កីឡាជាតិ
ជាតិ
​បឹងកេត​ដណ្តើមបាន​កំពូល​តារាង​ជុំទីមួយ​ពី​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​នាំមុខ​ក្រុម​លេខ​៣ និង​លេខ​៤​ដល់​ទៅ​៩​ពិន្ទុ​
24, Aug 2020 , 10:34 am        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយបឹងកេតនៅកីឡដ្ឋានស្វាយរៀង, រូបភាពពី CNCC
សកម្មភាពប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយបឹងកេតនៅកីឡដ្ឋានស្វាយរៀង, រូបភាពពី CNCC
ដោយ:
​ក្រុមបាល់ទាត់​បឹងកេត​បាន​ឡើងទៅ​ឈរ​កំពូល​តារាង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ក្រោយ​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៤-២ នា​ជំនួប​បញ្ចប់​ជើង​ទី​១​នៅ​ថ្ងៃអាទិត្យ​នេះ​។ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​រំពឹង​អាច​ឈានទៅ​វគ្គ​បន្ត ត្រូវបាន​បាត់បង់​ឱកាស​របស់ខ្លួន បន្ទាប់ពី​ក្រុម​កងយោធពល​ខេមរភូមិន្ទ​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-២​។​

 
​បឹងកេត​បានធ្វើ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្រោម​ការដឹកនាំ​របស់លោក Conor Nestor ស្គាល់​បរាជ័យ​ជា​លើកដំបូង បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៤-២ នា​ជំនួប​ចុងក្រោយ​ក្នុង​ជើង​ទី​១​នៅលើ​ទឹកដី​ស្វាយរៀង នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២៣ ខែសីហា ឆ្នាំ​២០២០​។ បរាជ័យ​នេះ ធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ដែល​បាន​គ្រង​កំពូល​តារាង​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ធ្លាក់​មកឈរ​លេខ​រៀង​ទី​ពីរ ដោយ​រក្សា​៣១​ពិន្ទុ​។ 
 
​ចំណែក​ក្រុម​បឹងកេត​ក្រោម​ការដឹកនាំ​របស់លោក គឹម ភក្តី បាន​ឡើងឈរ​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​១៣ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដោយមាន​៣២​ពិន្ទុ​ជាមួយ​ការរក្សា​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​។ ១២​ប្រកួត​កន្លងមក​រប​ស់​បឹងកេត គឺ​ឈ្នះ​១០ និង​ស្មើ​២​។​
 
​នា​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង រវាង​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​បឹងកេត គ្មាន​គ្រាប់​បាល់​កើតឡើង​នោះទេ​ក្នុង​រយៈពេល​២០​នាទី​ដំបូង​នៃ​តង់​ទី​១ ទោះបី​ក្រុម​ទាំងពីរ​បាន​បង្កើត​ឱកាស និង​វាយបក​ដាក់គ្នា​ទៅវិញទៅមក​ក៏ដោយ​។ ប៉ុន្តែ​បី​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ Gopane Mothusi បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​បឹងកេត ក្រោម​ការបញ្ជូន​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ​។ 


ក្រុមកីឡាករបឹងកេត(អាវស)អបអរក្រោយរកគ្រាប់បាល់បានជូនក្រុម

​ការប្រកួត​កំពុងតែ​មាន​ភាព​តានតឹង ក្រោម​ការដាក់​សម្ពាធ​ពី​ម្ចាស់ផ្ទះ ក្រោយ​ការនាំ​មុខ​របស់​បឹងកេត ត្រូវបាន​រំខាន​ដោយ​ភ្លៀង ហើយ​អាជ្ញាកណ្តាល​បានសម្រេច​ផ្អាក​ការប្រកួត ដើម្បី​រង់ចាំ​ឲ្យ​ភ្លៀង​មាន​ភាព​ស្រាកស្រាន្ត​។ ក្រោយ​ផ្អាក​អស់​រយៈពេល​ជាង​៣០​នាទី ការប្រកួត ក៏បាន​ចាប់ផ្តើម​ឡើងវិញ​ដោយ​បន្ត​ពី​នាទី​ទី​៣១ ត្រង់​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ 
 
