កីឡាអន្តរជាតិ
អន្តរជាតិ
Barca តែងតាំងលោក Koeman ជាគ្រូថ្មីជំនួសលោក Setien ដែលត្រូវបណ្ដេញចេញ
19, Aug 2020 , 5:27 pm        
រូបភាព
ដោយ: ថ្មីៗ
ក្លិបយក្សអេស្ប៉ាញ Barcelona នៅថ្ងៃទី១៩ ខែសីហា បានប្រកាសតែងតាំងលោក Ronald Koeman ជាគ្រូបង្វឹកថ្មី។ លោក Koeman នឹងជំនួសលោក Quique Setien ដែលត្រូវបណ្ដេញចេញក្រោយបរាជ័យជូរចត់ ៨-២ ក្រោមស្នាដៃរបស់ Bayern Munich នាការប្រកួតវគ្គ៨ក្រុមចុងក្រោយ។

 
បើតាមការប្រកាសរបស់ក្លិប Barcelona លោក Ronald Koeman បានចុះកិច្ចសន្យារយៈពេល២ឆ្នាំ។ បច្ចុប្បន្ន លោក Koeman វ័យ៥៧ឆ្នាំ ជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់។ 
 
សម្រាប់លោក Koeman ក្លិបអ្នកមានបុណ្យ មិនមែនជាកន្លែងថ្មីឡើយ។ លោកចាប់ផ្ដើមអាជីពគ្រូបង្វឹករបស់លោកនៅ Barcelona ផ្ទាល់តែម្ដង ពោលគឺជាគ្រូជំនួយទីមួយក្រុមឈុតធំ។ បន្ទាប់មក ជនជាតិហូឡង់រូបនេះ ក៏ទៅដឹកនាំ Barcelon ឈុត B ក្នុងរដូវកាល១៩៩៨-៩៩។ ចេញពីអេស្ប៉ាញ លោក ក៏បន្តដឹកនាំក្រុមនៅហូឡង់ Vitesse និង Ajax Amsterdam រួចបន្តដឹកនាំ Benfica របស់ព័រទុយហ្កាល់នៅឆ្នាំ២០០៥។
 
នៅឆ្នាំ២០០៦ លោក ក៏ទៅហូឡង់ជាថ្មីដោយដឹកនាំក្លិប PSV Eindhoven ។ មិនយូរប៉ុន្មាន លោកក៏បន្តអាជីពនៅអេស្ប៉ាញវិញដោយដឹកនាំក្រុម Valencia មុនត្រឡប់ទៅទឹកដីកំណើតម្ដងទៀត ដើម្បីធ្វើជាគ្រូបង្វឹក AZ Alkmaar និង Feyenoord ។ នៅរដូវកាល ២០១៤-១៥ លោក ក៏ទៅដឹកនាំក្រុម Southampton របស់អង់គ្លេស មុនពេលទៅ Everton នៅឆ្នាំ២០១៦ ។ នៅឆ្នាំ២០១៨ លោកក៏ដឹកនាំក្រុមជម្រើសជាតិមច្ចុរាជទឹកក្រូចហូឡង់ រហូតដល់ពេលផ្លាស់ទៅដឹកនាំ Barca ពេលនេះ។
 
«គ្រប់គ្នាដឹងថា Barcelona ជាក្លិបក្នុងសុបិនរបស់ខ្ញុំ។ វាពិតជាពិសេសសម្រាប់ដែលអាចដឹកនាំក្លិបនេះ។» នេះជាការបញ្ជាក់របស់លោក Koeman ។

ក្លិបយក្សអេស្ប៉ាញមួយនេះ បានបញ្ចប់កុងត្រាជាមួយលោក Quique Setien ក្រោយបរាជ័យធ្ងន់កនៅវគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League នៅអាល្លឺម៉ង់នារាត្រីថ្ងៃទី១៥ ខែសីហាកន្លងទៅ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com