ជាតិ
សម្តេច ស ខេង៖«[ត្រូវ] ខិតខំធ្វើល្អជាមួយពលរដ្ឋ...មិនត្រូវរំលោភសិទ្ធិពលរដ្ឋទេ»
19, Aug 2020 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្លែងចេញពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានដែក១ខ្សែ ប្រវែង១២៦ម៉ែត្រ និងអគារសិក្សា២ខ្នង ក្នុងសាលាបឋមសិក្សាស្វាយព្រៃ និង អនុវិទ្យាល័យកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរម្លឹកជាថ្មីដល់បណ្តាអស់មន្រ្តី ជាពិសេសថ្នាក់មូលដ្ឋាន កុំឲ្យមើលរំលងឲ្យសោះ ពីបញ្ហារបស់ប្រជាជន មិនថាបញ្ហានោះតូចតាចយ៉ាងណានោះទេ។


សម្តេចរដ្ឋមន្រ្តី ពញ្ញាក់ស្មារតីដល់មន្រ្តីនិងអាជ្ញាធរថា រាល់ទំនាស់របស់ប្រជាជន ដូចជា ទំនាស់ដីធ្លីជាដើម បើមិនដោះស្រាយទេ វា នឹងអាចក្លាយទៅជារឿងធំ ហើយអ្នកប្រឆាំង អាចឆ្លៀតឱកាសពង្រីកទំនាស់នោះ ឲ្យកាន់តែធំថែមទៀត និងអាចប្រមូលកម្លាំងប្រជាជនបានច្រើន ដែលអាចមានលទ្ធភាពធ្វើសកម្មភាពអ្វីមួយបាន។ សម្តេច បន្ថែមថា ហេតុដូច្នេះហើយ ទើបរដ្ឋាភិបាល ខិតខំដោះស្រាយទំនាស់ផ្សេងៗ ដោយយុត្តិធម៌ និងខិតខំកសាងសង្គមមួយ ដែលមានយុត្តិធម៌ ពីលើដល់ក្រោម។ 
 
សម្តេចរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា៖«នេះគឺជាភារកិច្ចដ៏សំខាន់របស់យើង ហើយខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ធ្វើសកម្មភាពអ្វីដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ មិនត្រូវរំលោភបំពានទៅលើសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋទេ»។ សម្តេច មានទស្សនៈថា៖«រដ្ឋាភិបាលមួយខ្លាំងបាន គឺរដ្ឋាភិបាលនោះ អាស្រ័យដោយប្រជាជនគាំទ្រ។ បើរដ្ឋាភិបាលគ្មានប្រជាជនគាំទ្រ រដ្ឋាភិបាលនោះ មិនខ្លាំងទេ»។
 
រដ្ឋមន្រ្តីមហាផ្ទៃ បរិយាយទៀតថា ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស គឺគេ ត្រូវដណ្តើមសមានចិត្តរបស់ប្រជាជន ដើម្បីគាំទ្រកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សខ្លួន។ សម្តេច បន្តថា ដើម្បីដណ្តើមបានសមានចិត្តរបស់ប្រជាជន កិច្ចការដ៏ចម្បង គឺត្រូវកសាងអំពើល្អ និងជួយដោះស្រាយបញ្ហារបស់ប្រជាជន ឬក៏អាចនិយាយថា ការកសាងប្រព័ន្ធយុត្តិធម៌តាំងពីលើដល់ក្រោម គឺជាគ្រឹះដ៏សំខាន់ ដើម្បីធ្វើឲ្យប្រទេសជាតិ មានស្ថិរភាពយូរអង្វែង។ សម្តេច បញ្ជាក់ថា៖...ពិសោធនៅលើសាកលោក វា អ៊ីចឹង មិនថាតែកម្ពុជាទេ អាឈ្លោះបាក់បែកគ្នាក្លាយជាសង្គ្រាម វាទៅពីរឿងអ៊ីចឹង [រឿងអយុត្តិធម៌]។ អ៊ីចឹងហើយ យើងមិនត្រូវមើលស្រាលទេ»។ 
 
លើសពីនេះ រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ឲ្យចាប់អារម្មណ៍លើបញ្ហារបស់ប្រជាជន ហើយត្រូវចាប់ផ្តើមដោះស្រាយបញ្ហាពីតូចទៅ កុំឲ្យវារីកធំទាន់។ បន្ថែមពីនេះ សម្តេចរដ្ឋមន្រ្តី ដាស់តឿនរាល់អាជ្ញាធរ ឲ្យដោះស្រាយបញ្ហាទាំងនោះ ដោយយុត្តិធម៌  ដោយមិនត្រូវអាងអំណាច អាងសាច់ញាតិ ឬយោគយល់ព្រោះមនោសញ្ចេតនាឡើយ។ សម្តេច ជូនសារទៅមន្រ្តីថា៖«អាហ្នឹងជាបញ្ហាគន្លឹះធំណាស់ ដែលនាំឲ្យកសាងសង្គមរបស់យើង មានស្ថិរភាព»៕  

Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com