កីឡាជាតិ
ជាតិ
​មិន​ត្រឹមតែ​ជា​កីឡាការិនី​ប៉េតង់ កញ្ញា ធា សម្ផស្ស ក៏​ជា​អ្នកចម្រៀង តារា​សម្តែង និង​អ្នក​បង្ហាញ​ម៉ូដ​ផងដែរ​
20, Aug 2020 , 10:19 am        
រូបភាព
ក្រៅពីអាជីពជាកីឡាការិនីជម្រើសជាតិប៉េតង់ ធា សម្ផស្ស ជាតារាចម្រៀង តារាសម្តែង និងតារាបង្ហាញម៉ូដ
ក្រៅពីអាជីពជាកីឡាការិនីជម្រើសជាតិប៉េតង់ ធា សម្ផស្ស ជាតារាចម្រៀង តារាសម្តែង និងតារាបង្ហាញម៉ូដ
ដោយ:
​កញ្ញា ធា សម្ផស្ស មិន​ត្រឹមតែ​ជា​កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​នោះទេ នាង ក៏​ជា​តារាចម្រៀង សម្តែង និង​បង្ហាញ​ម៉ូដ​មួយរូប​ផងដែរ​។ ទោះ​អះអាងថា វិស័យ​សិល្បៈ​ជា​ចំណង់​ចំណូលចិត្ត​ខ្លួន តែ​កីឡាការិនី​មកពី​ខេត្តតាកែវ​រូបនេះ ប្តេជ្ញា​ថា នាង​មិន​បោះបង់​វិស័យ​កីឡា​ប៉េតង់​នោះទេ ដ្បិត​កីឡា​នេះ​បាន​ជួយ​ឲ្យ​នាង​មាន​ភាពល្អប្រសើរ​ដូច​សព្វថ្ងៃ​។ បច្ចុប្បន្ន កីឡាការិនី​វ័យ​២៥​ឆ្នាំ​រូបនេះ កំពុង​ខិតខំ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់ ជាមួយ​ក្តី​រំពឹង នឹង​អាច​ដណ្តើម​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀតណាម នា​ឆ្នាំ​២០២១​។

 
​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​ចូលចិត្ត​វិស័យ​កីឡា​ប៉េតង់​ធ្លាប់តែ​ឃើញ​កញ្ញា ធា សម្ផស្ស ស្លៀក​សម្លៀកបំពាក់​កីឡា​ពាក់​ស្បែកជើង​ប៉ា​តា និង​ហ្វឹកហាត់​ប៉េតង់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ទំនងជា​មិន​ធ្លាប់​ឃើញ នាង ស្លៀកពាក់​ខោអាវ​បែប​អ្នកសិល្បៈ ពាក់​ស្បែកជើង​កែង​ខ្ពស់ៗ​នោះទេ​។ ក្រៅពី​អាជីព​ជា​កីឡាការិនី​ប៉េតង់​ជម្រើសជាតិ កីឡាការិនី​មកពី​ខេត្តតាកែវ​រូបនេះ ក៏​ជា​អ្នកសិល្បៈ​១​រូប​ផងដែរ​។ 
 
​កីឡាការិនី​វ័យ​២៥​ឆ្នាំ​រូបនេះ​ជា​តារាចម្រៀង​មួយរូប​ប្រចាំ​ផលិតកម្ម Classic C ជា​តារា​សម្តែង និង​ជា​អ្នកដើរ​ម៉ូដ​។ ប៉ុន្តែ​បច្ចុប្បន្ន នាង ហាក់ដូចជា​រាង​រយាល​បន្តិច​ជាមួយ​វិស័យ​សិល្បៈ ហើយ​មក​ផ្តោត​ខ្លាំង​លើ​ការហ្វឹកហាត់​កីឡា​ប៉េតង់ ព្រោះ​នាង​ចង់​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើកដំបូង​នៅ​ប្រទេស​វៀតណាម នា​ឆ្នាំ​២០២១ ខាងមុខ​។ 
 
​ម្យ៉ាងវិញទៀត រូបគេ​មិន​ចង់​ក្លាយជា​កីឡាការិនី​ដែល​ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​ជម្រុះ​ចេញពី​ក្រុម​ជម្រើសជាតិ​ជា​លើក​ទី​៥​។ គួររំលឹកថា កីឡាការិនី​រូបនេះ​ត្រូវបាន​សហព័ន្ធ​ជម្រុះ​ចេញពី​ក្រុម​ជម្រើសជាតិ​ចំនួន​៤​លើក​ក្រោយ​ប្រ​ឡូ​ក្នុង​វិស័យនេះ​អស់​រយៈពេល​៥​ឆ្នាំ​។ ប៉ុន្តែ នាង បាន​ជាប់​ជម្រើសជាតិ​ឡើងវិញ​ទាំង​៤​លើក ក្រោយ​ជាប់​ក្នុងការ​ប្រកួត​តេស្ត​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​។​
 
