COVID-19
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ ពន្យារពេល​ការបិទ​ក្រុង Auckland ជា​លើក​ទី​៣ ព្រោះ COVID-19 បន្ត​រាលដាល
24, Aug 2020 , 4:49 pm        
រូបភាព
កន្លែងធ្វើតេស្តCOVID-19 នៅក្នុងទីក្រុង Auckland នូវែលសេឡង់។ រូបភាព៖ AP
កន្លែងធ្វើតេស្តCOVID-19 នៅក្នុងទីក្រុង Auckland នូវែលសេឡង់។ រូបភាព៖ AP
​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ Jacinda Ardern នៅ​ថ្ងៃទី​២៤ ខែសីហា បានប្រកាស​ពន្យារ​រឹតត្បិត​ក្រុង​Auckland ដល់​ថ្ងៃទី​៣០ ខែសីហា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19​។ ការពន្យារពេល​បិទ​ក្រុង Auckland នេះ គឺជា​លើក​ទី​៣​ហើយ បើ​គិត​ចាប់តាំងពី​មាន​ករណី​ផ្ទុះ​COVID-19 នៅក្នុង​ទីក្រុង​មួយ​នេះ​មក​។


​ជា​លើក​ទី​៣ នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ Jacinda Ardern បានប្រកាស ពន្យារពេល​បិទ​ទីក្រុង Auckland ម្តងទៀត ខណៈ​វិធានការ​រឹតត្បិត​កម្រិត​២​នៅ​ទីក្រុង​នេះ នឹង​អស់​សុពលភាព​នៅ​ថ្ងៃទី​២៦ ខែសីហា​ខាងមុខ​។ 
 
​ដោយសារ​ករណី​ឆ្លង​នៅតែ​បន្ត​កើនឡើង លោកស្រី Ardern នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៤ ខែសីហា បាន​លើកឡើងថា នូ​វែ​ល​សេ​ឡង់ នឹង​ពន្យារពេល​រឹតត្បិត​លើ​ទីក្រុង​Auckland ដល់​ថ្ងៃទី​៣០ ខែសីហា​ខាងមុខ​។ 
 
​ក្រោម​វិធាន​រឹតត្បិត​នេះ មុខ​ជំនួញ​មួយចំនួន និង​សាលារៀន​នៅតែ​បន្ត​បិទ​ដដែល​។ ចំណែក​ប្រជាជន​នូ​វែ​ល​សេ​ឡង់ ដែល​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ត្រូវបាន​ស្នើ​ឲ្យ​ពាក់​ម៉ាស់ ដើម្បី​បង្ការ​ករណី​ឆ្លង COVID-19 ។ 
 
​កន្លងមក នូ​វែ​ល​សេ​ឡង់ បាន​ពង្រាយ​កងទ័ព​ប្រមាណ ១២០០​នាក់ នៅក្នុង​ប្រទេស ដើម្បី​ទប់ស្កាត់ COVID-19 ។ ការពង្រាយ​នេះ មាន​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​តាម​ច្រកព្រំដែន​ជាដើម​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ នូ​វែ​ល​សេ​ឡង់ ក៏បាន​លើក​ថ្ងៃ​បោះឆ្នោត​សភា​ផងដែរ​។ ការបោះឆ្នោត​សភា ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ត្រូវ​លើក​ទៅធ្វើ​នៅ​ថ្ងៃទី​១៧ ខែតុលា​វិញ​។ ការសម្រេច​ពន្យារពេល​បោះឆ្នោត​នេះ ធ្វើឡើង​ដោយមាន​ការពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ជាច្រើន និង​គណៈកម្មការ​បោះឆ្នោត​។ ប៉ុន្តែ​លោកស្រី​នាយករដ្ឋមន្ត្រី អះអាងថា នឹងមិន​លើក​ពេល​បោះឆ្នោត​ជាថ្មី​ឡើយ ទោះបីជា​ស្ថិតក្នុង​ស្ថានការណ៍​ណាក៏ដោយ​។​
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៤ ខែសីហា នូ​វែ​ល​សេ​ឡង់ មាន​ករណី​ឆ្លង​COVID-19 ថ្មី​ចំនួន ៩​ករណី​បន្ថែមទៀត​។ តួលេខ​សរុប​របស់​នូ​វែ​ល​សេ​ឡង់ បាន​កើន​ឡើងដល់ ១៦៨៣​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ២២​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ១៥៣៨​នាក់​៕ 

Tag:
 នូ​វែ​ល​សេ​ឡង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com