កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន​៖ បឹងកេត ទ័ព ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ​ស្វាយរៀង ឡើងទៅ​វគ្គ​១/៤
21, Aug 2020 , 3:03 pm        
រូបភាព
ខ្សែប្រយុទ្ធ_សៀង_ចន្ធា_រកបាន_Hat_Trick_ឲ្យបឹងកេតក្នុងជំនួបជើងទីពីរជាមួយសៀមរាប
ខ្សែប្រយុទ្ធ_សៀង_ចន្ធា_រកបាន_Hat_Trick_ឲ្យបឹងកេតក្នុងជំនួបជើងទីពីរជាមួយសៀមរាប
ដោយ:
​ក្រុមបាល់ទាត់​បឹងកេត ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ​ស្វាយរៀង និង​កងយោធពល​ខេមរភូមិន្ទ​(​ទ័ព​)​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤)​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រោយ​ពួកគេ​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​១/៨​។

 
​នា​ជំនួប​ជើង​ទី​ពីរ​នៅ​កីឡដ្ឋាន អេស អ យូ កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ កីឡាករ ឈិន ឈឿន បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយ​ការប្រកួត​ដំណើរការបាន​១០​នាទី​។ ក្រោយមក​នៅ​នាទី​ទី​៦៦ កីឡាករ មិន រតនៈ បាន​បន្ថែម​មួយគ្រា​ប់​ទៀត ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ក្រុម​ភ្ញៀវ​ផងដែរ​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​មួយ​នេះ ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៣-០​។ 
 
​ងាក​ទៅ​មើល​ការប្រកួត​នៅ​កីឡដ្ឋាន អេ អ៊ី យូ កីឡាករ ប្រាក់ ធី​វ៉ា សម្រេចបាន Hat-Trick សម្រាប់​ភ្នំពេញ​ក្រោ​ន​ក្នុង​រយៈពេល​៥៨​នាទី ដែល​គ្រាប់​ទាំងនេះ​កើតឡើង​នៅ​នាទី​ទី​៣០, ៤២ និង​៥៨​។ ក្រោយមក​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន លឹម ពិសុទ្ធ និង អ៊ឹម សំ​អូន បានរួម​ចំណែក​ម្នាក់​១​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​យកឈ្នះ​អាស៊ី​អឺរ៉ុប ៦-០ និង​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​១/៤​ជាមួយ​លទ្ធផល​សរុប ១០-០​។ 
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ គឺមាន​ការ​ស៊ុត​បញ្ចូល​ទី​រហូត​១៣​គ្រាប់ ដែល​គ្រាប់​បាល់​ទាំងនេះ​ជា​របស់​ម្ចាស់ផ្ទះ​បឹងកេត​។ គ្រាប់​បាល់​ទាំងនេះ​រកបាន​ដោយ​ខ្សែប្រយុទ្ធ សៀង ច​ន្ធា ៣​គ្រាប់ ម៉ុ​ន វ៉ាន់ដា ពីរ​គ្រាប់​និង​រួមចំណែក​ម្នាក់​មួយគ្រា​ប់​ពី​កីឡាករ ម៉ាត់ នូ​រុណ​, ហុង ផេង​, ជា វេស​លី​, ឱ ភា​រុណ​, សឿត ណា​វ៉ា​, ហ៊​ត ឈិន​ជិន​, ធឿន ពិសាខ​បូរ​មី និង​ការធ្វើ​ចូល​ទី​ខ្លួន​របស់ ជៀម ម៉​ង់​។ ជ័យជម្នះ​ដ៏​លើសលប់​លើ​សៀមរាប​នេះ ជួយ​ឲ្យ​បឹងកេត​ឡើងទៅ​វគ្គ​បន្ត​ជាមួយ​លទ្ធផល​សរុប ១៨-០​។ 
 
​ដោយឡែក​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្ត​កែប​ក្រុម​កងយោធពល​ខេមរភូមិន្ទ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល ៤-១​។ គ្រាប់​បាល់រ​បស់ទ័ព​រកបាន​ដោយ​កីឡាករ ជា ណា​វ័ន ពីរ​គ្រាប់ និង​រួមចំណែក​ម្នាក់​១​គ្រាប់​ដោយ​កីឡាករ ទូច រ៉ូ​ម៉ា និង ឈឿន ឧ​ត្ត​ម ខណៈ​កីឡាករ ជឿន ណា​ចារ ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ម្ចាស់ផ្ទះ​កែប​។ ទ័ព​ឡើងទៅ​វគ្គ​១/៤​ក្នុង​លទ្ធផល​សរុប ១៤-៣​។ 
 
​បច្ចុប្បន្ន​មាន​ក្រុម​ចំនួន​៧​ហើយ ដែល​បាន​ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ រួមមាន​បឹងកេត ភ្នំពេញ​ក្រោ​ន កងយោធពល​ខេមរភូមិន្ទ ណាហ្គា​វើ​ល ព្រះខ័ន​រាជ​ស្វាយរៀង ព្រៃវែង និង​គីរីវង់​សុខ​សែន​ជ័យ​។ ក្រុម​ដែលជា​បេក្ខភាព​ចុងក្រោយ​អាច​វិសាខា ឬ​ត្បូងឃ្មុំ ខណៈ​ជើង​ទី​១​វិសាខា​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៩-០៕ 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com