ជាតិ
លោក ឡេង កុក អាន ប្រាប់​ពី​ក្បួន​សង់ផ្ទះ តាម​គម្ពីរ​ក្រាំង​ខ្មែរ​
20, Aug 2020 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក ឡេង កុក អាន ដែល​ធ្វើ​ការងារ​លើ​ការសិក្សា​ស្រាវជ្រាវ និង​ការអភិរក្ស​គម្ពីរ​សាស្ត្រា​ស្លឹករឹត ក្រាំង និង វាន អស់​រយៈពេល​៣​ទសវត្សរ៍​មកហើយ​នោះ បាន​លើកយក​ក្បួន​សង់ផ្ទះ ដោយ​ស្រង់​ចេញពី​គម្ពីរ​បុរាណ​ខ្មែរ​។ ជា​អ្នក​ចូលចិត្ត​គម្ពីរ​ក្បួនច្បាប់​បុរាណ លោក ឡេង កុក អាន សង្កេតឃើញថា ប្រជាជន​ខ្មែរ​មួយចំនួន​ក្នុងពេល​បច្ចុប្បន្ននេះ ហាក់​មិនសូវ​ឱ្យ​តម្លៃ​ក្បួន​បុរាណ​របស់​បុព្វបុរស​ឡើយ​។ លោក កុក អាន មើលឃើញថា ការ​អស់ជំនឿ​នេះ មកពី​ខ្មែរ​មិនបាន​សិក្សា​រៀនសូត្រ​ពី​ក្បួន​ទាំងនោះ​ឱ្យបាន​ច្បាស់លាស់​។​



​ដើម្បី​ជ្រាប​ច្បាស់​ពី​ការសង់​ផ្ទះ តាម​ក្បួន​បុរាណ​ខ្មែរ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដោយ​ក្ដី​រីករាយ​៖




​មាន​សម្បុរ​ស្រអែម មុខមាំ បុរស​វ័យ​៥៥​ឆ្នាំ ដែលមាន​សក់ស្កូវ​ល្បាយ​អាចម៍​ខ្លា​ទៅហើយនោះ កំពុង​អង្គុយ​នៅក្នុង​បន្ទប់​ពោរពេញ​ទៅដោយ​គម្ពីរ​សាស្ត្រា​ស្លឹករឹត ក្រាំង វាន និង​សៀវភៅ​ក្បាល​ធំ​តូច​លាយ​គ្នា ព្រមទាំង​សន្លឹក​ឯកសារ​ស្រាវជ្រាវ​ជាច្រើន​ទៀត នោះ​គឺ លោក ឡេង កុក អាន​។​
 
​ធ្វើការ​លើ​ការសិក្សា​ស្រាវជ្រាវ និង​អភិរក្ស​គម្ពីរ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ប្រមាណ​ជា​៣​ទសវត្សរ៍​ទៅហើយនោះ លោក ឡេង កុក អាន បាន​អាន​ឯកសារ​ក្បួន​បុរាណ​ខ្មែរ​ជាច្រើន ដែល​ចាស់​បុរាណ​បាន​កត់​ត្រាទុក​។ ក្នុង​ក្បួន​បុរាណ​ជាច្រើន​រាប់​សឹង​មិន​អស់ទាំងនោះ ក៏មាន​ក្បួន​សង់ផ្ទះ​ដែរ​។
 

លោក ឡេង កុក អាន អ្នកសិក្សាស្រាវេជ្រាវ សាស្ត្រាស្លឹករឹត ក្រាំង និង វាន នៅវិទ្យាស្ថានស្រាវេជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ

​មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ លោក ឡេង កុក អាន រៀបរាប់​ខែ​តាម​ចន្ទគតិ ដែល​អាច​សង់ផ្ទះ​ឱ្យមាន​សិរី​មង្គល នាំ​ទ្រព្យធនធាន​ហូរ​ចូល ឬ​នាំឱ្យ​វិនាស​អន្តរាយ ទៅតាម​ក្បួន​ក្នុង​គម្ពីរ​ក្រាំង​បុរាណ​។ ដៃ​កាន់​ក្រាំង ដែលមាន​ទំហំ​ប្រហែល​១​ចំអាម និង​ប្រវែង​ប្រហែល​៣​ចំអាម លោក ឡេង កុក អាន បាន​អាន​ពី​ក្បួន​សង់ផ្ទះ​ដូច្នេះ​៖«​សង់ផ្ទះ​ថ្មី​ឱ្យមើល​ពេលា កុំ​ធ្វើឡើង​មិន​មធ្យម ឱ្យ​មាស​ឧ​ត្ត​ម​នឹង​និត្យនៅ ខែ​នោះ​ហង ពិសាខ សង់​គ្រឹះ​ជា​ក្ដាត់ ចូល​លាភ​ច្រើន​ឆ្វា​ត់ មាសប្រាក់​ទាំងឡាយ​។ ខែជេស្ឋ សង់​គ្រឹះ​អន្តរាយ នៅ​ប្រស់​រូប​កាយ ខ្ចាត់ខ្ចាយ​អាត្មា​មរ​ក្ស័យ​។ ស្លាប់​ខ្លួន​ណា មិន​បានទេ​»​។ 
 
​អង្គុយ​លើ​កៅអី​ពណ៌​ខ្មៅ​មាន​ធ្នាក់​ដៃ នៅជាប់​តុ​ធ្វើការ​ដែលមាន​ឯកសារ​ទាំង​ជា​សៀវភៅ​ក្បាល​តូច​និង​ធំ ព្រមទាំង​គម្ពីរ​សាស្ត្រា​ស្លឹករឹត ក្រាំង និង​វាន ដាក់​រាយ​ពេញ​លើ​តុ បុរស​ដែល​ដាក់ឈ្មោះ​កូន មើល​ទៅតាម​ក្បួន​បុរាណ​រូបនេះ ប្រាប់​ពី​ការ​សង់ផ្ទះ​នៅក្នុង​ខែអាសាឍ​៖«​ខែអាសាឍ សង់​គ្រឹះ​ឥត​ជ័យ ទ្រព្យធន​ក្រិណ​ក្ស័យ ហឹ​ង្សា​នោះ​នឹង​វិនាស​។ បានន័យថា​កើត​អំពើ​ហឹ​ង្សា​។ ខែ​ស្រាពណ៍​សង់​គ្រឹះ​តាម​សាសន៍ បានន័យថា​តាម​ជនជាតិ ទាយ​ថា​បាន​មាស​ហើយ​និង​ប្រាក់​កែវកង​។ ខែភទ្របទ​សង់​គ្រឹះ​ពុំជា ព្យាធិ​បិ​ន​ទារ ហើយ​ច្រើន​តម្កាត់​ពេក​ក្រៃ​»​។ 
 
​ដៃ​ឆ្វេង​កាន់​ក្រាំង​បញ្ឈរ​ឡើង ហើយ​ដៃស្ដាំ​ម្រាម​ចង្អុល ប្រឹង​ចង្អុល​ឱ្យចំ​តួអក្សរ ដែលមាន​នៅក្នុង​ក្រាំង លោក កុក អាន បន្ត​ប្រាប់​ពី​ការ​សង់ផ្ទះ​នៅក្នុង​ខែអស្សុជ​ដូច្នេះ​៖«​ខែអស្សុជ សង់​គ្រឹះ​ឥត​ជ័យ ច្រើន​តម្កាត់​ក្រៃ ហើយ​ច្រើន​ក្ដៅចិត្ត​ពុំជា​។ ខែកត្តិក សង់​គ្រឹះ​សឹង​មហា សួស្ដី​ជ័​យា ហើយនឹង​ចូល​ទ្រព្យធន​បាន​។ ខែ​មិគសិរ សង់​គ្រឹះ​ជា​ឋាន​សួស្ដី​កល្យាណ ហើយ​មានយស​ស័ក្ដិ​សម្បត្តិ​។ ខែបុស្ស សង់​គ្រឹះ​ក្ដាត់ ចូល​កែវកង​រ័ត្ន ហើយ​មាន​មាសប្រាក់​ផង​ណា​។ អ៊ីចឹង​ល្អ​ទាំងអស់​៣​ខែ​ជាប់​គ្នា​ហ្នឹង​»​។ 
 