​ការប្រកួត​ដំណើរការបាន​៨​នាទី គ្រាប់​បាល់​ទី​ពីរ​សម្រាប់​បឹងកេត​ក៏បាន​កើតឡើង ដែល​រកបាន​ដោយ​កីឡាករ ម៉ាត់ នូ​រុណ តាមរយៈ​ការទា​ត់បាល់​ពិន័យ​(Free Kick) បន្ទាប់ពី​កីឡាករ​ស្វាយរៀង​ធ្វើ​ឲ្យ​កីឡាករ ស្លេះ សេន ដួល​។ ការនាំ​មុខ​ពីរ​គ្រាប់​បានធ្វើ​ឲ្យ​ស្វាយរៀង​ព្យាយាម​ដាក់​សម្ពាធ​និង​បង្កើត​ឱកាស​ទៅលើ​បឹងកេត តែ​នៅតែ​មិនអាច​បំប៉ោង​សំណាញ់​ទី​របស់​បឹងកេត​។ 
 
​ក្រោយមក​នៅ​នាទី​ទី​៤២​គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បានសម្រេច​ផ្លាស់ប្តូរ​កីឡាករ គឺ​ម សុខ​យុទ្ធ ចេញ​ដាក់ជំនួស​ដោយ​ខ្សែប្រយុទ្ធ Jean Privat ដែលជា​អ្នករក​គ្រាប់​បាល់​ដ៏​ឆ្នើម​ប្រចាំ​ក្លិប​។ ក្រោយ​ប្តូរ​ចូល​បាន​១​នាទី​កីឡាករ​រូបនេះ​បាន​បង្កើត​ឱកាស​មាស​ឲ្យ​ម្ចាស់ផ្ទះ​តាមរយៈ​ការបញ្ជូន​បាល់ទាត់​យ៉ាង​ល្អ​ឲ្យ​កីឡាករ Daisuke Kobayashi តែ​ធ្វើ​មិនបាន​សម្រេច​។ ក្រោយមក​នៅ​នាទី​បន្ថែម​ក្នុង​តង់​ទី​១​ខ្សែប្រយុទ្ធ​រូបនេះ បាន​បង្កើត​ឱកាស​មាស​ម្តងទៀត តាមរយៈ​ការញាក់​ដាច់​ខ្សែការពារ ហើយ​នៅ​តទល់​ជាមួយ​អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ តែ​ឱកាស​នេះ​ត្រូវបាន​រំលង ក្រោយ​រូបគេ​ស៊ុត​ចំ​ជើង​អ្នកចាំទី​។​
 
​ឈានដល់​តង់​ទី​ពីរ​ការប្រកួត​ដំណើរការបាន​៤​នាទី​គ្រាប់​បាល់​នាំមុខ ៣-០ សម្រាប់​ភ្ញៀវ​បឹងកេត​ក៏បាន​កើតឡើង ដែល​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា តាមរយៈ​ការ​ស៊ុត​ពី​ចម្ងាយ​ដ៏​អស្ចារ្យ​ក្រោយ​ការបញ្ជូន​របស់​ខ្ស​ប្រយុទ្ធ ម៉ាត់ នូ​រុណ​។ ការនាំ​មុខ​នេះ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​ក្រុម​ភ្ញៀវ រហូត​អាច​រក​គ្រាប់​បាល់​តាម​ពីក្រោយ ១-៣ នៅ​នាទី​៦៦ ដែល​រកបាន​ដោយ​កីឡាករ Kobayashi Daisuke​។ 
 
​យើង​សង្កេតឃើញថា ម្ចាស់ផ្ទះ​ស្វាយរៀង​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​មកលើ​បឹងកេត ក្រោយ​ការរកបាន​គ្រាប់​បាល់​តាម​ពីក្រោយ​របស់​ខ្សែបម្រើ​ជនជាតិ​ជប៉ុន​ខាងលើ​។ នៅក្នុង​ការដាក់​សម្ពាធ​នេះដែរ ក្រុម​កីឡាករ​ម្ចាស់ផ្ទះ​មានឱកាស​ជាច្រើន​ក្នុង​ការរក​គ្រាប់​បាល់​តែ​ធ្វើ​មិនបាន​សម្រេច​។ ឱកាស​រក​គ្រាប់​បាល់​ទី​ពីរ​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង​បានកើត​ឡើង​នៅ​នាទី​ទី​៨៤ ក្រោយ​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ បន្ទាប់ពី​កីឡាករ Kobayashi Daisuke ទាត់​បាល់​ទៅ​ប៉ះ​ដៃ​កីឡាករ ទេស សម្បត្តិ​។ 


