​បុគ្គលិក​ផ្នែក​អាកាសចរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កញ្ញា ផល លីវយី ដែលមាន​ពេល​ឈប់សម្រាក​បាន​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​២២ និង​២៣ ខែសីហា នឹង​ឆ្លៀត​ពេលនោះ​ទៅ​កម្សាន្ត​លេង​នៅតាម​រមណីយដ្ឋាន​ខេត្តសៀមរាប  ដែលជា​កន្លែង​កញ្ញា ឧស្សាហ៍​ទៅ​កម្សាន្ត​លេង​ជា​រៀងរាល់ឆ្នាំ​ឲ្យ​តែមាន​បុណ្យទាន​ម្តងៗ​។ 
 
​កញ្ញា លីវយី ដែល​តែងតែ​ចូលចិត្ត​ដើរលេង​នៅតាម​បណ្តា​ខេត្ត សង្កេតឃើញ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​គោលដៅ​ខេត្តសៀមរាប ដែលមាន​ការរៀបចំ​តុបតែង​លម្អ​ដោយ​ភ្លើង​ព័ណ៌ មានការ​កែច្នៃ​ថ្មី និង​ជា​កន្លែង​ដែលមាន​សក្តា​នុ​ពុល ទើប​ធ្វើ​ឲ្យ​រូបនាង​មិន​ជិនណាយ​នឹង​កន្លែង​នោះឡើយ បើទោះបី​ឆ្នាំនេះ លីវយី បាន​ទៅ​កម្សាន្ត​នៅ​ទីនោះ​បាន​៣​ដង​រួចហើយ​ក៏ដោយ​។   
 
​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មិនទាន់​ស្ងប់ស្ងាត់​ក៏ពិតមែន ប៉ុន្តែ​កញ្ញា​លីវយី នៅតែ​ហ៊ាន​ទៅ​កម្សាន្ត​លេង​នៅ​ទីនោះ​ដោយ​ប្រកាន់​ខ្ជាន់​នូវ​ភាព​ប្រុងប្រយ័ត្ន​ការពារ​ជានិច្ច​។ កញ្ញា លីវយី បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​វិធានការ​ការពារ​ខ្លួន ដូចជា​ពាក់​ម៉ាស់ ដាក់​ទឹក​អាល់កុល​ជាប់​ខ្លួន ហើយនឹង​មិន​ទៅ​កន្លែង​ណា​ដែលមាន​មនុស្ស​ច្រើន​ឡើយ​។ ទោះបី​មិនអាច​ជៀសផុត​ពី​មនុស្ស​ច្រើន តែ​យើង​រក្សា​គម្លាត​ពីគ្នា​»​។ 
 
​បើតាម​កញ្ញា លីវយី ការធ្វើដំណើរ​កម្សាន្តរ​បស់​ខ្លួន​កន្លងមក និង​គម្រោង​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ នឹង​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ពលរដ្ឋ​ដែលជា​អាជីវករ​ដែល​រស់នៅ​តំបន់​នោះ អា​ចរក​ថវិកា​ពី​ភ្ញៀវទេសចរ​បាន​មួយកម្រិត​ដែរ​។​
 
​ចំណែក​យុវ​សិស្ស លីម ឡាយ​ហុក ដែលជា​សិស្ស​ថ្នាក់​ទី​១២ នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​(AIS) បាន​បញ្ជាក់ថា តាំងពី​សិក្សា​តាម​អន​ឡាញ​អស់​រយៈពេល​៥​ខែ​កន្លងមក ខ្លួន​មិនដែល​បាន​ទៅ​កម្សាន្ត​លេង​នៅតាម​តំបន់​រមណីយដ្ឋាន​ណា​ឡើយ​។ ដោយសារតែ​ដឹងថា​នៅសល់​ពេល​៤​ខែ​ទៀត នឹងត្រូវ​ប្រឡង​បាក់​ឌុប ឡាយ​ហុក នឹង​ចំណាយពេល​ថ្ងៃ​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ ទៅ​កម្សាន្ត​លេង​នៅ​ខេត្ត​ព្រះសីហនុ​។ 
 