​ឆ្លៀត​ងាកមើល​មុខ​ខ្ញុំ​បន្តិច បុរស​ដែលមាន​កន្ទុយភ្នែក​ជា​មនុស្ស​ពូកែ​សង្កេត​រូបនេះ ហាម​មិនឱ្យ​សង់ផ្ទះ​នៅក្នុង​ខែមាឃ​ឡើយ​៖«​ខែមាឃ​ធំ សង់​គ្រឹះ​ពុំជា កាច​ក្រៃ​មហិមា ហើយ​ក្រៃ​ភ្លើង​នឹង​ឆេះ​ផង​ណា​។ ខែផល្គុន​សង់​គ្រឹះ​ឥត​មោះ មាន​លាភ​ចំពោះ ដូច​ចិត្ត​ប្រាថ្នា​។ ខែចេត្រ សង់​គ្រឹះ​ពុំជា សែន​សោយ​សោកា អប្រិយ​ចង្រៃ​នឹង​ក្ដៅ ចិត្ត​ក្រៃ​ប្រល័យ​ព្រាត់ប្រាស បានន័យថា​ឈ្លោះទាស់ទែង​គ្នា​»​។


សាស្ត្រាស្លឹករឹត ក្រាំង និង វាន មិនទាន់រៀបចំរួច នៅក្នុងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ

​អង្គុយ​ដាក់​កែងដៃ​ទាំងពីរ​ច្រត់​លើ​តុ ហើយ​ម្រាមដៃ​ទាំងសងខាង​ស្រាក់​ចូលគ្នា លោក ឡេង កុក អាន ប្រាប់​ថាបើ​ចង់ដឹង​ពី​ក្បួន​មើល​ជ័យ​ភូមិ​តាមច្បាប់​បុរាណ គេ​អាច​ទៅរក​មើល​បាន​ពី​ក្នុង​ក្រាំង ដែល​រក្សាទុក​នៅក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស សាស្ត្រា​ស្លឹករឹត​ខ្មែរ ដែលមាន​ទីតាំង​ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម​៖«​ក្រាំង​ភាគច្រើន​គឺ​ក្បួន​មើល​ផ្ទះ​ជ័យ​ភូមិ​ទាំងអស់​។ ក្បួន​ឡើងផ្ទះ តើ​គេ​រៀប​យ៉ាងម៉េច មាន​តាំងពី​ឆ្មា​សម្បុរ​បី​។ ពី​ដើម​អ្នកចេះ​ទាំង​អស់គេ​យកតាម​ហ្នឹង​។ តាំងពី​ការមើល​ជ័យ​ភូមិ ដំបូក​នៅ​ខាង​ណា ទឹក​ហូរ​យ៉ាងម៉េច​។ គេ​ដាំ​ដើមឈើ នៅ​ទិស​ខាង​ណាខ្លះ ហ្នឹង​គេ​ហៅថា​សេនា​១​ពាន់​។ ដើម​អំពិល​វា​មាន​អរូប​មក​នៅ ដូចជា​ព្រាយ ឬ​ខ្មោច ធ្វើទុក្ខបុកម្នេញ យើង​នៅ​មិនកើត ទើបបានជា​គេ​មិនឱ្យ​ដាំ​នៅ​ទិស​ខាងត្បូង​ផ្ទះ​។ ចាស់ៗ​ខ្លះ ដើម​បែបនេះ​គេ​ដាំ​ចំ​ទិស​កា​ក្ខិ​ណី​»​។​
 
