COVID-19
អន្តរជាតិ
សិង្ហ​បុរី ធ្វើតេស្ត​មនុស្ស​ជិត​៣០០​នាក់ ដែល​ចូល KTV ចំ​ថ្ងៃ​អ្នកមាន COVID-19 ទៅ​ដែរ​
20, Aug 2020 , 12:39 pm        
រូបភាព
ដោយ:
​ក្រសួងសុខាភិបាល​សិង្ហ​បុរី បញ្ជាក់់​នៅ​ថ្ងៃទី ១៩ ខែសីហា​ថា មនុស្ស​សរុប ២៩៣​នាក់ ត្រូវបាន​ធ្វើតេស្ត​សម្រាប់​ជំងឺ COVID-19 ក្រោយ​ពួកគេ​បាន​ចូលទៅក្នុង KTV មួយកន្លែង​ចំ​ថ្ងៃ​តែមួយ​នឹង​មនុស្ស​៣​នាក់​ដែល​ក្រោយមក ត្រូវបាន​រកឃើញថា​មាន COVID-19 ។ 

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះផ្សាយ​ដោយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ក្រសួងសុខាភិបាល​សិង្ហ​បុរី គូសបញ្ជាក់ថា ការធ្វើ​តេស្ត​បង្ការ​ទុកជាមុន​មួយ ត្រូវបាន​រៀបចំឡើង ក្រោយ​ក្រសួង​បាន​រកឃើញថា មនុស្ស​៣​នាក់​ដែល​ឆ្លង​ជំងឺ COVID-19 បាន​ចូលទៅក្នុង​ទីតាំង KTV មួយកន្លែង​អំឡុង​ការបើក​សាកល្បង​កាលពី​ថ្ងៃទី​១ និង​ទី​២ ខែសីហា​កន្លងទៅ ។​
 
​ក្រោយ​ទទួលដំណឹង​នេះ ក្រសួងសុខាភិបាល​សិង្ហ​បុរី បាន​ទាក់ទង​មនុស្ស​៣២១​នាក់​ដែល​បាន​ចូល​កម្សាន្ត​ទីតាំង​ច្រៀង​កា​រ៉ា​អូ​ខេ​នេះ អំឡុង​ថ្ងៃ​ខាងលើ ហើយ​ឲ្យ​ពួកគេ​ធ្វើតេស្ត COVID-19​។ ក្នុងចំណោម​មនុស្ស​ដែល​បានធ្វើ​តេស្ត​រួចរាល់ លទ្ធផល​ដំបូង​សម្រាប់​១៩៣​នាក់ គឺ​អវិជ្ជមាន​។ 
 
​យ៉ាងណាមិញ សម្រាប់​លទ្ធផល​តេស្ត​១០០​នាក់​ផ្សេងទៀត ក្រសួង​សិង្ហ​បុរី​ពុំទាន់​បញ្ចេញ​លទ្ធផល​នោះឡើយ ខណៈ​អ្នក​សេសសល់​២៨​នាក់ ក្រសួង​កំពុង​រៀបចំ​ធ្វើតេស្ត​ពួកគេ​។  
 
​តាម​ទូរទស្សន៍ Channel News Asia ក្រសួងសុខាភិបាល​សិង្ហ​បុរី កាលពី​ថ្ងៃទី ១៤ ខែសីហា បាន​អះអាងថា អ្នក​ទាំងនោះ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូល​ទស្សនា KTV ដែល​ត្រៀម​បើក​ដំណើរការ​ឡើងវិញ តែ​ពួកគេ​ភាគច្រើន​គឺ​នៅ​ទីនោះ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ ត្រង់ចំណុច​នេះ ក្រសួង​សង្កត់ធ្ងន់ថា គ្មាន​សកម្មភាព​ច្រៀង​រាំ បានកើត​ឡើង​អំឡុងពេល​បើក​សាកល្បង​នេះឡើយ ។ 
 
​ករណី​ឆ្លង COVID-19 ទាំងបី​ដែល​បាន​ចូល KTV នៅ​ថ្ងៃទី ១ និង​ទី ២ ខែសីហា គឺ​រួមមាន ស្ត្រី​សិង្ហ​បុរី​អាយុ ៥៧​ឆ្នាំ ដែល​រកឃើញ​ឆ្លង​នៅ​ថ្ងៃទី​៨ ខែសីហា​, បុរស​អាយុ ៥៨​ឆ្នាំ ដែល​ប៉ះពាល់​ជាមួយ​ស្ត្រី​អាយុ​៥៧​ឆ្នាំ​នៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​តេស្ត​ឃើញ COVID-19 នៅ​ថ្ងៃទី ១១ ខែសីហា​, ហើយ​ករណី​ទី​៣ គឺ​ស្ត្រី​សិង្ហ​បុរី​អាយុ ៣៩​ឆ្នាំ ដែល​ស្ថិតក្នុង​បញ្ជី​អ្នក​ប៉ះពាល់​ជាមួយ​ករណី​ទាំងពីរ​នេះ និង​បាន​រកឃើញថា​ឆ្លង​នៅ​ថ្ងៃទី ១៥ ខែសីហា​។ 
 
​រដ្ឋាភិបាល​សិង្ហ​បុរី ធ្លាប់បាន​អះអាងថា ទីតាំង​កម្សាន្ត​ដូចជា ទីតាំង​ច្រៀង​កា​រ៉ា​អូ​ខេ (KTV) ជាដើម មិនត្រូវ​បានអនុញ្ញាត​ឲ្យ​បើក​ដំណើរការឡើង អំឡុង​ការបន្ធូរបន្ថយ​ការ​រឹតត្បិត COVID-19 ដំណាក់​ទី ២ ។ គិត​ត្រឹម​ថ្ងៃទី​១៩ ខែសីហា សិង្ហ​បុរី មាន​ករណី​ឆ្លង​សរុប ៥៦ ០៣១ ករណី​ហើយ ក្នុងនោះ​អ្នកជា​សះស្បើយ​មាន ៥២ ៨១០​នាក់ ខណៈ​អ្នក​ស្លាប់មាន​២៧​នាក់​៕ 
 

Tag:
 សិង្ហ​បុរី​
  COVID-19
  KTV
© រក្សាសិទ្ធិដោយ thmeythmey.com