កីឡាករ សៀង ចន្ធា ព្យាយាមគ្រប់គ្រងបាល់ពីការដណ្តើមរបស់កីឡាករព្រះខ័នរាជស្វាយរៀង

​ខ្សែប្រយុទ្ធ Jean Marie Privat ជា​អ្នកទទួលបន្ទុក​ក្នុងការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នេះ​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ឱកាស​រក​គ្រាប់​បាល់​តាម​ពីក្រោយ ២-៣ សម្រាប់​ម្ចាស់ផ្ទះ​ត្រូវបាន​ខកខាន ក្រោយ​អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ អាច​សង្គ្រោះ​បាល់​បាន​ក្រោយ​ការទា​ត់របស់​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន​រូបនេះ​។ ឱកាស​មាស​រំលង​មិនបាន​ប៉ុន្មាន​ផង កីឡាករ Privat បានសម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ២-៣ ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​នាទី​ទី​៨៦​។ 
 
​លទ្ធផល​នេះ​ត្រូវបាន​រក្សា​រហូត​ចប់​ការប្រកួត​៩០​នាទី​។ ឈានចូល​ដល់​នាទី​បន្ថែម​ក្នុង​តង់​ទី​ពីរ​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ បា​នរក​គ្រាប់​បាល់​ទី​៤​ឲ្យ​បឹងកេត​យ៉ាង​ស្រួល​នៅ​នាទី​៩០+៨ ក្រោយ​អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ ឡើងទៅ​រង់ចាំតែ​តបាល់​នៅមុខ​ទី​របស់​បឹងកេត ក្រោម​ការលើក​ចេញពី​ជ្រុង​របស់​មិត្ត​រួម​ក្រុម​។ គ្រាប់​បាល់​ទី​ពីរ​របស់​ខ្សែប្រយុទ្ធ​រូបនេះ គឺជា​គ្រាប់​បាល់​ជ័យជម្នះ ៤-២ របស់​បឹងកេត​លើ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​។ 
 
​អង្គ​រថា​យ​ហ្គឹ​រ​រង​ការខកចិត្ត ក្រោយ​កងយោធពល​ខេមរភូមិន្ទ​យកឈ្នះ​អគ្គិសនី​កម្ពុជា​
 
​ជ័យជម្នះ ៤-២ របស់​កងយោធពល​ខេ​រម​ភូមិន្ទ​លើ​ក្រុម​អគ្គិសនី​កម្ពុ​ជានា​ជំនួប​ចុងក្រោយ​ជើង​ទី​១​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ បានធ្វើ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ​រង​ការខកចិត្ត​យ៉ាងខ្លាំង ដ្បិត​ធ្វើ​ឲ្យ​ពួកគេ​អស់​ឱកាស​ឡើងទៅ​វគ្គ​ប្រជែង​ដណ្តើម​ជើងឯក​។ ដំបូង​ឡើយ​អង្គ​រថា​យ​ហ្គឺ​រ​រំពឹងថា ខ្លួន​នឹង​អាចមាន​ឈានទៅ​វគ្គ​បន្ត បើ​អគ្គិសនី​យកឈ្នះ ឬ​បញ្ចប់​លទ្ធផល​ស្មើ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​។​
 
​មុន​ជំនួប​រវាង​ក្រុម​កងយោធពល​ខេមរភូមិន្ទ​ជាមួយ​អគ្គិសនី​កម្ពុជា អង្គ​រថា​យ​ហ្គឺ​រ​ស្ថិតនៅ​លេខ​រៀង​ទី​៦​ជា​តំបន់ ដែល​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)​សម្រេច​ជ្រើសរើស​ឲ្យ​ឡើងទៅ​ប្រកួត​ដណ្តើម​ជើងឯក​នៅ​រដូវ​កាល​នេះ​។ ប៉ុន្តែ​ក្រោយ​កងយោធពល​ខេមរភូមិន្ទ​យកឈ្នះ​អគ្គិសនី​កម្ពុជា ៤-២ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ បាន​ធ្លាក់​មកឈរ​លេខ​៧ ដែលជា​កន្លែង​មិនអាច​បន្ត​ឱកាស​ទៅ​វគ្គ​បន្ត​។ 
 