​មាន​ប្រជុំ​ជ​ញ្ចើ​ម​បង្ហាញឱ្យឃើញ​ពី​ភាពជា​មនុស្ស​ហ្មត់ចត់ បុរស​ដែល​ពាក់អាវ​ពណ៌​ប្រផេះ​ដៃ​វែង​កបត់​រូបនេះ ក៏បាន​បញ្ជាក់​ពី​ក្បួន​ធ្វើ​បង្គន់​តាម​ចាស់​បុរាណ​ផងដែរ​៖«​បង្គន់​អ៊ីចឹង​ដែរ ពី​បុរាណ​គេ​ឱ្យ​បែរមុខ​ទៅ​ទិស​ខាងជើង យើង​ចូល​ខាង​ណាក៏ដោយ​បង្គន់​ហ្នឹង​ឱ្យ​បែរ​ទៅ​ទិស​ខាងជើង​។ ទិស​ហ្នឹង​គេ​ហៅ​ទិស​មិត្ត​»​។​
​ទោះជា​យ៉ាងណា ការសាងសង់​ផ្ទះ​តាម​ក្បួន​ដោយ​មើល​តាម​ខែ​ល្អ​ត្រឹមត្រូវ​ហើយ ក៏​នៅតែ​ទាមទារ​មើល​រាសី​របស់​ម្ចាស់ផ្ទះ​ដែរ ហើយ​លោក ឡេង កុក អាន ដែល​បាន​ស្រាវជ្រាវ​គម្ពីរ​សាស្ត្រា​ស្លឹករឹត​តាំងពី​ឆ្នាំ​១៩៩០ ពន្យល់​ដូច្នេះ​៖«​គេ​មើល​ដេញតាម​រាសី​របស់​មនុស្ស​នោះ​ទៀត​។ គេ​មើល​ត្រូវ​ខែ​សង់​ហើយ គេ​មើល​ប្ដី​ប្រពន្ធ​របស់​យើង​ហ្នឹង គេ​លើក​ផ្ទះ​ថ្ងៃ​ណា​បាន​។ បើ​ចំ​ទិន​សូន ទិន​ស័​យ នោះ​មិនបាន​ទៀត​។ ត្រូវ​ដេញ​ពេលា​ទៀត​»​។​
​បុរស​ដែល​ឱ្យ​តម្លៃ​កេរ​ដូនតា​រូបនេះ ពន្យល់​បន្ថែម​ពី​មូលហេតុ​ដែលនាំឱ្យ​ចាស់​បុរាណ បង្កើត​ក្បួន​សង់ផ្ទះ​៖«​ក្បួន​សង់ផ្ទះ​ពិស្ដារ គេ​ចាប់ផ្ដើម​មើល​តាំងពី​ដំបូក គេ​ត្រូវ​ទុក​ខាង​ណា​បាន​។ ឧទាហរណ៍​ផ្ទះ​របស់​យើង ធ្វើ​លើដី​ស្រែ​មួយ ខាង​ណា​ខ្ពស់ ខាង​ណា​ទាប បើ​មាន​ប្រឡាយ តើ​ទឹក​ហូរ​យ៉ាងម៉េច កុំឱ្យ​ហូរ​ទៅ​ទិស​ខាង​ណា​។ ពី​ដើម​គេ​មើល​ខ្ទេច​ទាំងអស់​ណា ហ្នឹង​បាន​សិរី​សួស្ដី​។ ពី​ដើម​ហេតុអ្វី​ទើបបាន​ជាមាន​ក្បួន​បែបនេះ មកពី​គេ​សង់​វាំង ពី​ដើម​ព្រះរាជា​ទ្រង់​ធ្វើ​បែប​ហ្នឹង ទ្រង់​មើល​ទាំងអស់​»​។


