ខេត្តមណ្ឌលគិរី​មាន​សក្ដានុពល​ទេសចរណ៍ តែ​គ្មាន​កន្លែង​កែច្នៃ​សំរាម​
ជាតិ
ខេត្តមណ្ឌលគិរី​មាន​សក្ដានុពល​ទេសចរណ៍ តែ​គ្មាន​កន្លែង​កែច្នៃ​សំរាម​
18, Aug 2020 , 4:29 pm        
រូបភាព
​ខេត្តមណ្ឌលគិរី ស្ថិតនៅ​ភូមិភាគ​ឦសាន ជា​ខេត្ត​មាន​សក្ដានុពល​អេកូ​ទេសចរណ៍ មាន​តំបន់​ទេសចរណ៍​ចំនួន​៣៦​កន្លែង សម្រាប់​ទាក់ទាញ​ភ្ញៀវ​ឲ្យ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ទោះបីជា សម្បូរ​ធនធានធម្មជាតិ​ក៏ពិតមែន ប៉ុន្តែ​ខេត្ត​មួយ​នេះ នៅ​មិនទាន់មាន​កន្លែង​សម្រាប់​កែច្នៃ​សំរាម​នៅឡើយ​ទេ​។ នេះ​បើតាម លោក កែវ សុ​ភ៌​គ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​។​



«​ខេត្តមណ្ឌលគិរី អត់​មាន​កន្លែង​កែច្នៃ​សំរាម​ទេ យើង​មានតែ​ទីលាន​ទុកដាក់​សំរាម ចំនួន​២​កន្លែង​គឺ​នៅក្នុង​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​កែវ​វ​សីមា​»​។ នេះ​ជាការ​លើកឡើង​របស់លោក កែវ សុ​ភ៌​គ ដោយ​បន្តថា ទោះបីជា គ្មាន​កន្លែង​សម្រាប់​កែច្នៃ​សំរាម តែ​ខេត្តមណ្ឌលគិរី បាន​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ ដែល​មិន​បង្ក​ឲ្យ​មាន​រាយប៉ាយ​តាម​តំបន់​ទេសចរណ៍​ឡើយ​។ កន្លែង​ទុកដាក់​សំរាម​ទាំង​២​កន្លែង​នេះ គឺ​ក្រុមហ៊ុន​ឯកជន​ចំនួន​២ បាន​ដេញថ្លៃ ដើម្បី​ធ្វើ​ការងារ​ប្រមូល​សំរាម​នេះ​។ 


 រូបភាព លោក កែវ សុភគ៌ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលព័ត៌មានបរិស្ថាន ពីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

​ក្រុង​សែន​មនោ​រម្យ ជា​តំបន់​គោលដៅ​របស់​ខេត្តមណ្ឌលគិរី មានការ​យកចិត្តទុកដាក់​ខ្លាំង​មែនទែន លើ​បញ្ហា​សំរាម​នេះ​។ ប្រធាន​មន្ទីរ​បរិស្ថាន​រូបនេះ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ក្រសួងបរិស្ថាន បាន​ផ្ដល់នូវ​កញ្ចប់​ថ​វិកា ដើម្បី​រៀបចំ ផ្សព្វផ្សាយ និង​ថែទាំ​ក្រុង​សែន​មនោ​រម្យ​ទាំងមូល​។ លើសពីនោះ ក៏មាន​ក្រុមហ៊ុន​ឯក​មួយ បាន​ដេញថ្លៃ​លើ​ការងារ​ប្រមូល​សំរាម​ក្នុង​ក្រុង​នេះ​ផងដែរ​។ 
 
​លោក​បាន​បន្តថា ទោះបីជា​យ៉ាងណាក៏ដោយ បញ្ហា​សំរាម​ក្នុង​ខេត្ត​នៅតែមាន ព្រោះ​ប្រជាពលរដ្ឋ​នៅ​មិនទាន់​យល់ច្បាស់​លើ​បញ្ហា​សំរាម​នេះ នៅតាម​ស្រុក​មួយចំនួន​នៅមាន​សំរាម​រាយប៉ាយ និង​ត្រូវ​ប្រមូល និង​សម្អាត​ពី​មន្ទីរ​បរិស្ថាន ក្រោយ​ចប់​កម្មវិធី​។ លោក មិនអាច​បញ្ជាក់​ពី​ចំនួន​សំរាម​សរុប​ទូទាំង​ខេត្ត​បានទេ ដោយ​លើក​ហេតុផល​ថា ស្រុក​មួយចំនួន​ដែល​គ្មាន​ការដេញថ្លៃ​លើ​ការងារ​ប្រមូល​សំរាម គឺ​មិនមាន​ទិន្នន័យ​ឡើយ​។ ប៉ុន្តែ​សម្រាប់​ក្រុង​សែន​មនោ​រម្យ មាន​សំរាម​យ៉ាងហោចណាស់​ពី​៥​ទៅ​៦​តោន​ក្នុង​មួយថ្ងៃ ចំណែក​ស្រុក​កែវ​សីមា​វិញ មាន​ត្រឹម​២០០​ទៅ​៣០០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​៕
 

Tag:
 សំរាម​
 ​មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com