ជាតិ
បន្ទាយស្រី បាន​លេខ​១ ពី​ការប្រកួត​មាន់​អាំង​ឆ្ងាញ់ ឯ​សូទ្រនិគម​លេខ​២ ក្រុង​សៀមរាប​លេខ​៣
20, Aug 2020 , 3:19 pm        
រូបភាព
មាន់អាំងស្រុកបន្ទាយស្រី​ ដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតមាន់អាំងឆ្ងាញ់
មាន់អាំងស្រុកបន្ទាយស្រី​ ដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតមាន់អាំងឆ្ងាញ់
ដោយ:
​មាន់​អាំង​ស្រុក​បន្ទាយស្រី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ជាមាន់​អាំង​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាងគេ នៅក្នុង​ចំណោម​ក្រុង​-​ស្រុក​ទាំង​១២ នៃ​ខេត្តសៀមរាប​។ សម្រាប់​មាន់​អាំង​ឆ្ងាញ់ ចំណាត់ថ្នាក់​លេខ​២ គឺ​បាន​ទៅលើ​ស្រុក​សូត្រ​និគម និង​លេខ​៣ បាន​ទៅ​មាន់​អាំង​ក្រុង​សៀមរាប​។ ជ័យលាភី​នេះ ត្រូវបាន​ប្រកាស​នៅក្នុង​កម្មវិធី ប្រកួត​មាន់​អាំង​ឆ្ងាញ់ ដែលជា​កម្មវិធី​មួយ ក្នុងចំណោម​កម្មវិធី​ជាច្រើន​ទៀត នៃ​ព្រឹ​ត្ត​ការណ៍​«​សម្រាក​សៀមរាប​»​។​



​រដ្ឋបាល​ខេត្តសៀមរាប បាន​ចុះផ្សាយ​សម្តី​របសលោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ថា ការដាក់​ពិន្ទុ​នៅក្នុង​កម្មវិធី​នេះ គឺ​ក្រៅតែពី​រសជាតិ គណៈកម្មការ បាន​ពិនិត្យ និង​វិនិច្ឆ័យ​យ៉ាង​ម៉ត់ចត់ ទៅលើ​សោភ័ណភាព អនាម័យ របៀប​ផ្សំ​គ្រឿង និង​ប្រភព​មាន់​ដែល​យកមក​អាំង​។ លោក ភឿន គឹម​លី បន្តទៀតថា គោលបំណង​នៃ​ការប្រកួត​មាន់​អាំង​ឆ្ងាញ់​នេះ គឺ​ដើម្បី​បង្ហាញ​នូវ​ស្នាដៃ​ចម្អិន​(​អាំង​មាន់​) របស់​ចុងភៅ​គ្រប់​តំបន់ នៃ​ខេត្តសៀមរាប ក៏ដូចជា​បង្ហាញ​រូបមន្ត​ពិសេស​ខុសៗ​គ្នា​របស់​ចុងភៅ​នីមួយៗ​។ 


 
​ជុំវិញ​ការប្រកួត​នេះ លោក ភឿន គីម​លី ក៏បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដែរ​ថា ការបង្កើត​ឲ្យ​មានការ​ប្រកួត​មាន់​អាំង​ង​ឆ្ងាញ់ ព្រោះ​មុខម្ហូប​១​នេះ ជា​ម្ហូប​មាន​ភាពល្បីល្បាញ​ក្នុង​ខេត្តសៀមរាប ដូច្នេះ​ការរៀបចំ​ការប្រកួត​នេះ អាចធ្វើ​ឲ្យ​កាន់តែ​មានការ​ផ្សព្វផ្សាយ​ទៅដល់​ភ្ញៀវទេសចរ​ឲ្យ​ស្គា​ល់ពី​ម្ហូប​ប្រចាំ​តំបន់​មួយ​នេះ​។ 
 
​សូមជម្រាបថា ក្រៅតែពី​កម្មវិធី​ប្រកួត​មាន់​អាំង​ឆ្ងាញ់ ព្រឹត្តិការណ៍​«​សម្រាក​សៀមរាប​» ដែលមាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២១​សីហា រដ្ឋបាលខេត្ត​សៀម រាប​បានរៀបចំ​ផ្សារ​លើទឹក​, ស្ដង់​ពិព័រណ៍​ម្ហូបអាហារ បន្លែ ផ្លែឈើ សម្រាប់​ការកម្សាន្ត​នានា និង​ឱ្យ​ភ្ញៀវទេសចរ​បាន​ហូប​អាហារ​ផងដែរ​៕


























 

© រក្សាសិទ្ធិដោយ thmeythmey.com