សម្ដេច ហ៊ុន សែន ជំរុញ​ឱ្យ​ព​ន្លឿ​ន​ដំណើរការ​ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង ដើម្បី​ផលប្រយោជន៍​រួម​
ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ជំរុញ​ឱ្យ​ព​ន្លឿ​ន​ដំណើរការ​ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង ដើម្បី​ផលប្រយោជន៍​រួម​
25, Aug 2020 , 10:42 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ព​ន្លឿ​ន​ដំណើរការ​ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង ដើម្បី​ផលប្រយោជន៍​រួម​។ សម្ដេច​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ ពាក់ព័ន្ធ​នឹង​ការ​«​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​» តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​២៤ សីហា​។​

 
​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុង​បរិបទ​ដែល​កំណើនសេដ្ឋកិច្ច​សក​ល​កំពុង​ធ្លាក់ចុះ ដោយសារ​បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ ការបង្កើត​និង​រក្សា​ឱ្យបាន​នូវ​ប្រភព​កំណើន​ថ្មី​នៅក្នុង​តំបន់ ជា​កត្តាចាំបាច់​បំផុត​ដែល​មិនអាច​ខ្វះ​បាន ដើម្បី​គេចផុត​ពី​វិបត្តិ​។ ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នេះ សម្ដេច ហ៊ុន សែន យល់ឃើញថា មានតែ​ការរៀបចំ​ខ្សែ​ក្រ​វ៉ាត​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង ដើម្បី​ត​ភ្ជាប់​ទៅ​សកលលោក​។​
 
«​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការសម្រេច​ឱ្យបាន​នូវ ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង ដែល​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី​នៃ​កំណើន​សម្រាប់​អនុតំបន់​មេគង្គ​-​ឡាន​ឆាង ក្នុង​ការជំរុញ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ការធ្វើសមាហរណកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៃ​អនុតំបន់​ចូលទៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​សកល​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
​ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល ក៏​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង រយៈពេល​វែង​នៃ​អនុតំបន់​ផងដែរ​។​
 
​ក្នុង​កិច្ចប្រជុំ​នេះ ក៏បាន​អនុម័ត​លើ​សេចក្តីថ្លែងការណ៍​ក្រុង​វៀងចន្ទន៍​នៃ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ និង​បានកត់សម្គាល់​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៨ និង​២០១៩ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​រយៈ​ពេល​ប្រាំ​ឆ្នាំ ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២)​។ នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​សូលី​ត និង​លោក លី ខឹ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន ដែលជា​សហប្រធាន​កិច្ចប្រជុំ​នេះ ក៏បាន​អនុម័ត​លើ​សេចក្តីប្រកាស​ស្តីពី​កិច្ចសហប្រតិបត្តិការ​នៃ​ការធ្វើ​សហកម្ម​រវាង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​ច្រករបៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ថ្មី​តាម​ផ្លូវគោក​-​សមុទ្រ​។​
 
​សម្ដេច ហ៊ុន សែន គាំទ្រ​គ្រប់​វិធាន​ការដែល​មានចែង​ក្នុង​សេចក្តីប្រកាស​របស់​សហ​ប្រធាន ដែល​បានអនុម័ត​នេះ​។ «​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ស្នើឱ្យ​មានការ​ផ្តួចផ្តើម​យន្តការ​តាមដាន និង​វាយតម្លៃ​ច្បាស់លាស់ លើ​ការអនុវត្ត​វិស័យ​អាទិភាព​នីមួយៗ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​ការអនុវត្ត​គម្រោង​ចាប់តាំងពី​ពេលដែល​ដាក់ឱ្យ​ដំណើរការ​នូវ​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​ក្នុង​ឆ្នាំ​២០១៦​មក សំដៅ​នាំមក​នូវ​ការអភិវឌ្ឍ​ជាក់ស្តែង និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន »​។ នេះ​ជា​លើកឡើង​របស់​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា​។​
 
​ថ្នាក់ដឹកនាំ មេគង្គ​-​ឡាន​ឆាង ក៏បាន​ដំឡើង​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​មេគង្គ​-​ឡាន​ឆាង  ទៅជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី និង​ការចែករំលែក​ព័ត៌មាន​ជលសា​ស្ត្រ​នៃ​ទន្លេ​ឡាន​ឆាង​រយៈពេល​ពេញ​មួយឆ្នាំ​របស់​ចិន​ទៀតផង​៕
 

Tag:
 ហ៊ុន សែន​
  មេគង្គ​-​ឡាង​ឆាង​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com