​យុវ​សិស្ស ឡាយ​ហុក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​តាំងពី​ខ្ញុំ​រៀន​មក​ខ្ញុំ​អត់​ដែល​បាន​ដើរលេង​នៅ​ណា​ឆ្ងាយ​ឡើយ​។  អ៊ីចឹង​ថ្ងៃ​ឈប់សម្រាក​នេះ​ខ្ញុំ​នឹង​ទៅ​ខេត្ត​កំពង់សោម​លេង​ជាមួយនឹង​ក្រុមគ្រួសារ​។ ហើយ​ពេល​ខ្ញុំ​មកវិញ ខ្ញុំ​នឹង​បន្ត​រៀន​ទៀត​»​។​
 
​ផ្ទុយ​ពី​អ្នកមាន​លទ្ធភាព​នឹង​ធនធាន​សម្រាប់​ការធ្វើដំណើរ​ដើរ​កម្សាន្ត​នេះ ពលរដ្ឋ​ខ្លះទៀត មិន​ហ៊ាន​ដើរ​កម្សាន្ត​ទេ ហើយ​សុខចិត្ត​នៅ​ធ្វើការ ព្រោះ​ជីវភាព​ខ្វះខាត​ក្នុង​វិបត្តិ​កូ​វីដ​-១៩​។​
​ជា​អ្នក​ចំណាកស្រុក​ពី​បាត់ដំបង​មក​ធ្វើការ​សន្តិសុខ​នៅ​ក្រុងភ្នំពេញ លោក ម៉​ង់ រិ​ទ្ធ​ដា​រ៉ា អះអាងថា ថ្ងៃ​សម្រាក​៥​ថ្ងៃនេះ ខ្លួន​មាន​ថវិកា​សម្រាប់​ទៅលេង​ផ្ទះ ប៉ុន្តែ​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​ឡើយ​។ ប៉ុន្តែ​លោក រិ​ទ្ធ​ដា​រ៉ា ក៏​ហ៊ាន​ដាក់​ច្បាប់ឈប់​ដែរ ព្រោះ​ខ្លាច​បាត់បង់​ការងារ​និង​ប្រាក់ចំណូល​ទៅ​ថ្ងៃមុខ​។ 
 
«​សន្តិសុខ​គេ​ម៉េច​ឲ្យ​ឈប់ ចូល​ឆ្នាំនេះ​ធ្វើការ​ធម្មតា ថ្ងៃមុន​បងប្អូន​ខូច​(​ស្លាប់​)​នៅ​ស្រុក សុំ​ឈប់​គេ​មិន​ឲ្យ​ឈប់​ផង​។ ចង់​ឈប់សម្រាក​ដែរ ប៉ុន្តែ​មិន​ហ៊ាន​ឈប់ ខ្លាច​ពេល​សម្រាក​ទៅ​គេ​ដាក់​អ្នកថ្មី យើង​អត់​ការងារ​ធ្វើ​។ លុយ​ទៅលេង​ស្រុក​មាន ប៉ុន្តែ​យើង​មិនមែន​អ្នកមាន​ណា បើ​អត់​ការងារ​ធ្វើ​យើង​យ៉ាប់​ហើយ អ៊ឹ​ចឹ​ង​មានតែ​តស៊ូ​ទៅ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក រិ​ទ្ធ​ដា​រ៉ា ដោយ​បន្ថែមទៀតថា កាលពី​ឆ្នាំមុន​រូបលោក​ក៏​មិនបាន​ទៅលេង​ផ្ទះ​ដែរ ដោយសារ​កន្លែង​ការងារ​បន្ថែម​ប្រាក់​៥០​ដុល្លារ​ឲ្យ ទើប​រូបលោក​សម្រេចចិត្ត​នៅ​ធ្វើការ​។​
 
​សម្រាប់​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ខែ​ពីថ្ងៃ​ទី​១៧​ដល់​២១​នេះ ក្រុមហ៊ុន​មិនបាន​បន្ថែម​ប្រាក់ខែ​ឬ​ប្រាក់​លើកទឹកចិត្ត​ឲ្យ​លោក​រិ​ទ្ធ​ដា​រ៉ា​ឡើយ​។ លោក​ថ្លែងថា​៖ «​ធ្វើ​ការងារ​ធម្មតា ឆ្នាំនេះ​ក្រុមហ៊ុន​មិនបាន​ប្រាប់ថា​ថែម​ប្រា​ក់អី​ឲ្យ​ទេ ឆ្នាំនេះ ចូលឆ្នាំ​ត្រឡប់​ចុះ​ត្រឡប់​ឡើង មិន​ពេញលេញ ខ្ញុំ​ក៏​មិនដឹង មិន​ហ៊ាន​សួរ​គេ​ដែរ តាម​គេ​ឲ្យ​ក៏​យក គេ​មិន​ក៏​មិនដឹង​ធ្វើ​យ៉ាងណាដែរ កុំ​ឲ្យ​តែ​អត់​ការងារ​ធ្វើ​»​។ 
 
