អន្តរជាតិ
វៀតណាម ចាត់ទុកថាការបំពាក់សព្វាវុធធុនធ្ងន់របស់ចិននៅសមុទ្រចិនខាងត្បូង ជាគ្រោះមហន្តរាយសន្តិភាពតំបន់
23, Aug 2020 , 10:59 am        
រូបភាព
ដោយ:
រដ្ឋាភិបាលក្រុងហាណូយ បានប្រតិកម្មខ្លាំងជាថ្មី ហើយថែមទាំងថ្កោលទោស រដ្ឋាភិបាលក្រុងប៉េកាំង ចំពោះសកម្មភាពនៅតំបន់សមុទ្រចិនខាងត្បូង ដែលក្រុងហាណូយ អះអាងថា ជាដែនអធិបតេយ្យរបស់ខ្លួន។ ម្តងនេះ ក្រុងហាណូយ មិនប្រតិកម្មលើការបង្កើតមជ្ឈមណ្ឌលថ្មីទេ តែលើការបំពាក់សព្វាវុធធុនធ្ងន់ នៅក្នុងប្រជុំកោះប៉ារ៉ាស្សែល ដែលក្រុងហាណូយ មើលឃើញថា ជាការគំរាមកំហែងសន្តិសុខក្នុងតំបន់យ៉ាងខ្លាំង។

 
តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Lê Thị Thu Hằng នៅចុងសប្តាហ៍នេះ រដ្ឋាភិបាលវៀតណាម បានថ្កោលទោសរដ្ឋាភិបាលចិន ដែលបានពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្រភេទ Xian H-6 នៅក្នុងតំបន់ប្រជុំកោះ ប៉ារ៉ាស្សែល នៃសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
 
តាមប្រភពព័ត៌មានដដែល នាឱកាសនៃសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Lê Thị Thu Hằng  បានលើកឡើងថា វៀតណាមធ្លាប់ប្រាប់ចិនជាច្រើនលើកមកហើយថា តំបន់ប្រជុំស្ព្រាតលី និងប៉ារ៉ាស្សែល គឺជាផ្នែកមួយនៃដែនអធិបតេយ្យវៀតណាមដែលមិនអាចបំបែកបានឡើយ។ ហើយវៀតណាម មានមូលដ្ឋានគ្រប់គ្រាន់ដើម្បីបង្ហាញ និងជាភស្តុតាង។
 
លោកស្រីអ្នកនាំពាក្យ បានគូសបញ្ជាក់ថា ការពង្រាយសព្វាវុធ និងយន្តហោះប្រយុទ្ធនៅក្នុងតំបន់ប្រជុំកោះប៉ារ៉ាស្សែល មិនត្រឹមតែបំពានដែនអធិបតេយ្យរបស់វៀតណាមប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែ វា គឺជាគំរាមកំហែង និងមហន្តរាយមួយសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ទៀតផង។ អ្នកការទូតជាន់ខ្ពស់វៀតណាមរូបនេះក៏បានទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់បង្ហាញពីការទទួលខុសត្រូវក្នុងការកសាងសន្តិភាព និងស្ថិភាពនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។ 
 
ទោះបីជាអាស៊ាន និងចិន កំពុងតែស្ថិតក្នុងដំណាក់កាលចរចាក្នុងការបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងក៏ដោយ រយៈពេលចុងក្រោយនេះ ភាគីពាក់ព័ន្ធសមុទ្រចិនខាងត្បូង ដែលរួមមានព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ហាក់បង្ហាញជំហរកាន់តែមិនពេញចិត្តទៅកាន់ចិន។ តាមការចុះផ្សាយជាបន្តបន្ទាប់មកនេះ ចិន មិនត្រឹមវាតទី និងបង្កើតមជ្ឈមណ្ឌលរដ្ឋបាលនៅតំបន់ជម្លោះប៉ុណ្ណោះនោះទេ តែថែមទាំងធ្វើយោធូបនីយកម្មកាន់តែសកម្មនៅទីនោះទៀតផង៕ 

Tag:
 វៀតណាម
  ចិន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com