កីឡាអន្តរជាតិ
អន្តរជាតិ
រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ​អ្នកគាំទ្រ PSG ដុតបំផ្លាញ ក្រោយ​ចាញ់ Bayern Munich វគ្គ​ផ្តាច់ព្រ័ត្រ UCL
24, Aug 2020 , 2:26 pm        
រូបភាព
​រថយន្ត​ច្រើន​គ្រឿងក្នុង​ក្រុងប៉ារីស​ត្រូវបាន​អ្នកគាំទ្រ​ដុត​បំផ្លាញចោល​បន្ទាប់ពី Paris Saint-Germain ចាញ់ Bayern Munich ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League ដែល​ធ្វើឡើង​នៅ​ទឹកដី​ព័រ​ទុយ​ហ្គា​ល់​នា​រាត្រី​ថ្ងៃទី​២៣ ខែសីហា​។​


អត្ថបទទាក់ទង
 
 ភាព​រញ៉េរញ៉ៃ​បានកើត​ឡើង​ក្នុង​រដ្ឋធានី​របស់​បារាំង ដោយសារ​ការ​រំជួលចិត្ត​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ PSG នៅពេលដែល​ក្រុម​របស់​ពួកគេ​ទទួលបាន​ត្រឹម​ខកចិត្ត​សម្រាប់​ការ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ក្លិប​ក្នុង​ក្របខណ្ឌ​ពាន​កំពូល​អឺរ៉ុប​។​
 
​អ្នកគាំទ្រ​ក្រុម PSG រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅលើ​ផ្លូវ Champs-Elysees ដើម្បី​ទស្សនា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល ២០១៩-២០ តាមរយៈ​ផ្ទាំងសំពត់ស នៅ​រាត្រី​ថ្ងៃទី​២៣ សីហា​។ នេះ​ជាការ​បង្ហាញខ្លួន​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​របស់​ក្លិប​យក្ស​បារាំង ខណៈ​ក្រុម​ដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ដណ្តើម​យកពាន​នេះ​។​
 
​យ៉ាងណាក៏ដោយ អ្វីៗ​ត្រូវបាន​រលាយ​សាបសូន្យ ដោយសារ​ថ្វី​ជើង​កីឡាករ​សញ្ជាតិ​បារាំង Kingsley Coman ដែល​ប្រើ​ក្បាល​អុក​បាល់​បញ្ចូល​ទី​នៅ​នាទី​៥៩ ពី​ការបញ្ជូន​របស់ Joshua Kimmich ដើម្បី​ជួយ​ក្រុម Bayern Munich យកឈ្នះ PSG ១-០​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកគាំទ្រ PSG យ៉ាងខ្លាំង​រហូត​បា​នប​ង្ក​ជា​ហិង្សា​នៅលើ​ដងផ្លូវ​ភ្លាមៗ​ក្រោយ​ចប់​ការប្រកួត​តែម្តង​។ 


 
​រូបភាព​ដែល​ទទួលបាន​ពី​ក្រុម​អ្នក​ថតរូប​អាជីព Getty Images បង្ហាញ​ពី​ភាពចលាចល​កើតឡើង​បន្ទាប់ពី​ការប្រកួត​ដោយ​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់​រថយន្ត ដែល​ត្រូវ​ដុតបំផ្លាញ​ពី​សំណាក់​អ្នកគាំទ្រ​។ អ្នកគាំទ្រ​ខ្លះទៀត គប់​បំពង់ផ្សែង​នៅលើ​ផ្លូវ Champs-Elysees នោះ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀតផង​។​
 
​ក្រោម​ការវិនិយោគ​រប​ស់​មហាសេដ្ឋី​កាតា PSG អាចឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប​ជា​លើកដំបូង​ចាប់តាំងពី​បង្កើត​ក្លិប​ក្នុង​ឆ្នាំ​១៩៧០​មក​។​
 
​សម្រាប់​ក្រុម Bayern Munich វិញ នេះ​ជាការ​ឈ្នះ​ពាន​អឺរ៉ុប​លំដាប់​ទីមួយ​ជា​លើក​ទី​៦ ក្រុម​យក្ស​អាល្លឺម៉ង់​នេះ ធ្លាប់ជា​ម្ចាស់​ពាន Champions League ៥​លើក​រួចមកហើយ ដោយ​ឈ្នះ​លើកដំបូង​ក្នុង​ឆ្នាំ​១៩៧៤ និង​បន្តបន្ទាប់​ទៀត ឆ្នាំ​១៩៧៥, ឆ្នាំ​១៩៧៦, ឆ្នាំ​២០០១ និង​ឆ្នាំ​២០១៣៕





Tag:
 Paris Saint-Germain
  UEFA Champions League
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com