​កញ្ញា សុខ ចិន្ដា ដែលជា​អ្នករត់​តុ​នៅ​ភោ​ជនី​ដ្ឋា​ន​នៅ​លិច​ផ្សាយ​បឹងត្របែក​ថា ថៅកែ​ឲ្យ​ធ្វើការ​ដូច​ថ្ងៃ​ទូទៅ​នៅ​អំឡុងពេល​ថ្ងៃ​សម្រាក​ឆ្នាំ​ខ្មែរ ប៉ុន្តែ​បើ​បុគ្គលិក​ណា​ចង់​ឈប់សម្រាក អាច​សម្រាក​បាន​ដោយ​កាត់​ប្រាក់ខែ​តាម​ថ្ងៃ​ឈប់​។ ដោយសារ​ជីវភាព​ខ្វះខាត​ហើយ​ប្រាក់ខែ​ក៏​តិចតួច កញ្ញា ចិន្តា ក៏​សម្រេច​ទៅ​បំពេញការងារ​។ 
 
​កញ្ញា​សម្បុរ​ស្រអែម​វ័យ​១៩​ឆ្នាំ​រូបនេះ ថ្លែងថា​៖ «​ថៅកែ​ឲ្យ​ធ្វើការ​ធម្មតា តែបើ​អ្នក​ចង់​ឈប់​ក៏​ឈប់​បាន គ្រាន់តែ​កាត់​ប្រាក់ខែ​តាម​ថ្ងៃ​ឈប់​។ ខ្ញុំ​ក៏​មិន​ចង់​ឈប់​អី​ដែរ ព្រោះ​ឈប់​កាត់លុយ ប្រាក់ខែ​តិច​ចាយ​មិន​គ្រប់​ផង អ្នកផ្ទះ​ខ្ញុំ​ឥឡូវ​អត់​ការងារ​ធ្វើ​គ្រប់គ្នា បងប្អូន​ខ្ញុំ​ពី​នាក់​កំពុង​ដើរ​ការងារ ម្ដាយ​ខ្ញុំ​ដើរ​បោក​ខោអាវ​គេ​រាល់ថ្ងៃ អ៊ឺ​ចឹ​ង​យ៉ាងណា​ក៏ត្រូវ​ធ្វើការ​ងារ​ដែរ​»​។ 
​ទោះបី​គ្មាន​ប្រាក់​លើកទឹកចិត្ត​ឬ​ប្រាក់​បន្ថែម​ពី​ថៅកែ​ក៏ កញ្ញា ចិន្តា ពោល​ទាំង​រីករាយ​ថា ធ្វើការ​នៅ​អំឡុងពេល​ឈប់សម្រាក​នេះ នឹងមាន​ភ្ញៀវ​ច្រើន​ហើយ​កញ្ញា​សង្ឃឹមថា នឹង​ទទួលបាន​ប្រាក់​បន្ថែម​ពី​ភ្ញៀវ​ច្រើន​ដូចគ្នា​។​
 
​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ​ផ្លូវការ ស្តីពី​ការអនុញ្ញាត​ឲ្យ​មន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាក​ការងារ​ចាប់ពី​ថ្ងៃទី​១៧-២១ ខែសីហា ឆ្នាំ​២០២០ សង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​។ បើតាម​សម្ដេច ហ៊ុន សែន អំឡុងពេល​ឈប់សម្រាក​នេះ និយោជក​ទាំងអស់ មិនត្រូវ​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក ឬ​និយោជិត​ឡើយ ពោលគឺ​កម្មករនិយោជិត ត្រូវ​ទទួលបាន​ប្រាក់​ឈ្នួល​ធម្មតា​៕
 
 

Tag:
 សម្រាក​ចូលឆ្នាំ​
  ជីវភាព
© រក្សាសិទ្ធិដោយ thmeythmey.com