 គម្ពីរវាន

​ផ្អែកលើ​ការសិក្សា​ស្រាវជ្រាវ​គម្ពីរ​សាស្ត្រា​ស្លឹករឹត ក្រាំង និង​វាន ជិត​១​ពាន់​វត្ត រួមទាំង​ការសិក្សា​ស្រាវជ្រាវ​ចំណេះដឹង​ទូទៅ​ផ្សេងៗ បុរស​កូនពៅ​ក្នុងចំណោម​បងប្អូន​៧​នាក់​រូបនេះ បាន​សន្មត​ពី​ប្រាជ្ញា​របស់​ចាស់​បុរាណ​ថា​៖«​ដូច​ខ្ញុំ​ថា​អ៊ីចឹង​ចាស់​បុរាណ​គេ​អង្គុយ​កម្ម​ឋាន​។ ពី​ដើម​គ្រូៗ គេ​អង្គុយ​និម្មិត​ឃើញ គេ​សរសេរ​ជា​ក្បួន ដូច្នេះ​ក្បួន​ទាំងអស់នេះ​កើតចេញពី​អំពើ​កម្ម​ឋាន​។ ខ្មែរ​ពី​ដើម​គេ​ជ្រៅ​ណាស់ យើង​ពិបាក​នឹង​ពន្យល់​»​។​
 
​តែង​ប្រកាន់យក​ក្បួន​បុរាណ ទៅ​អនុវត្តន៍​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់ខ្លួន​លោក ឡេង កុក អាន មាន​ជំនឿ​មុតមាំ​លើ​ចំណេះដឹង​បុព្វបុរស​ខ្មែរ ដែល​បាន​ចងក្រង​ជា​គម្ពីរ បន្សល់ទុក​ដល់ពេល​បច្ចុប្បន្ន​នេះ​។ ទោះជា​យ៉ាងណា លោក​មិនបាន​បង្ខំ​ឱ្យ​ជនណាម្នាក់ ជឿ​តាម​លោក​ឡើយ ក៏ប៉ុន្តែ​លោក​គ្រាន់តែ​សុំឱ្យ​កូន​ខ្មែរ បើ​នឹង​ជឿ​លើ​អ្វីមួយ គួរ​ណាស់​ព្យាយាម​សិក្សា​ស្រាវជ្រាវ និង​សង្កេត​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ជាមុនសិន​៖«​អ្នកប្រាជ្ញ​ខ្មែរ​បាន​សរសេរ​មក អ៊ីចឹង​បាន​ខ្ញុំ​ថា វា​ជា​អរិយធម៌​ដែល​មិនមាន​អ្នកដឹង​កប់​ទៅ ហើយ​ខ្មែរ​អនុវត្តិ​តៗ​គ្នា​មក​។ យើង​សព្វថ្ងៃ​ចោល​ក្បួន ដោយសារ​ថា​ទៅ​ជឿ​អី​អាហ្នឹង មនុស្ស​អ្នកធ្វើ​ទេតើ អ្នកណា​សង់ផ្ទះ​ខែ​ណា​ក៏​បានដែរ​។ អ្នកខ្លះ​គេ​សង់​ធ្វើ​មហាសេដ្ឋី មិនមាន​អ្នកណា​ទៅ​អន្តរាយ ទៅ​ជឿ​អី​។ គេ​ធ្វើ​វីឡា​មួយ​គេ​មាន​ប្រាក់​វាល់​លាន​ធ្វើ ប៉ុន្តែ​ពេលធ្វើ​ហើយ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាត់ទៅ អត់​បាន​នៅផ្ទះ​ហ្នឹង​។ អ្នកណា​គេ​ថា​យ៉ាងណា​ក៏​ថា​ទៅ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​ជឿ​ក្បួន​បុរាណ​។ ដូច​ចាស់ៗ​ចំណាំ​ថា​អ៊ីចឹង បើ​មិន​ជឿ​ចាស់​ស្រឡះដៃ​ធេង​»៕


 គម្ពីរក្រាំង ដែលមានសរសេរពីក្បួនជ័យភូមិ

Tag:
 សាស្ត្រា​ស្លឹករឹត​
  គម្ពីរ​
  ក្បួន​
 ​ផ្ទះ​
 ​សង់​
 ​បុរាណ​
 ​ស្លឹករឹត​
  ឡេង កុក អាន​
© រក្សាសិទ្ធិដោយ thmeythmey.com