អន្តរជាតិ
Apple ក្លាយជា​ក្រុមហ៊ុន​អាមេរិក​ទីមួយ ដែលមាន​តម្លៃ​២​ទ្រី​លាន​ដុល្លារ​
20, Aug 2020 , 4:59 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស អេប​ផល (Apple) បានក្លាយ​ក្រុមហ៊ុន​អាមេរិក​ទី​១ ដែលមាន​តម្លៃ ២ ទ្រី​លាន​ដុល្លារ លើ​ទីផ្សារ​ភាគហ៊ុន​។ ក្រុមហ៊ុន Apple បានសម្រេច​ជោគជ័យ​ថ្មី​នេះ ក្នុងពេល​ត្រឹម​២​ឆ្នាំ ក្រោយ​ខ្លួន​បាន​ក្លាយជា​ក្រុមហ៊ុន​មានតម្លៃ ១​ទ្រី​លាន​ដុល្លារ ដំបូង​របស់​ពិភពលោក ក្នុង​ឆ្នាំ​២០១៨​។

 
​តាម​ការចុះផ្សាយ​សារព័ត៌មាន BBC តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​យក្ស​នេះ ឡើងដល់ ៤៦៧,៧៧​ដុល្លារ នៅ​ថ្ងៃទី ១៩ ខែសីហា ដែល​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​សរុប របស់​ក្រុម​ហ៊ុ​នេះ Apple ហក់​ឡើង ដល់​២​ទ្រី​លាន​ដុល្លារ​។​
 
​ក្រៅពី​ក្រុមហ៊ុន​Apple មានតែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ ដែល​ធ្លាប់​ឈានដល់​តម្លៃ​២​ទ្រី​លាន​ដុល្លារ ហើយ​នោះ​គឺជា​ក្រុមហ៊ុន​ប្រេង​រដ្ឋ Saudi Aramco របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​ខែធ្នូ ឆ្នាំ​២០១៩​។ ក៏ប៉ុន្តែ​តម្លៃ​របស់​ក្រុមហ៊ុន​ប្រេង​យក្ស​នេះ បាន​ធ្លាក់​ចុះមក ១,៨​ទ្រី​លាន​ដុល្លារ​វិញ ចាប់តាំងពី​នោះមក​។​
 
​ម្យ៉ាងទៀត ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Apple បាន​វ៉ា​ដាច់​ក្រុមហ៊ុន​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ ក្លាយជា​ក្រុមហ៊ុន​មានតម្លៃ​ពាណិជ្ជកម្ម​ថ្លៃ​បំផុត​របស់​ពិភពលោក នៅ​ចុងខែ​កក្កដា កន្លងទៅ​។ នេះ​បើតាម BBC ។ 
 
​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ​ដៃ iPhone នេះ បាន​ហក់​ឡើង​ជាង​៥០​ភាគរយ​ក្នុង​ឆ្នាំ​២០២០​នេះ ទៅះ​ជា​វិបត្តិ​ជំងឺ​រាតត្បាត​សកល COVID-19 បាន​បង្ខំ​ឲ្យ​ហាង Apple ជាច្រើន​បិទទ្វារ​ក៏ដោយ​។ 
 
​ក្រុមហ៊ុន Microsoft និង Amazon តាម​ពីក្រោយ​ក្រុមហ៊ុន Apple ជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ខ្ពស់បំផុត របស់​សហរដ្ឋអាមេរិក ដោយ​ពួកគេ​មានតម្លៃ​ប្រមាណ ១,៦​ទ្រី​លាន​ដុល្លារ​រៀងៗ​ខ្លួន​។ ចំណែក​ក្រុមហ៊ុន Ahphabet ដែលជា​ម្ចាស់ Google នៅ​ពីក្រោយ​គេ ជាមួយ​តម្លៃ​ជាង​១​ទ្រី​លាន​ដុល្លារ​៕ 

Tag:
 សហរដ្ឋអាមេរិក​
  Apple
  ផ្សារភាគហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com