កីឡាជាតិ
ជាតិ
ស៊ិន កក្កដា និង ស៊ិន សុ​ផា​ណាត់ សម្រេចបាន Hat-Trick រៀងៗ​ខ្លួន​ក្នុងជំនួប​តែមួយ​
20, Aug 2020 , 1:19 pm        
រូបភាព
កីឡាករ_ស៊ិន​_កក្កដា_ស្តាំនិងកីឡាករ_ស៊ិន_សុផាណាត់_ពេលប្រកួតជាមួយក្រុមត្បូងឃ្មុំ
កីឡាករ_ស៊ិន​_កក្កដា_ស្តាំនិងកីឡាករ_ស៊ិន_សុផាណាត់_ពេលប្រកួតជាមួយក្រុមត្បូងឃ្មុំ
ដោយ:
​ក្រុម​វិសាខា​លត់​ក្រុម​ត្បូងឃ្មុំ​ក្នុង​លទ្ធផល ៩-០ នា​ជំនួប​ជើង​ទី​១ នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន​ព្រី​នស៍​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុងជំនួប​ដ៏​ជក់ចិត្ត​នេះ គឺ​កីឡាករ​វិសាខា​ពីររូប​សម្រេចបាន Hat-Trick (៣​គ្រាប់​)​រៀងៗ​ខ្លួន​។​

 
​ខ្សែបម្រើ ស៊ិន កក្កដា និង​កីឡាករ ស៊ិន សុ​ផា​ណាត់ រកបាន Hat-Trick រៀងៗ​ខ្លួន ដើម្បី​រួមចំណែក​ជួយ​ឲ្យ​ក្រុម​វិសាខា​យកឈ្នះ​ត្បូងឃ្មុំ ៩-០ នៅ​ជើង​ទី​១​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​វិសាខា​មាន​ភាគរយ​ខ្ពស់​ក្នុង​ការឈាន​ទៅកាន់​វគ្គ​៨​ក្រុម​ចុងក្រោយ ដែលមាន​ណាហ្គា​វើ​ល ព្រៃវែង និង​គីរីវង់​សុខ​សែន​ជ័យ​កំពុង​រង់ចាំ​។​
 
​ការប្រកួត​នៅ​កីឡដ្ឋាន​ព្រី​នស៍​ដំណើរការបាន​ពីរ​នាទី កីឡាករ ស៊ិន សុ​ផា​ណាត់ រក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ម្ចាស់ផ្ទះ​វិសាខា មុន​កីឡាករ ស៊ិន កក្កដា បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​១០​នាទី​បន្ទាប់​។ ការប្រកួត​ដំណើរការបាន​ជាង​១០​នាទី​ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង រកបាន​គ្រាប់​ទី​៣ មុន​កីឡាករ ស៊ិន កក្កដា សម្រេច​គ្រាប់​ទី​៤ និង​ទី​៥​ជា​បន្តបន្ទាប់ ដែល​ជួយ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​រកបាន Hat-Trick ត្រឹម​រយៈពេល​៣៥​នាទី​។  
 
៥​គ្រាប់​ក្នុង​តង់​ទី​១​សម្រាប់​វិសាខា​មិនទាន់​ស្កប់​ស្គាល់​នោះទេ នៅ​នាទី​ទី​៤៥​គ្រាប់​បាល់​ទី​៦ ក៏បាន​កើតឡើង ដែល​រកបាន​ដោយ​កីឡាករ ស៊ិន សុ​ផា​ណាត់ ហើយ​ជា​គ្រាប់​ទី​ពីរ​របស់គេ​។ ឈានដល់​តង់​ទី​ពីរ​កីឡាករ​រូបនេះ​សម្រេចបាន​មួយ​គ្រាប់​បន្ថែម​នៅ​នាទី​ទី​៦០ ហើយក៏​ជា​គ្រាប់​ទី​បី​របស់គេ​ផងដែរ​។ ក្រោយមក​កីឡាករ អិន វិ​ច្ឆ័​យ រកបាន​គ្រាប់​ទី​៨​នៅ​នាទី​ទី​៨៥ មុន​កីឡាករ ម៉ាត់ សា​ក់រវី រកបាន​គ្រាប់​ទី​៩​នៅ​នាទី​បន្ថែម​ក្នុង​តង់​ទី​ពីរ ដែលជា​គ្រាប់​ជ័យជម្នះ ៩-០ របស់​វិសាខា​លើ​ក្រុម​ត្បូងឃ្មុំ​៕ 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com