​ជ័យជម្នះ​ខាងលើ​ជួយ​ឲ្យ​ក្រុម​កងយោធពល​ខេមរភូមិន្ទ​ក្លាយជា​បេក្ខភាព​ចុងក្រោយ ដែល​ទទួលបាន​កៅអី​ឡើងទៅ​ប្រជែង​នៅ​វគ្គ​៦​ក្រុម​ចុងក្រោយ​។ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ កីឡាករ ណា​រ៉ុង កក្កដា បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ម្ចាស់ផ្ទះ​នៅ​នាទី​ទី​២៩ ក្រោយមក​គ្រាប់​បាល់​ទី​ពីរបាន​កើតឡើង​នៅ​នាទី​ទី​៣៦ ដែលជា​ការធ្វើ​ចូល​ទី​ខ្លួនឯង​ដោយ​កីឡាករ ឈឿង វិ​ស៊ី​នុ​។ 
 
​ការប្រកួត​តង់​ទី​ពីរ​ដំណើរការបាន​ពីរ​នាទី​កីឡាករ សារ ទី បា​នរក​គ្រាប់​បាល់​តាម​ពីក្រោយ ១-២ ឲ្យ​អគ្គិសនី​កម្ពុជា មុន​កីឡាករ សៀន សុ​ភ័​ក្ត្រា សម្រេច​គ្រាប់​បាល់​តាម​ស្មើ ២-២ សម្រាប់​ក្រុម​ភ្ញៀវ​នៅ​នាទី​ទី​៥៨​។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ​មាន​ក្តី​រំពឹង​សាជាថ្មី តែ​ក្តី​រំពឹង​នេះ​ត្រូវបាន​បាត់ទៅ​វិញ ក្រោយ​កីឡាករ Romario Reginaldo Alves ទាត់​ប៉េ​ណា​ល់​ទី​បានសម្រេច ដើម្បី​បង្កើន​ការនាំ​មុខ ៣-២ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នៅ​នាទី​៧៤​។ ក្រោយមក​នៅ​នាទី​ទី​៨១​កីឡាករ ណា​រ៉ុង កក្កដា សម្រេចបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន ដើម្បី​នាំ​ជ័យជម្នះ ៤-២ ឲ្យ​ក្រុម​កងយោធពល​ខេមរភូមិន្ទ​។ 


សកម្មភាពប្រកួតរវាងក្រុមកងយោធពលខេមរភូមិន្ទជាមួយក្រុមអគ្គិសនីកម្ពុជានៅកីឡដ្ឋានស្តាតចាស់

​សម្រាប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​អាស៊ី​អឺរ៉ុប​បាន​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-១​។ គ្រាប់​បាល់​ទាំងពីរ​គ្រាប់​របស់​អាស៊ី​អឺរ៉ុប​រកបាន​ដោយ​កីឡាករ សុក ច័ន្ទ​រស្មី និង Abbee Dnjoo Hurber ខណៈ​កីឡាករ Matheus Souza E Silva ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​សូល​ទី​ឡូ​អង្គរ​។​
 
​ចំណាត់់ថ្នាក់​ជើង​ទីមួយ​៖ បឹងកេត (៣២​ពិន្ទុ​), ព្រះខ័ន​រាជ​ស្វាយរៀង (៣១​ពិន្ទុ​), វិសាខា (២៣​ពិន្ទុ​), កងយោធពល​ខេមរភូមិន្ទ (២៣​ពិន្ទុ​), ភ្នំពេញ​ក្រោ​ន (២២​ពិន្ទុ​), ណាហ្គា​វើ​លដ៍ (២២​ពិន្ទុ​), អង្គ​រថា​យ​ហ្គឺ​រ (២១​ពិន្ទុ​), គិរីវង់​សុខ​សែន​ជ័យ (១១​ពិន្ទុ​), អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត (១០​ពិន្ទុ​), អគ្គិសនី​កម្ពុជា (៩​ពិន្ទុ​), នគរបាលជាតិ (៧​ពិន្ទុ​), សូល​ទី​ឡូ​អង្គរ (៧​ពិន្ទុ​) យុវជន​សា​សាបាល​ទាត់​ជាតិ​បាទី (២​ពិន្ទុ​)៕   
 

Tag:
 បាល់ទាត់​
  Cambodian League 2020
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com