COVID-19
អន្តរជាតិ
ក្រុង​ប៉េកាំង ដក​វិធាន​ការពាក់​ម៉ាស់​នៅ​ទីសាធារណៈ ក្រោយ​ករណី COVID-19 ធ្លាក់ចុះ​ទាប​
21, Aug 2020 , 11:59 pm        
រូបភាព
រូបពី៖ Reuters
រូបពី៖ Reuters
ដោយ:
​អាជ្ញាធរ​សុខាភិបាល​ក្នុង​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន បានសម្រេច​ដកហូត​ការតម្រូវ​ឲ្យ​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ​។ នេះ​គឺជា​ការបន្ធូរបន្ថយ​មួយកម្រិត​ទៀត​លើ​ការ​រឹតត្បិត COVID-19 ក្រោយ​ទីក្រុង​នេះ​គ្មាន​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន​១៣​ថ្ងៃ​ជាប់ៗ​។

 
​ទោះ​មានការ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់ COVID-19 ពី​សំណាក់​អាជ្ញាធរ​បែបនេះ ប្រជាជន​មួយចំនួនធំ បាន​បន្ត​ពាក់​ម៉ាស់​ក្នុង​ទីក្រុង ប៉េកាំង នៅ​ថ្ងៃទី ២១ ខែសីហា​។ នេះ​គឺជា​មើលឃើញ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​អ្នកខ្លះ​និយាយថា ម៉ាស់​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​សុវត្ថិភាព ខណៈ​អ្នក​ដទៃទៀត​អះអាងថា សម្ពាធ​សង្គម​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ ក៏​ជា​កត្ដា​មួយ​ផងដែរ​។ ស្ត្រី​អាយុ​២៤​ឆ្នាំ ឈ្មោះថា ឆាវ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​៖«​ខ្ញុំ​គិតថា ខ្ញុំ​អាច​ដោះ​ម៉ា​ស់បាន​គ្រប់ពេលវេលា តែ​ខ្ញុំ​ក៏​ចាំ​អ៊ុត​មើល​ដែរ​ថា​នរណា​ព្រម​ឲ្យ​ខ្ញុំ​ជិត​នោះ​។ ព្រោះ​ខ្ញុំ​ខ្លាច​ថា មនុស្ស នឹងមាន​អារម្មណ៍​ខ្លាចញញើត ប្រសិនបើ​ពួកគេ​ឃើញ​ខ្ញុំ​អត់​ពាក់​ម៉ាស់​»​។​
 
​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​អាជ្ញាធរ​សុខាភិបាល​ទីក្រុង​ប៉េកាំង បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការពាក់​ម៉ាស់​ក្នុង​ទីក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ជាង​២១​លាន​នាក់​នេះ​។ តួយ៉ាង កាលពី​ចុងខែ​មេសា មជ្ឈមណ្ឌល​គ្រប់គ្រង COVID019 របស់​ទីក្រុង​ប៉េកាំង ធ្លាប់បាន​អះអាង​ម្ដង​ដែរ​ថា ពលរដ្ឋ​អាច​ដើរហើរ​ទៅ​ក្រៅ​ដោយ​មិនចាំបាច់​ពាក់​ម៉ាស់​ឡើយ​។​
 
​យ៉ាងណា វិធាន​សុខាភិបាល​នេះ ត្រូវ​បានដាក់​ឡើងវិញ​ក្នុង​ខែមិថុនា ក្រោយ​ទីផ្សារ​លក់​បោះ​ដុំ​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​នេះ ផ្ទុះ​រាលដាល​ករណី COVVID-19 ថ្មី​។ ប្រទេស ចិន បាន​រាយការណ៍​គ្មាន​ករណី​ឆ្លង COVID-19 ក្នុងស្រុក​ចំនួន​៥​ថ្ងៃ​ជាប់​គ្នា​ក្រោយ​គ្រប់គ្រង​ដោយ​ជោគជ័យ​លើ​ការផ្ទុះ​រាលដាល​ក្នុង​ទីក្រុង​ប៉េកាំង ទីក្រុង​Xinjiang និង​ក្រុង​ដទៃទៀត​។ 
 
​ក្រុម​អ្នកជំនាញ​សុខាភិបាល ធ្លាប់បាន​អះអាង គន្លឹះ​ជោគជ័យ​របស់​ប្រទេសមួយ​ក្នុងការ​គ្រប់គ្រង​ជំងឺ​នេះ គឺ​ស្ថិត​លើ​ការដាក់​វិធានការ​រឹតត្បិត ដូចជា ពាក់​ម៉ាស់ ចៀសវាង​ចេញ​ក្រៅ​ផ្ទះ និង​ចូលរួម​ធ្វើតេស្ត COVID-19 ទ្រង់ទ្រាយ​ធំ​។ 
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល​ចិន នៅ​ថ្ងៃទី ២០ ខែសីហា បាន​រាយការណ៍​ករណី​ឆ្លង COVID-19 (​ករណី​នាំចូល​) ចំនួន​២២​ករណី ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ឡើងដល់ ៨៤ ៩១៧​ករណី ។ ក្នុងនោះ អ្នកជំងឺ ៧៩ ៧៩២​នាក់ ជាសះស្បើយ និង​៤៦៣៤​នាក់​បាត់​បង់ជីវិត​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com