​កីឡាការិនី​មកពី​ស្រុក​កោះអណ្តែត​រូបនេះ​បាន​និយាយថា មូលហេតុ​ដែល​ខ្លួន ត្រូវបាន​សហព័ន្ធ​ជម្រុះ​ចេញពី​ក្រុម​ជម្រើសជាតិ​៤​ឆ្នាំ​ជាប់​គ្នា ដោយសារ​នាង​មិនសូវ​បាន​ហ្វឹកហាត់ ព្រោះ​ជាប់រវល់​ជាមួយ​ការសិក្សា​និង​មមាញឹក​ជាមួយ​ការងារ​សិល្បៈ​។ «​ក្តី​ស្រមៃ​របស់ខ្ញុំ គឺ​ខ្ញុំ​ចង់​ចូលរួម​ប្រកួត​ក្នុង​កីឡា​ស៊ី​ហ្គេម អ៊ីចឹង​ឆ្នាំនេះ​ខ្ញុំ​ប្តេជ្ញា​ខិតខំ​ហ្វឹកហាត់ និង​ត្រៀម​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​»​។ នេះ​ជាការ​បង្ហាញ​ក្តី​ស្រមៃ និង​ការប្តេជ្ញាចិត្ត​របស់​កីឡាការិនី ធា សម្ផស្ស​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី កីឡាការិនី​ដែលជា​ប់​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៥​រូបនេះ​អះអាងថា នាង​នឹងមិន​បោះបង់ចោល​វិស័យ​ណាមួយ​ឡើយ ព្រោះ​វិស័យ​ទាំងពីរ​ជា​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​។ សម្ផស្ស បន្តថា ឆ្នាំនេះ នាង អាច​បោះបង់​វិស័យ​សិល្បៈ ហើយ​ងាក​មក​ពង្រឹង​លើ​វិស័យ​កីឡា​ប៉េតង់ ដើម្បី​សម្រេច​គោលដៅ ដែល​ចង់​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កីឡាការិនី ធា សម្ផស្ស បាន​បន្ថែមថា​៖«​ការងារ​សិល្បៈ​ក៏​ខ្ញុំ​ស្រលាញ់ កីឡា​ក៏​ខ្ញុំ​ស្រលាញ់ តែបើ​ខ្ញុំ​អាចបែងចែក​ពេលវេលា​ជាមួយ​សិល្បៈ​ផង និង​កីឡា​ផង វា​ក៏​ជា​រឿង​ល្អ​។ ដ្បិតតែ​ខ្ញុំ​មិនអាច​ចេញទៅ​ដណ្តើម​មេដាយ​នៅក្រៅ​ប្រទេស​មែន ប៉ុន្តែ​ខ្ញុំ​នៅតែ​ជា​កីឡាករ​ជម្រើសជាតិ ខ្ញុំ​នៅតែ​ចូលរួម​ហ្វឹកហាត់ ព្រោះ​វា​ជា​ក្តី​ស្រលាញ់​របស់ខ្ញុំ​»​។ 
 
​សម្ផស្ស បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​តាំងពី​នាង​រៀន​នៅ​អនុវិទ្យាល័យ​មកម្ល៉េះ​។ ដំបូង​ឡើយ នាង ជា​កីឡាការិនី​បាល់ទះ តែ​ត្រូវបាន​គ្រូ​ផ្ទេរ​ឲ្យ​ទៅលេង​កីឡា​ប៉េតង់ ក្រោយ​ឃើញ​នាង​មាន​មាឌតូច និង​កម្ពស់​ទាប​។ រូបគេ​ធ្លាប់​ឈ្នះ​ជើងឯក​បាន​ចំនួន​ពីរ​ក្នុងការ​ប្រកួត​ជម្រើស​ថ្នាក់​ខេត្ត ដោយ​ទទួលបាន​ម៉ូតូ​លើកទឹកចិត្ត​ចំនួន​ពីរ​គ្រឿង​។ 
 
​ភាពលេច​ធ្លោ​ក្នុង​ការប្រកួត​ជម្រើស​ជើងឯក​ថ្នាក់​ខេត្ត​នេះ នៅ​អំឡុង​ឆ្នាំ​២០១៤ នាង ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ជ្រើសរើស​ឲ្យ​ធ្វើជា​កីឡាការិនី​ជម្រើសជាតិ​បម្រុង​។ ក្រោយមក​នៅ​ឆ្នាំ​២០១៥ នាង ក៏បាន​ក្លាយជា​កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​ពេញសិទ្ធិ ក្រោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​។ 
 
​ក្រោយ​ប្រឡូក​អស់​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ​កីឡាការិនី ធា សម្ផស្ស ធ្លាប់​សាង​ស្នាដៃ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ​ចំនួន​ពីរលើក​តាមរយៈ​ការ​ឈ្នះ​មេដាយប្រាក់​ក្នុងការ​ប្រកួត Mekong Goodwill នៅ​ប្រទេស​ថៃ និង​មេដាយ​សំរឹទ្ធ​នៅ​ប្រទេស​វៀតណាម ។ ប៉ុន្តែ​កីឡាការិនី​រូបនេះ មិន​ធ្លាប់​ចូលរួម​ការប្រកួត​កីឡា SEA Games និង Asia Games នោះទេ​៕ 

Tag:
 ប៉េតង់​
  ធា សម្ផស្ស
© រក្សាសិទ្ធិដោយ thmeythmey.com