COVID-19
អន្តរជាតិ
ពលរដ្ឋថៃប្រតិកម្ម ក្រោយអនុគណៈកម្មាធិការសភាយល់ព្រមឲ្យទិញនាវាមុជទឹក ខណៈប្រទេសជួបវិបត្តិ COVID-19
22, Aug 2020 , 8:29 pm        
រូបភាព
នាវាមុជទឹកធុន​ Yuan-class ដែលថៃទិញពីចិន។ រូបភាព Defense World.Net
នាវាមុជទឹកធុន​ Yuan-class ដែលថៃទិញពីចិន។ រូបភាព Defense World.Net
សមាជិកសភាថៃ នៅថ្ងៃទី២១ ខែសីហា បានអនុម័តគម្រោងទិញនាវាមុជទឹកពីរគ្រឿងពីប្រទេសចិនក្នុងតម្លៃ២២,៥ពាន់លានបាតអំឡុងពេលកិច្ចប្រជុំអនុគណៈកម្មាធិការត្រួតពិនិត្យការចំណាយឆ្នាំ២០២១ ។ ក្រោយការអនុម័តនេះ ពលរដ្ឋនាំគ្នារិះគន់យ៉ាងខ្លាំង ពិសេសនៅលើបណ្ដាញសង្គម ព្រោះការចំណាយលុយដ៏ច្រើនលើសព្វាវុធនេះ ហាក់ផ្ទុយពីស្ថានភាពសេដ្ឋកិច្ចប្រទេស ដែលធ្លាក់ចុះដោយសារវិបត្តិជំងឺ COVID-19 ។

 
អនុគណៈកម្មាធិការលទ្ធកម្ម, ព័ត៌មាន គមនាគមន៍ បច្ចេកវិទ្យា សហគ្រាសរដ្ឋ និងមូលនិធិនៃសភាថៃ បានបោះឆ្នោតដោយសំឡេង៥ទល់៤លើគម្រោងទិញនាវាមុជទឹកចំនួនពីរគ្រឿងពីប្រទេសចិនដែលជាគម្រោងស្ថិតក្រោមថវិកាចំណាយឆ្នាំ២០២១ របស់ទ័ពជើងទឹក។ បើតាមកាសែតថៃ The Nation សមាជិកសភាបក្សប្រឆាំងចំនួន៤រូប បានបោះឆ្នោតប្រឆាំង ហើយសមាជិកសភា៥រូបទៀតមកពីសម្ព័ន្ធភាពកាន់អំណាចបោះឆ្នោតគាំទ្រក្នុងកិច្ចប្រជុំថ្ងៃទី២១ ខែសីហា។
 
ការទិញនាវាមុជទឹកពីរគ្រឿងដោយមួយគ្រឿងមានតម្លៃ១១,២៥ពាន់លានបាត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយអតីតរដ្ឋាភិបាលសឹកថៃក្នុងការទិញនាវាបីគ្រឿង។ នាវាមុជទឹកដំបូង ត្រូវបានទិញនៅឆ្នាំ២០១៧ ហើយត្រូវទទួលនៅឆ្នាំ២០២៤ខាងមុខ។ 
 
បើតាម The Nation ព័ត៌មាននៃការយល់ព្រមលើគម្រោងទិញនាវាមុជទឹក បានសុសសាយពេញបណ្ដាញសង្គមនៅថៃ។ ប្រជាជនថៃជាច្រើន បានបង្ហាញការមិនពេញចិត្តនឹងការទិញនេះ។ ពួកគេរិះគន់សមាជិកសភាដែលគាំទ្រការទិញនាវាមុជទឹកនេះ ថា ខ្ជះខ្ជាយលុយបង់ពន្ធរបស់ប្រជាជន នៅពេលដែលប្រជាជនកំពុងជួបបញ្ហាលំបាកដោយសារ COVID-19 ។ 
 
លើសពីនោះ ប្រជាជនថៃ ក៏នាំគ្នាចែករំលែករូបថតរបស់សមាជិកដែលគាំទ្រគម្រោងទិញនាវាមុជទឹកហើយអំពាវនាវកុំបោះឆ្នោតឲ្យពួកគេនៅអាណត្តិក្រោយ។ សមាជិកសភាទាំង៥ មានលោក Suphol Phong-ngam, Jiradech Srivirat, Kornis Ngamsukolratana មកពីបក្សកម្លាំងប្រជារាស្ត្រ, លោក Siriwan Pratsachaksatthru មកពីបក្សប្រជាធិបតេយ្យ និងលោក Chayuth Phumaganchana របស់បក្សភូមិចៃថៃ។ 
 
យ៉ាងណាមិញ កិច្ចព្រមព្រៀងទិញនេះ នៅមិនទាន់ចូលជាផ្លូវការឡើយ ដោយសភាថៃមិនទាន់អនុម័តលើកញ្ចប់ថវិកាចំណាយឆ្នាំ២០២១ នៅឡើយទេ៕

Tag:
 ថៃ
  COVID-19
  នាវាមុជទឹក
© រក្សាសិទ្ធិដោយ thmeythmey.com