COVID-19
ជាតិ
អ្នកជំងឺកូវីដ-១៩ ១៣នាក់ទៀតនៅកម្ពុជា បានជាសះស្បើយ ខណៈ រកមិនឃើញអ្នកឆ្លងថ្មី ៥ថ្ងៃជាប់គ្នា
19, Aug 2020 , 7:30 am        
រូបភាព
កម្ពុជា ព្យាបាលអ្នកជំងឺកូវីដ-១៩ ១៣នាក់ទៀត ឲ្យជាសះស្បើយ ដោយក្នុងនោះ ជនជាតិខ្មែរ៦នាក់ និងជនជាតិចិន៧នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។



ក្នុងចំណោម ជនជាតិខ្មែរទាំង៦នាក់ ដែលជាសះស្បើយពីជំងឺកូវីដ-១៩ មាន៥នាក់ជាបុរស អាយុចន្លោះពី២៥ឆ្នាំ ទៅ២៧ឆ្នាំ ជាអ្នកដំណើរពីរុស្ស៊ី ដោយបានបន្តជើងហោះហើរនៅម៉ាឡេស៊ី ហើយមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែកជនជាតិខ្មែរម្នាក់ទៀត ដែលជាសះស្បើយពីជំងឺកូវីដ-១៩ គឺជាស្រ្តី អាយុ៤៨ឆ្នាំ ជាអ្នកដំណើរពីអាមេរិក ដោយទៅបន្តជើងហោះហើរនៅចិន ហើយមកដល់កម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។ 

រីឯ ជនជាតិចិន៧នាក់ ដែលជាសះស្បើយពីកូវីដ-១៩ មានបុរស៦នាក់ និងស្រ្តីម្នាក់ អាយុចាប់ពី២៤ឆ្នាំ ដល់៣១ឆ្នាំ។ ពួកគេទាំង៧នាក់ ជាអ្នកដំណើរពីហ្វីលីពីន មកដល់កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

ចំពោះអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី កម្ពុជា ខានរកឃើញ៥ថ្ងៃជាប់គ្នាមកហើយ។ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ២៧៣នាក់ ដោយបានជាសះស្បើយវិញ២៥១នាក់ និង២២នាក់ទៀត កំពុងសម្រាកព្យាបាល៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com