ជាតិ
តារាល្បីៗ
​លោក ព្រាប សុវត្ថិ ចាក​ចេញពី ហង្ស មាស ក្រោយ​រួមរស់​ជាង​២០​ឆ្នាំ​
20, Aug 2020 , 11:19 am        
រូបភាព
​លោក ព្រាប សុវត្ថិ បានសម្រេច​ចាកចេញ​ពី​ផលិតកម្ម​ហង្ស មាស ដែល​រួម​រស់នៅ​ប្រមាណ​២៣​ឆ្នាំ​មកហើយ ទៅកាន់​ទ្រនំ​ថ្មី គឺ​ផលិតកម្ម Galaxy Navatra​។ នេះ​បើតាម​ផលិតកម្ម Galaxy Navatra​។​

 
​ផលិតកម្ម Galaxy Navatra បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​នៅ​ថ្ងៃទី ២០ សីហា ឆ្នាំ​២០២០​នេះ ដូច្នេះ​៖«​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ចំពោះ​វត្តមាន​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ចូលមក​រួមរស់​ក្នុង​គ្រួសារ​តែមួយ​នៃ​គ្រួសារ Galaxy Navatra»​។ 
 
 
 
​គេ​នៅ​មិនទាន់​ដឹង​មូលហេតុ នៃ​ការចាកចេញ​ពី​ផលិតកម្ម​ចាស់ របស់លោក ព្រាប សុវត្ថិ នៅឡើយ ប៉ុន្តែ​លោក យឹម តា​ស្រង់ នាយក​ចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra បាន​ប្រាប់​អង្គភាព​ហ្វ្រ​ស​ញ៉ូ​វ​ថា​ចំពោះ​មូលហេតុ​នៃ​ការចូលរួម​ទ្រនំ​ថ្មី​នេះ នឹងត្រូវ​បកស្រាយ​នៅក្នុង​សន្និសីទកាសែត នា​ថ្ងៃទី​២៥ ខែសីហា ដែល​ផលិតកម្ម Galaxy Navatra រៀប​ចុះ​ពិធី​ស្វាគមន៍​វត្តមាន អ្នកចម្រៀង​ល្បីឈ្មោះ វ័យ​៤៥​ឆ្នាំ​រូបនេះ​។ 
 
​លោក យឹម តា​ស្រង់ បានត្រឹមតែ​បញ្ជាក់​ហ្វ្រ​ស​ញ៉ូ​វ​ថា  លោក ព្រាប សុវត្ថិ សម្រេច​ទៅ​រួមរស់​នឹង Galaxy Navatra ជាមួយ​កិច្ចសន្យា​៥​ឆ្នាំ​។  
 
​ទោះជា​មិនទាន់មាន​មូលហេតុ​ជាក់លាក់ ប៉ុន្តែ​គេ​ដឹងថា​កូនប្រុស ទាំង​៣​នាក់ របស់លោក ព្រាប សុវត្ថិ កំពុង​ជ្រក​ក្រោម​ទ្រនំ ផលិតកម្ម ហង្ស មាស​។ ពួកគេ ត្រូវបាន​ប្រកាស​ជា​តារាចម្រៀង​ពេញសិទ្ធិ នៅ​ផលិតកម្ម ហង្ស មាស កាលពីដើមឆ្នាំ​២០១៨​។ 
 
​អ្នកចម្រៀង​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា លោក ព្រាប សុវត្ថិ កើត​នៅក្នុង​ឆ្នាំ​១៩៧៥ នៅ​កោះធំ ខេត្តកណ្តាល​។ តារាចម្រៀង​វ័យ​៤៥​ឆ្នាំ​រូបនេះ បាន​ចូលរួម​ទ្រនំ​នៅ​ផលិតកម្ម​រស្មី ហង្ស មាស តាំងតែ​ពី​ឆ្នាំ​១៩៩៧​មក ពោលគឺ​រយៈ​២៣​ឆ្នាំ​ហើយ គិត​មកទល់​បច្ចុប្បន្ន​។ ក្រៅពី​មាន​គេ​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ផ្នែក​ចម្រៀង លោក ព្រាប សុវត្ថិ ក៏​មុខងារ​ក្នុង​រាជការ​ដែរ ដោយមាន​ឋានន្តរស័ក្តិ​ថ្នាក់​វរៈសេនីយ៍​។ លោក បាន​ចូល​បម្រើកងទ័ព នៅ​អង្គភាព​ការិយាល័យ​នយោបាយ តាំងពី​ឆ្នាំ ១៩៩៤៕ 

Tag:
 ព្រាប សុវត្ថិ​
 ​សិល្បៈ​
 ​អ្នកចម្រៀង​
© រក្សាសិទ្ធិដោយ thmeythmey.com