ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ឆាប់​អស់កម្លាំង​? កុំ​រំលង​អាហារ​ទាំងនេះ​
24, Aug 2020 , 8:59 pm        
រូបភាព
​កំពុង​ជួបប្រទះ​អាកា​រៈ​អស់កម្លាំង​ជា​ញឹកញយ​មែន​ទេ​? កុំ​បារម្ភ​! ជំនួស​ឱ្យ​ការជ្រើសរើស​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ អ្នក​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ជាមួយ​អាហារ​ធម្មតាៗ​មួយចំនួន​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​ឧស្សាហ៍​មាន​អារម្មណ៍​អស់កម្លាំង ៖

 
១. ឪឡឹក​
 
​អ្នក​អាច​ស្ដារ​ថាមពល​មកវិញ​បាន​យ៉ាង​ឆាប់រហ័ស​ដោយ​គ្រាន់តែ​ទទួលទាន​ឪឡឹក​។ នេះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ដែល​ជួយ​បំពេញ​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​ទប់ស្កាត់​អាកា​រៈ​ខ្សោះ​ជាតិ​ទឹកដោះ​ស្រាយ​បញ្ហា​អស់កម្លាំង​បាន​យ៉ាង​ប្រសើរ​។ ម្យ៉ាងវិញទៀត​ឪឡឹក​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ចិ​ញ្ចឹំ​ម​រួមបញ្ចូល​ទាំង​សារធាតុ lycopene សារធាតុ beta-carotene ជាតិ​ដែក ប៉ូ​តា​ស្យូ​ម និង​វីតាមីន C ដែល​ប្រយុទ្ធប្រឆាំង​អាកា​រៈ​អស់កម្លាំង​។​
 
២. គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់​ធញ្ញជាតិ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​បំ​លែង​ស្ករ​ទៅជា​ថាមពល​។ គ្រាប់​ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​ស​សៃ​ដែល​ជួយ​ឱ្យ​ឆ្អែត​និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៣. យ៉ា​អួរ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត និង​ប្រូ​បាយ​អូ​ទិ​ក​ដែល​សុទ្ធតែ​ជួយ​បំបាត់​អាកា​រៈ​អស់កម្លាំង​។ ការទទួល​ទាន​យ៉ា​អួរ​គឺ​ល្អ​ណាស់ ខណៈដែល​រាងកាយ​អាច​បំបែក ឬ​រំលាយ​អាហារ​នេះ​បាន​លឿន​ជាង​អាហារ​ផ្សេងទៀត​។ ជា​លទ្ធផល​ថាមពល​ក្នុង​រាងកាយ​នឹង​កើនឡើង​ឆាប់រហ័ស​។​
 
៤. គ្រាប់​ល្ពៅ​និង​គ្រាប់​ផ្កាឈូករ័ត្ន​
 
​ជា​ជម្រើស​នៃ​អាហារសម្រន់​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ដែល​ឆាប់​អស់កម្លាំង​។ គ្រាប់ពូជ​ទាំងពីរ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ព្រមទាំង​វីតាមីន B1 B2 B5 និង​វីតាមីន B6​។ ជាតិ​រ៉ែ​សំខាន់​ក្នុង​គ្រាប់​ល្ពៅ​រួមមាន​ទង់ដែង ជាតិ​ដែក ម៉​ង​កា​ណែ​ស ផូស្វ័រ និង​ម៉ាញ៉េ​ស្យូ​ម​។ ការរួម​ផ្សំគ្នា​រវាង​វីតាមីន​និង​ជាតិ​រ៉ែ​ទាំងនេះ​ជួយផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ​ពិសេស​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ បង្កើន​ថាមពល និង​បំបាត់​អាកា​រៈ​អស់កម្លាំង​។​
 
៥. ចេក​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប៉ូ​តា​ស្យូ​ម​ជាតិ​រ៉ែ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​បំ​លែង​ស្ករ​ទៅជា​ថាមពល​។ ចេក​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B វីតាមីន C អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ កាបូ​អ៊ី​ដ្រា​ត និង​ជាតិ​ស​សៃ​ដែល​ជួយ​ដោះស្រាយ​បញ្ហា​ឆាប់​អស់កម្លាំង​គួរឱ្យកត់សម្គាល់​។ ម្យ៉ាងវិញទៀត​ជាតិ​ស្ករ​ក្នុង​ផ្លែ​ចេក​អាច​ផ្ដល់​ថាមពល​ឆាប់រហ័ស​ដល់​រាងកាយ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com